Royal Academy of Cambodia
ចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ អ្នកជំនាញនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី និងអ្នកជំនាញនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីអ្នកជំនាញបច្ចេកទេសផែនទី និងជំនាញបុរាណវិទ្យាមកពីតំបន់អង្គរ បានធ្វើកំណាយស្រាវជ្រាវរករចនាសម្ព័ន្ធឡស្លដែកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
រហូតមកដល់ថ្ងៃនេះក្រុមការងារកំណាយបានធ្វើកំណាយចំនួន២ទីតាំង ដែលទីតាំងទី១ស្ថិតនៅលើទួលសន្លុង (ទួលគំនរអាចម៍ដែក) និងទីតាំងទី២នៅទីរាបដែលជាទីតាំងមនុស្សស្លដែករស់នៅ។
ចំពោះរណ្ដៅកំណាយលើទួលគំនរអាចម៍ដែក ក្រុមការងារបានជីករណ្ដៅកំណាយ ទទឹងប្រវែង ៥ម៉ែត្រ និងបណ្ដោយប្រវែង៦ម៉ែត្រ និងក្នុងជម្រៅ១ម៉ែត្រ។ លទ្ធផលជាបណ្ដោះអាសន្ន យើងបានរកឃើញរចនាសម្ព័ន្ធឡតូចចំនួន២ត្រួតលើគ្នា ដែលឡនេះមានអង្កត់ផ្ចិតបាតប្រវែង៦០សង់ទីម៉ែត្រ។ យើងសន្និដ្ឋានជាបណ្ដោះអាសន្នថា ឡតូចៗទាំងពីរនេះមិនមែនជាប្រភេទឡស្លដែកនោះទេ ព្រោះឡស្លដែកមានទំហំធំ (ទទឹងប្រវែង១ម៉ែត្រ និងបណ្ដោយប្រវែង២ម៉ែត្រ)។ ដោយសារមានរ៉ែស្ពាន់ជាច្រើនដែលត្រូវបានរកឃើញនៅក្នុងរណ្ដៅកំណាយនៅលាយឡំជាមួយអាចម៍ដែក យើងសន្និដ្ឋានថា ឡតូចទាំង២ជាឡស្លស្ពាន់។
កន្លងមក អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិដែលស្រាវជ្រាវក្នុងប្រទេសកម្ពុជាមិនទាន់រកឃើញស្ថានីយឡស្លស្ពាន់នៅឡើយទេ ទោះបីថា ស្ពាន់ត្រូវបានគេយកមកធ្វើជាបដិមាជាច្រើនក្នុងសម័យអង្គរ។ ប្រសិនបើសម្មតិកម្មនេះបង្ហាញថាជាឡស្លស្ពាន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាស្ថានីយទី១ក្នុងប្រទេសកម្ពុជាដែលរកឃើញថា ជាទីតាំងផលិតស្ពាន់ក្នុងសម័យអង្គរចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣។
RAC Media| តាកេត ស័ក្កដា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...
RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news.