Royal Academy of Cambodia
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យតុងហ័រ នៃសាធារណរដ្ឋប្រជាមានិតចិន។ ការចុះអនុស្សរណៈ យោគយល់នោះធ្វើនៅថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់ប្រជុំរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសូមឱ្យភាគីចិនជួយប្រទេសកម្ពុជាលើការអភិវឌ្ឍវិស័យបច្ចេកវិជ្ជា ព្រោះថាប្រទេសចិនក៏ជាប្រទេសមួយដែលមានបច្ចេកវិជ្ជាជឿនលឿន ហើយនៅពេលនេះប្រទេសកម្ពុជាកំពុងតែត្រូវការវិស័យបច្ចេកវិជ្ជានេះដើម្បីជួយដល់ការអភិវឌ្ឍប្រទេស។ យើងបានដឹងថានៅពេលនេះសហរដ្ឋអាម៉េរិក និងប្រទេសចិនកំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលមូលហេតុសំខាន់នៃសង្គ្រាមពាណិជ្ជកម្មនោះ ក៏ព្រោះតែភាពជឿនលឿននៃបច្ចេកវិជ្ជារបស់ចិនផងដែរ។
ឯកឧត្តមបណ្ឌិតក៏បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចនានាក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន សុទ្ធតែបានមើលឃើញពីភាពចាំបាច់និងសារៈសំខាន់របស់អាស៊ាន ហើយប្រទេសមហាអំណាចទាំងនោះ បានប្រើគ្រប់មធ្យោបាយដើម្បីបញ្ច្រាបដែនអំណាច ឬឥទ្ធិពលរបស់ពួកគេមកលើតំបន់អាស៊ាន។ ចំណុចនេះបញ្ជាក់ថា ប្រទេសចិនត្រូវតែមានគោលការណ៍ច្បាស់លាស់ក្នុងការពង្រីកមិត្តភាព ឬដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ព្រោះថា បើសិនជាចិនមិនមានគោលការណ៍ច្បាស់លាស់នោះទេ ប្រទេសនៅក្នុងតំបន់អាស៊ាន និងងាកទៅរកប្រទេសណាដែលមានភាពច្បាស់លាស់ហើយ។
ប្រតិភូសាកលវិទ្យាល័យតុងហ័រ បានកោតសរសើរ និងទទួលយកយោបល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អំពីសារៈសំខាន់របស់តំបន់អាស៊ាន ក៏ដូចជាសារៈសំខាន់របស់កម្ពុជា ហើយបានសន្យាថានឹងជួយឱ្យមានទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងជំនួបនៃពិធីចុះអនុស្សរណៈយោគយល់នោះ ភាគីចិនក៏បានលើកឡើងអំពីការប្រើប្រាស់ថាមពលស្អាត ដែលកើតចេញពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ប្រើប្រាស់នៅក្នុងការអភិវឌ្ឍប្រទេស ហើយសាកលវិទ្យាល័យតុងហ័រនឹងជួយជ្រោមជ្រែងរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការអញ្ជើញមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមក្នុងការបណ្តុះបណ្តាលនៅប្រទេសចិន ការជួយជាជំនួយបច្ចេកទេស និងការអនុវត្តគម្រោងជាក់ស្តែងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាមុន ជាពិសេសភាគីចិនមានបំណងជួយទីជនបទនៃប្រទេសកម្ពុជាមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។
RAC Media
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...