ព័ត៌មាន

ពាក្យថា«ជាតិនិយម» ពលរដ្ឋត្រូវតែបញ្ជាក់ចេញជាសកម្មភាពផ្ទាល់ មិនមែនត្រឹមតែនៅលើបបូរមាត់នោះទេ..

2019-08-29 13:47:42 ថ្ងៃព្រហស្បតិ៍, 29 សីហា 2019 ម៉ោង 08:47 PM
អ្នកមើល 3343
post_detail

ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា» នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ។

ដោយធ្វើការឆ្លើយតបទៅនឹងបញ្ហាធ្លាក់ថ្លៃតម្លៃកសិផលខ្មែរ ដែលនាំឱ្យកសិករដែលខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារមកប្រកបមុខរបរកសិកម្មនេះជួបវិបត្តិបំណុល និងដែលមានមនុស្សមួយចំនួនបានប្រៀបធៀបកសិផលខ្មែរមានតម្លៃថោក បើប្រៀបធៀបនឹងតម្លៃកសិផលប្រទេសជិតខាងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «សូមឱ្យពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់ផលិតផលរបស់ខ្មែរ។ បើយើងមិនរួមគ្នាប្រើប្រាស់ផលិតផលរបស់ខ្មែរទេ យើងមិនអាចធ្វើអ្វីសម្រាប់ខ្មែរបាននោះទេ។»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាឱ្យកត់សម្គាល់និងចងចាំយ៉ាងដូច្នេះថា៖ «មហាសេដ្ឋីកូរ៉េខាងត្បូង គេមកស្រុកខ្មែរ គេផឹក សូជូ (ស្រារបស់កូរ៉េ) គេអត់ផឹកវីស្គីទេ គេមិនផឹក Henessy នោះទេ។ ឯជប៉ុនគេផឹក សាកេ ទោះបីជាគេមានយ៉ាងណាក៏ដោយ។ ហើយប៉ោមរបស់ចិន ដឹកចូលជប៉ុន តម្លៃតែ១ដុល្លារទេ ប៉ុន្តែគេហូបប៉ោមជប៉ុនដែលមានតម្លៃ៤ដុល្លារ។ មោទកភាពជាតិខ្មែរ តើនរណាមួយបកចេកអំបូងញ៉ាំ? តើនរណាមួយផឹកទឹកដូង? បើខ្មែរផឹកទឹកដូងតែម្នាក់១ផ្លែ ក៏១៨លាននាក់ត្រូវការ១៨លានផ្លែដែរ ប៉ុន្តែខ្មែរផឹកអី? Coca Cola, Fanta តើនេះជាមោទកភាពជាតិខ្មែរ?»។

ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នយុវជនខ្មែរបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលឱ្យគេ(បរទេស)ទៅទៀត ដែលគេប្រើពាក្យថា «ក្មេងជំនាន់ក្រោយដែលស៊ីវិល័យ គេផឹកកាហ្វេម៉ាកសញ្ញាបរទេសហើយថតបង្ហាញ» តែគ្មាននរណាម្នាក់ផឹកទឹកដូងរួចថតបង្ហាញថាខ្លួនឯងផឹកទឹកដូងខេត្តកំពត ខ្ញុំហូបទុរេននៅខេត្តនេះ ខ្ញុំហូបក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង។ អត់មាននោះទេ គឺមានតែយួរកាហ្វេគេបង្ហាញ កាន់ហាំប៊ឺហ្គ័របង្ហាញ។ ទាំងអស់នេះហើយ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរទៅកាន់វេទិកាទាំងមូលថា «តើឱ្យយើងជួយដោយរបៀបណា?»។

ជាចុងក្រោយ ចំពោះករណីបញ្ហាធ្លាក់ថ្លៃស្រូវរបស់កម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍ជាគន្លឹះថា «នៅថ្ងៃអនាគត កម្ពុជាមានភាពចាំបាច់ ត្រូវប្រែក្លាយផលិតផលស្រូវរបស់កម្ពុជាឱ្យក្លាយទៅជាផលិតផលសម្រេចចំនួន ៥ប្រភេទផ្សេងៗគ្នាដែលមិនមែនជាស្រូវ ដើម្បីបង្ការចំពោះការធ្លាក់ថ្លៃស្រូវរបស់កម្ពុជា»។ ប្រការនេះ វាទាមទារឱ្យមានការសិក្សាស៊ីជម្រៅ និងកំណត់នូវទស្សនវិស័យបន្ថែម ពិសេសគឺការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាលបន្ថែម និងជាពិសេសការចូលរួមពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការគាំទ្រផលិតផលជាតិ ដើម្បីឱ្យសម្រេចបាននូវគោលបំណងនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន»

នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជ...

2018-10-30 15:57:22   ថ្ងៃអង្គារ, 30 តុលា 2018 ម៉ោង 10:57 PM
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាន«ក្រសួងនិងស្ថាប័នជាច្រើនចូលរួមតាំងពិព័រណ៍ ក្នុងឱកាសសម្ពោធវិមានឈ្នះ-ឈ្នះ» នៅចុងឆ្នាំ២០១៨ខាងមុខ...

គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍...

2018-10-29 09:30:34   ថ្ងៃចន្ទ, 29 តុលា 2018 ម៉ោង 04:30 PM
«គ្រប់មុខទំនិញលើកលែងសព្វាវុធ...»

ដោយ៖ លោកស្រីបណ្ឌិត​ ព្រុំ​ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃ រាជបណ្ឌិត្យសភាកម្ពុជា។ RAC Media

2018-10-29 09:10:49   ថ្ងៃចន្ទ, 29 តុលា 2018 ម៉ោង 04:10 PM
«ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាច...

2018-10-28 07:15:42   ថ្ងៃអាទិត្យ, 28 តុលា 2018 ម៉ោង 02:15 PM
«ក្រសួងមហាផ្ទៃបានបិទគណនីហ្វេសប៊ុកយ៉ាងតិចចំនួន៤ និងបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦»

ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រ...

2018-10-27 16:40:15   ថ្ងៃសៅរ៍, 27 តុលា 2018 ម៉ោង 11:40 PM
«វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍ សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក...»

អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់​ទុកថាជាយុគមាសនៃ​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់​មួយភាគ​ធំនៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដី...

2018-10-27 15:55:45   ថ្ងៃសៅរ៍, 27 តុលា 2018 ម៉ោង 10:55 PM

សេចក្តីប្រកាស