ព័ត៌មាន

ពាក្យថា«ជាតិនិយម» ពលរដ្ឋត្រូវតែបញ្ជាក់ចេញជាសកម្មភាពផ្ទាល់ មិនមែនត្រឹមតែនៅលើបបូរមាត់នោះទេ..

2019-08-29 13:47:42 ថ្ងៃព្រហស្បតិ៍, 29 សីហា 2019, 01:47 PM
post_detail

ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា» នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ។

ដោយធ្វើការឆ្លើយតបទៅនឹងបញ្ហាធ្លាក់ថ្លៃតម្លៃកសិផលខ្មែរ ដែលនាំឱ្យកសិករដែលខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារមកប្រកបមុខរបរកសិកម្មនេះជួបវិបត្តិបំណុល និងដែលមានមនុស្សមួយចំនួនបានប្រៀបធៀបកសិផលខ្មែរមានតម្លៃថោក បើប្រៀបធៀបនឹងតម្លៃកសិផលប្រទេសជិតខាងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «សូមឱ្យពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់ផលិតផលរបស់ខ្មែរ។ បើយើងមិនរួមគ្នាប្រើប្រាស់ផលិតផលរបស់ខ្មែរទេ យើងមិនអាចធ្វើអ្វីសម្រាប់ខ្មែរបាននោះទេ។»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាឱ្យកត់សម្គាល់និងចងចាំយ៉ាងដូច្នេះថា៖ «មហាសេដ្ឋីកូរ៉េខាងត្បូង គេមកស្រុកខ្មែរ គេផឹក សូជូ (ស្រារបស់កូរ៉េ) គេអត់ផឹកវីស្គីទេ គេមិនផឹក Henessy នោះទេ។ ឯជប៉ុនគេផឹក សាកេ ទោះបីជាគេមានយ៉ាងណាក៏ដោយ។ ហើយប៉ោមរបស់ចិន ដឹកចូលជប៉ុន តម្លៃតែ១ដុល្លារទេ ប៉ុន្តែគេហូបប៉ោមជប៉ុនដែលមានតម្លៃ៤ដុល្លារ។ មោទកភាពជាតិខ្មែរ តើនរណាមួយបកចេកអំបូងញ៉ាំ? តើនរណាមួយផឹកទឹកដូង? បើខ្មែរផឹកទឹកដូងតែម្នាក់១ផ្លែ ក៏១៨លាននាក់ត្រូវការ១៨លានផ្លែដែរ ប៉ុន្តែខ្មែរផឹកអី? Coca Cola, Fanta តើនេះជាមោទកភាពជាតិខ្មែរ?»។

ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នយុវជនខ្មែរបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលឱ្យគេ(បរទេស)ទៅទៀត ដែលគេប្រើពាក្យថា «ក្មេងជំនាន់ក្រោយដែលស៊ីវិល័យ គេផឹកកាហ្វេម៉ាកសញ្ញាបរទេសហើយថតបង្ហាញ» តែគ្មាននរណាម្នាក់ផឹកទឹកដូងរួចថតបង្ហាញថាខ្លួនឯងផឹកទឹកដូងខេត្តកំពត ខ្ញុំហូបទុរេននៅខេត្តនេះ ខ្ញុំហូបក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង។ អត់មាននោះទេ គឺមានតែយួរកាហ្វេគេបង្ហាញ កាន់ហាំប៊ឺហ្គ័របង្ហាញ។ ទាំងអស់នេះហើយ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរទៅកាន់វេទិកាទាំងមូលថា «តើឱ្យយើងជួយដោយរបៀបណា?»។

ជាចុងក្រោយ ចំពោះករណីបញ្ហាធ្លាក់ថ្លៃស្រូវរបស់កម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍ជាគន្លឹះថា «នៅថ្ងៃអនាគត កម្ពុជាមានភាពចាំបាច់ ត្រូវប្រែក្លាយផលិតផលស្រូវរបស់កម្ពុជាឱ្យក្លាយទៅជាផលិតផលសម្រេចចំនួន ៥ប្រភេទផ្សេងៗគ្នាដែលមិនមែនជាស្រូវ ដើម្បីបង្ការចំពោះការធ្លាក់ថ្លៃស្រូវរបស់កម្ពុជា»។ ប្រការនេះ វាទាមទារឱ្យមានការសិក្សាស៊ីជម្រៅ និងកំណត់នូវទស្សនវិស័យបន្ថែម ពិសេសគឺការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាលបន្ថែម និងជាពិសេសការចូលរួមពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការគាំទ្រផលិតផលជាតិ ដើម្បីឱ្យសម្រេចបាននូវគោលបំណងនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម...»

វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...

2018-11-27 11:58:42   Tue, 27,11,2018, 11:58 AM
«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំ...

2018-11-27 11:04:53   Tue, 27,11,2018, 11:04 AM
«របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅ ឆ្នាំ២០១៩ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...

2018-11-27 07:55:39   Tue, 27,11,2018, 07:55 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យា...

2018-11-27 04:02:21   Tue, 27,11,2018, 04:02 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ​ប្រធា...

2018-11-27 03:29:34   Tue, 27,11,2018, 03:29 AM
«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

2018-11-26 15:50:44   Mon, 26,11,2018, 03:50 PM

សេចក្តីប្រកាស