ព័ត៌មាន

ពាក្យថា«ជាតិនិយម» ពលរដ្ឋត្រូវតែបញ្ជាក់ចេញជាសកម្មភាពផ្ទាល់ មិនមែនត្រឹមតែនៅលើបបូរមាត់នោះទេ..

2019-08-29 13:47:42 ថ្ងៃព្រហស្បតិ៍, 29 សីហា 2019 ម៉ោង 08:47 PM
អ្នកមើល 3447
post_detail

ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា» នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ។

ដោយធ្វើការឆ្លើយតបទៅនឹងបញ្ហាធ្លាក់ថ្លៃតម្លៃកសិផលខ្មែរ ដែលនាំឱ្យកសិករដែលខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារមកប្រកបមុខរបរកសិកម្មនេះជួបវិបត្តិបំណុល និងដែលមានមនុស្សមួយចំនួនបានប្រៀបធៀបកសិផលខ្មែរមានតម្លៃថោក បើប្រៀបធៀបនឹងតម្លៃកសិផលប្រទេសជិតខាងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «សូមឱ្យពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់ផលិតផលរបស់ខ្មែរ។ បើយើងមិនរួមគ្នាប្រើប្រាស់ផលិតផលរបស់ខ្មែរទេ យើងមិនអាចធ្វើអ្វីសម្រាប់ខ្មែរបាននោះទេ។»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាឱ្យកត់សម្គាល់និងចងចាំយ៉ាងដូច្នេះថា៖ «មហាសេដ្ឋីកូរ៉េខាងត្បូង គេមកស្រុកខ្មែរ គេផឹក សូជូ (ស្រារបស់កូរ៉េ) គេអត់ផឹកវីស្គីទេ គេមិនផឹក Henessy នោះទេ។ ឯជប៉ុនគេផឹក សាកេ ទោះបីជាគេមានយ៉ាងណាក៏ដោយ។ ហើយប៉ោមរបស់ចិន ដឹកចូលជប៉ុន តម្លៃតែ១ដុល្លារទេ ប៉ុន្តែគេហូបប៉ោមជប៉ុនដែលមានតម្លៃ៤ដុល្លារ។ មោទកភាពជាតិខ្មែរ តើនរណាមួយបកចេកអំបូងញ៉ាំ? តើនរណាមួយផឹកទឹកដូង? បើខ្មែរផឹកទឹកដូងតែម្នាក់១ផ្លែ ក៏១៨លាននាក់ត្រូវការ១៨លានផ្លែដែរ ប៉ុន្តែខ្មែរផឹកអី? Coca Cola, Fanta តើនេះជាមោទកភាពជាតិខ្មែរ?»។

ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នយុវជនខ្មែរបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលឱ្យគេ(បរទេស)ទៅទៀត ដែលគេប្រើពាក្យថា «ក្មេងជំនាន់ក្រោយដែលស៊ីវិល័យ គេផឹកកាហ្វេម៉ាកសញ្ញាបរទេសហើយថតបង្ហាញ» តែគ្មាននរណាម្នាក់ផឹកទឹកដូងរួចថតបង្ហាញថាខ្លួនឯងផឹកទឹកដូងខេត្តកំពត ខ្ញុំហូបទុរេននៅខេត្តនេះ ខ្ញុំហូបក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង។ អត់មាននោះទេ គឺមានតែយួរកាហ្វេគេបង្ហាញ កាន់ហាំប៊ឺហ្គ័របង្ហាញ។ ទាំងអស់នេះហើយ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរទៅកាន់វេទិកាទាំងមូលថា «តើឱ្យយើងជួយដោយរបៀបណា?»។

ជាចុងក្រោយ ចំពោះករណីបញ្ហាធ្លាក់ថ្លៃស្រូវរបស់កម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍ជាគន្លឹះថា «នៅថ្ងៃអនាគត កម្ពុជាមានភាពចាំបាច់ ត្រូវប្រែក្លាយផលិតផលស្រូវរបស់កម្ពុជាឱ្យក្លាយទៅជាផលិតផលសម្រេចចំនួន ៥ប្រភេទផ្សេងៗគ្នាដែលមិនមែនជាស្រូវ ដើម្បីបង្ការចំពោះការធ្លាក់ថ្លៃស្រូវរបស់កម្ពុជា»។ ប្រការនេះ វាទាមទារឱ្យមានការសិក្សាស៊ីជម្រៅ និងកំណត់នូវទស្សនវិស័យបន្ថែម ពិសេសគឺការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាលបន្ថែម និងជាពិសេសការចូលរួមពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការគាំទ្រផលិតផលជាតិ ដើម្បីឱ្យសម្រេចបាននូវគោលបំណងនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»

កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...

2019-03-18 11:22:29   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:22 PM
«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»

ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...

2019-03-18 11:01:44   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:01 PM
«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់កា...

2019-03-18 10:22:35   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:22 PM
«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា  លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...

2019-03-18 10:13:05   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:13 PM
«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ...

2019-03-18 09:51:08   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 04:51 PM
«ប្រវត្តិលេខសូន្យ (A History of Zero)» ស្រាវជ្រាវដោយ៖ លោក យឹម​អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ

តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...

2019-03-18 05:25:18   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 12:25 PM

សេចក្តីប្រកាស