Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រព្រឹត្តឡើងនៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបកស្រាយអំពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលដែលតាមរយៈរបាយការណ៍របស់ខ្លួន បានចេញផ្សាយដោយវាយតម្លៃនិងធ្វើការសន្និដ្ឋានថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានធ្វើឱ្យប្រជាជនកម្ពុជារងគ្រោះបាត់បង់ដីធ្លី ថាជាការលើកឡើងដោយខ្វះការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៣ គេបានឮពាក្យដែលអ្នកនយោបាយខ្សឹបតៗគ្នាប្រាប់ប្រជាជនថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ គឺជារបស់រដ្ឋ ហើយនៅពេលដែលគេឈ្នះឆ្នោត គេនឹងជួយសងបំណុលឱ្យប្រជាជន» ដែលនេះគឺជាការឃោសនាបែបកេងចំណេញនយោបាយ ដោយបង្កើតរលកនយោបាយនៅកម្ពុជា។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលថ្មីៗនេះ បញ្ហាប្រឈមដែលប្រជាជនមួយចំនួនតូចបានធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក រហូតដល់ប្រជាជនខ្លះត្រូវបាត់បង់ដីធ្លី ត្រូវបានមនុស្សមួយក្រុមដែលមាននិន្នាការនយោបាយ យកធ្វើជាឧបករណ៍សម្រាប់បង្កើតរលកនយោបាយ។
បើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដំណាក់កាលទីពីរ ទៅលើស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជា របស់ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញថាប្រជាជនខ្លះបានខ្ចីថវិកាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅប្រកបរបរកសិកម្ម ប៉ុន្តែបែរជាបានយកថវិកាទៅប្រើប្រាស់ខុសពីគោលដៅទៅវិញ ហើយលទ្ធផលគឺដូចអ្វីដែលមីក្រូហិរញ្ញវត្ថុបានលើកឡើងគឺមានកម្ចីខូចតែ១%ប៉ុណ្ណោះ ចំណែកឯការប្រាក់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់យកពីពលរដ្ឋ គឺមិនខុសពីអ្វីដែលរដ្ឋបានដាក់ពិដានការប្រាក់នោះទេ ដោយមានករណីមួយចំនួនតូចប៉ុណ្ណោះដែលលើសពិដានក្នុងទំហំតិចតួច។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា គេមិនត្រូវយកករណីមនុស្សត្រឹមតែ២៨នាក់ មកធ្វើការវាយតម្លៃនិងសន្និដ្ឋាននោះទេ គេត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅនិងលម្អិតបន្ថែមទៀត ប្រសិនបើអ្នកខ្ចីដែលបរាជ័យមានត្រឹមតែ១% នោះគេមិនអាចវាយតម្លៃលើវិស័យមីក្រូហិរញ្ញវត្ថុបាននោះទេ ប៉ុន្តែប្រសិនបើពលរដ្ឋជាអតិថិជនមានបញ្ហាលើសពី៥០% នោះវាទើបជាបញ្ហា ហើយក្នុងករណីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែធ្វើការពិចារណា ព្រោះប្រសិនបើប្រជាជនជាអតិថិជនជួបប្រទះនឹងបញ្ហាជីវភាព នោះវាគឺជាបញ្ហាដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះត្រូវប្រឈមផងដែរ។
ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានបកស្រាយអំពី ហេតុផលសំខាន់ៗ ដែលនាំឱ្យប្រជាពលរដ្ឋមួយចំនួនតូចខកខានមិនអាចមានលទ្ធភាពសងបំណុលទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវបាត់បង់ទ្រព្យសម្បត្តិដូចខាងក្រោម៖
- ប្រជាជនមួយចំនួនបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ដោយមិនមើលលទ្ធភាពចំណូលក្នុងការសង និងបានខ្ចីយកទៅប្រើប្រាស់ខុសគោលដៅដែលបានដាក់ស្នើសុំកម្ចី
- បញ្ហាធម្មជាតិ ដូចជាគ្រោះរាំងស្ងួត
- ប្រភពកម្ចីក្រៅប្រព័ន្ធ
- ពលរដ្ឋខ្វះជំនាញ ហើយផលិតផលខ្វះទីផ្សារ
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ក្រុមស្រាវជា្រវនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវដោយស៊ីជម្រៅទៅលើបញ្ហាមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយបានសិក្សាទៅលើប្រជាជនដែលជាអ្នកជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣ពាន់នាក់ ហើយបានរកឃើញនូវបញ្ហាប្រឈម និងដាក់ជូននូវធាតុចូលនានាជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទីមួយរួចម្ដងមកហើយ។ បច្ចុប្បន្ន ក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងសិក្សាស្រាវជ្រាវដំណាក់កាលទីពីរបន្ថែមទៀត ដើម្បីតាមដានស្ថានភាពដំណើរប្រព្រឹត្តទៅនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកំណត់បន្ថែមនូវបញ្ហាប្រឈម និងយុទ្ធសាស្ត្រក្នុងជំរុញឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានដំណើរការកាន់តែប្រសើរដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ៕
RAC Media
លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអា...
វាគ្មិន៖ លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន លោក SHI Weiwei បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុង...
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្...
សន្និសីទអន្តរជាតិនេះ ដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀប ចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្រពីគ្នាទ...
នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ ន...