ព័ត៌មាន

ការបិទបាំងព័ត៌មានមិនល្អ មិនអាចជួយសេដ្ឋកិច្ចចិនទេ ដោយ៖ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន

2019-08-19 08:37:49 ថ្ងៃច័ន្ទ, 19 សីហា 2019, 08:37 AM
post_detail

(រូបភាពពី Asian Nikkei Review)

Asiannikkei បានចុះផ្សាយ ៧ សីហា ២០១៩ ថាការបិទសិទ្ធិសេរីភាពព័ត៌មាន នឹងមិនអាចជួយសេដ្ឋកិច្ចចិនបានទេ ដោយអះអាងថា សេដ្ឋកិច្ចត្រូវការព័ត៌មានត្រឹមត្រូវច្បាស់លាស់។ ក្នុងអត្ថបទដែលបានចុះផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ដែលត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយរដ្ឋាភិបានចិនបានចុះផ្សាយពីវឌ្ឍនកិច្ចរបស់សេដ្ឋកិច្ចចិន ដែលផ្ទុយពីតថភាពបច្ចុប្បន្ន ដែលប្រទេសចិនកំពុងប្រឈមនឹង សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉រិក ដែលបណ្តាលកំណើនសេដ្ឋកិច្ចចិនកំពុងថយចុះ។

បើយើងនិយាយអំពីព័ត៌មានក្នុងសេដ្ឋកិច្ច អ្នកប្រាជ្ញសេដ្ឋកិច្ច ដូចជា Stiglitz និង Akerlof ជាអ្នកដែលបង្ហាញពីទ្រឹស្តីភាពមិនស៊ីសង្វាក់នៃព័ត៌មាន (Information Asymmetry) រវាងអ្នកលក់និងអ្នកទិញក្នុងទីផ្សារសេដ្ឋកិច្ច។ Akerlof បានបកស្រាយថា អ្នកទិញមិនអាចដឹងពីគុណភាពរបស់ឡាន១ទឹក (Lemon Car) ដូចនេះគាត់អាចចាញ់បោកអ្នកលក់។ ដោយសារហេតុនេះ Adverse selection បាន បណ្តាលឱ្យខូចឈ្មោះដល់អ្នកលក់ឡានគុណភាពល្អត្រឹមត្រូវ និងជាចុងក្រោយនឹងធ្វើឱ្យរលំទីផ្សារតែ ម្តង។ តើការបិទបាំងពីព័ត៌មានពីសង្គ្រាមពាណិជ្ជកម្មរបស់សារព័ត៌មានចិន នឹងធ្វើឱ្យសេដ្ឋកិច្ចចិនរលំដែរឬទេ?

វាហាក់ដូចជាចម្លែកក្នុងការសួរសំណួរខាងលើ។ ប៉ុន្តែប្រធានបទត្រូវបានលើកដោយ Asiannikkei។ ការវិភាគ បានឱ្យដឹងថា សេដ្ឋកិច្ចនឹងថយ ១% ពីសង្គ្រាមពាណិជ្ជកម្ម និងមិនបណ្តាលឱ្យប៉ះពាល់ដល់ទម្រង់សេដ្ឋកិច្ចណាមួយរបស់ចិនឡើយ។ យើងឃើញថា Demand Side របស់សេដ្ឋកិច្ចមាន ការប្រើប្រាស់ វិនិយោគ ចំណាយរដ្ឋាភិបាល ការនាំចេញ ដកការនាំចូល។ ទីផ្សាររបស់ទំនិញចិនមិនមានតែសហរដ្ឋអាម៉េរិតែមួយនោះទេ គឺមានសហភាពអឺរ៉ុប ជាពិសេស រុស្ស៊ី អាស៊ាន និងតម្រូវការក្នុងស្រុករបស់ប្រទេសចិនតែម្តង។

ជាទូទៅសារព័ត៌មាន មានតួនាទីផ្តល់ព័ត៌មានណាដែលល្អ មានប្រយោជន៍ និងមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ និងមិនមែនជាការញុះញង់។ សារព័ត៌មានក៏ត្រូវមានសីលធម៌វិជ្ជាជីវៈ ត្រូវគោរពច្បាប់សារព័ត៌មាន គោរពអាជ្ញាធ័រ ដូចជា ក្រសួងព័ត៌មាន ជាដើម។ ដូចនេះការគ្រប់គ្រងការផ្សាយព័ត៌មានរបស់ចិន មិនមែនជារឿងហួសហេតុនោះទេ។ ការផ្សាយពីវឌ្ឍនកិច្ចរបស់សេដ្ឋកិច្ចជារឿងដែលគួរផ្សាយ ជាជាងការផ្សាយពីការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក។

ព័ត៌មានសេដ្ឋកិច្ច ដែលទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មមានតែការដាក់ពន្ធលើមុខទំនិញ។ ចំពោះព័ត៌មានដែលអ្នកប្រាជ្ញ Akerlof បានលើកឡើង គឺទាក់ទងគុណភាពទំនិញ និងតម្លៃទំនិញ។

ចំពោះការដាក់ពន្ធទំនិញដែលនាំចូលពីចិនរបស់សហរដ្ឋអាម៉េរិក ក៏នឹងត្រូវប៉ះពាល់ដល់ប្រទេសផ្សេងៗទៀតដែលជា Supply Chain ជាមួយចិន ដែលបានផលិត Spare part ដែលយកមកផលិតនៅ ចិន។

ប្រទេសចិននឹងលក់ Treasury Bond របស់អាម៉េរិកចោលក្នុងតម្លៃថោក នឹងធ្វើឱ្យ Bond អាម៉េរិកចុះថោក។ កាលណាតម្លៃ Bond ចុះថោក នោះអត្រាការប្រាក់នឹងកើនឡើង។ អត្រាការប្រាក់ Bond របស់អាម៉េរិកជាអត្រាការប្រាក់គោលសម្រាប់ធៀបអត្រាការប្រាក់ ដូចជា Mortgage interest rate និង Saving Rate។

ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ថា សង្គ្រាមពាណិជ្ជកម្ម កើតឡើងដោយសារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ប៉ុន្តែលើសពីនេះ វាគឺជាវិវាទនៃមនោគមវិជ្ជា សេរីនិយម និងកុម្មុយនីស្ត ដែលនៅតែប្រកាន់ ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ទៅហើយនោះ។ មនោគមវិជ្ជាជារឿងសំខាន់ ដែលទាក់ទង នឹងការគ្រប់គ្រងរដ្ឋ ការគ្រប់គ្រងសេដ្ឋកិច្ច និងការទូត។ ក្រុមលោកសេរី មានសហរដ្ឋអាម៉េរិក និងប្រទេសអឺរ៉ុប ដូចជា អង់គ្លេស ជាដើម។ ក្រុមលោកកុម្មុយនីស្ត មានចិន រុស្ស៊ី និងប្រទេសធ្លាប់ជាប្រទេសកាន់របបសង្គមនិយម និងកម្មុយនីស្ត។ ប៉ុន្តែក្នុងរបបបរិបទថ្មី ប្រទេសសេរីមិនសន្មតថា សេរីទាំងស្រុង កុម្មុយនីស្ត មិនសន្មតថាកុម្មុយនីស្តទាំងស្រុង ដូចជា ប្រទេសចិនបានកាន់របបសេដ្ឋកិច្ចទីផ្សារសេរី។ ដោយសារមនោគមវិជ្ជាសេរី មិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់កុម្មុយនីស្ត បានធ្វើឱ្យហុងកុងធ្វើបាតុកម្មមិនឈប់ឈរ។

ការគ្រប់គ្រងប្រទេសបែបសេរី មិនមែនសុទ្ធតែល្អ ឬការគ្រប់គ្រងបែបកុម្មុយនីស្តសុទ្ធតែមិនល្អនោះទេ គឺអាស្រ័យទៅតាមស្ថានភាពរបស់ប្រទេសនីមួយៗ។ ដោយសារមនោគមវិជ្ជា បានបែងចែកពិភពលោកឱ្យប្រឈមមុខដាក់គ្នា។ ប្រទេសតូចៗត្រូវការពឹងផ្អែកមហាអំណាច ដើម្បីបានការគាំទ្រសេដ្ឋកិច្ច ជាពិសេសការគាំទ្រនយោបាយក្នុងឆាកអន្តរជាតិ។

ចិនបានផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងវិថី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក បែរជាការគម្រាមកំហែង និងការព្រួយបារម្ភដល់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកប្រហែលជាមិនចង់បាត់បង់ កិត្យានុភាព ជាមហាអំណាចសេដ្ឋកិច្ចទី១ ពិភពលោក។ ខ្ញុំគិតថា ថ្ងៃអនាគត ចិននឹងក្លាយជាទីផ្សាររបស់ពិភពលោក ដែលសព្វថ្ងៃចិនមានឈ្មោះថា ជារោងចក្រពិភពលោក ដែលអាម៉េរិកជាទីផ្សារពិភពលោក។ ប៉ុន្តែសកម្មភាពលោក ត្រាំ ដែលមានគោលនយោបាយ (American First) បានទាមទារ៧ឬ៨ ចំណុច ដូចជា កម្មសិទ្ធិបញ្ញា ការកែប្រែអត្រាប្តូរប្រាក់ ជាការទាមទារយ៉ាងច្រើន ដែលចិនពិបាកទទួលយក។ តាមពិតទៅសហរដ្ឋអាម៉េរិកចង់បង្អាក់ដំណើរការរីកចម្រើនរបស់ចិន ដែលសហរដ្ឋអាម៉េរិកកំពុងថមថយសេដ្ឋកិច្ច។

នយោបាយកម្ពុជាងាកទៅចិន ជារឿងដែលសមស្របតាមស្ថានភាពជាក់ស្តែង ទោះបីមិនមានការពេញចិត្តពីពួកលោកសេរី មានសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។ អឺរ៉ុបកំពុងពិចារណាដក EBA នេះគ្រាន់តែជាអ្វី ដែលលោកសេរីចង់បង្ហាញការមិនពេញចិត្តរបស់ខ្លួនចំពោះនយោបាយកម្ពុជា។ ការដក EBA ជារឿងមិនធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ដោយកម្ពុជាធ្លាប់ឆ្លងកាត់ព្យុះសង្ឃរាជាច្រើនមកហើយ។ កម្ពុជាមិនត្រូវរស់ដោយពឹងគេរហូតនោះទេ។

ពិភពលោកនឹងមិនមានស្ថិរភាព ដោយសារតែមនុស្សតែងតែលាបពណ៌គា្ន ដោយសារតែការគិតផលប្រយោជន៍ និងការគំរាមកំហែង៕ 

ប្រភពព័ត៌មាន៖ Asian Nikkei Review: https://asia.nikkei.com/Opinion/Silencing-bad-news-won-t-help-China-s-economy


អត្ថបទទាក់ទង

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី៤) អត្ថបទដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរំឭកថានៅក្នុងភាគទី១ យើងបានបង្ហាញអំពីកិច្ចសហការបារាំង-ខ្មែរខាងកងទ័ពជើងគោកនៅចុងសតវត្សរ៍ទី១៩ និងក្នុងសង្គ្រាមលោកលើកទី១ ដែលមានយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តខ្មែរជាច្រើនរយនាក់ ឱ្យទៅជួយច្បាំងនៅប្រទេ...

2019-03-11 04:10:28   Mon, 11,03,2019, 04:10 AM
ទោសប្រហារជីវិត៖ ប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ការវិភាគរបស់អ្នកវិភាគ៣រូប

ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ ក្រោយពីទទួលបានការផ្ដល់ជាមតិជាច្រើនទាក់ទងទៅនឹងបំណងធ្វើប្រជាមតិដើម្បីសម្រេចថា តើគួរមានច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភសេពសន្ថវៈលើសាច់ញាតិរបស់ខ្លួនដែរឬទេនោ...

2019-03-11 04:10:26   Mon, 11,03,2019, 04:10 AM
«រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញពីរបកគំហើញសិលាចារឹកថ្មីមួយនៅវត្តពោធិមុនី»

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាពីសិលាចារឹកថ្មីមួយដោយផ្ទាល់នៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស...

2019-03-11 03:19:19   Mon, 11,03,2019, 03:19 AM
«សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងអំពីលទ្ធភាពដែលកម្ពុជាគួរមានទោសប្រហារជីវិត»

ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោ...

2019-03-10 07:09:24   Sun, 10,03,2019, 07:09 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន 0៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០២ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត កាលពីថ្ងៃអង្គារ ៥រោច ខ...

2019-03-08 07:05:09   Fri, 08,03,2019, 07:05 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ១កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​​ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្...

2019-03-07 14:04:36   Thu, 07,03,2019, 02:04 PM

សេចក្តីប្រកាស