ព័ត៌មាន

«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ [...] អាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន‍»

2019-08-08 04:33:19 ថ្ងៃព្រហស្បតិ៍, 08 សីហា 2019 ម៉ោង 11:33 AM
អ្នកមើល 2989
post_detail

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន»។

ភ្នំពេញ៖ «ប្រទេសក្នុងទ្វីបអាស៊ី មិនត្រូវផ្ញើជោគវាសនារបស់ខ្លួននៅលើប្រទេសណាមួយនោះទេ គឺត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន» នេះជាឃ្លាដែលឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើង ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទអន្តរជាតិ ស្ដីពី «កម្ពុជានិងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក» រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងគោលគំនិត «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ឯកឧត្ដមបណ្ឌិតលើកឡើងថា វាជាគោលគំនិតរបស់អាស៊ាន ពោលគឺប្រទេសឥណ្ឌូនេស៊ី ដែលតែងតែបានលើកឡើងជាញឹកញាប់ ហើយបច្ចុប្បន្ន គំនិតនេះបានក្លាយទៅជាផ្លូវការ ដូចដែលឃើញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅប្រទេសថៃ ដែលបានលើកឡើងអំពីទស្សនៈវិស័យអាស៊ានចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។

ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់បន្ថែមថា ប្រទេសនៅអាស៊ីគួរតែលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងតំបន់ ព្រោះថា ប្រទេសជាសមាជិកទាំង១០ នៃអាស៊ានរួមជាមួយនឹងប្រទេស៦ (ប្រាំមួយ) ផ្សេងទៀត ដែលមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ បានព្រមព្រៀងគ្នារួចហើយក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ដែលចំណុចនេះអាចបញ្ជាក់បានថា ប្រទេសអាស៊ានទាំងអស់ ឬប្រទេសក្នុងទ្វីបអាស៊ី មិនគួរផ្ញើជោគវាសនារបស់ខ្លួនតែទៅលើប្រទេសណាមួយនោះទេ ពោលគឺគួរតែប្រឹងប្រែងរស់ដោយខ្លួនឯង ឬ ត្រូវប្រឹងខ្លួនឯងឱ្យមានភាពខ្លាំងក្លាជាងនេះ។

ភាពរឹងមាំនៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឱ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយខ្ញុំគិតថា នៅតំបន់អាស៊ានមានការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី សហគមន៍អឺរ៉ុប និងចិន ដោយសារប្រទេសអាស៊ានមិនមានឆ្អឹងខ្នង ដើម្បីដោះស្រាយបញ្ហានានា ហើយដោយសារអាស៊ានមានភាពទន់ខ្សោយ និងមិនមានឯកភាពផ្ទៃក្នុង ដែលធ្វើឱ្យប្រទេសមហាអំណាចងាយស្រួលក្នុងការជ្រៀតជ្រែកចូលក្នុងរដ្ឋសមាជិកអាស៊ាន។ អាស៊ានមានមហាអំណាចនៅពីក្រោយខ្នងរាងខ្លួន ដែលជាហេតុធ្វើឱ្យអាស៊ានពិបាកក្នុងការសម្រេចចិត្តនានាមួយចំនួនដែលទាក់ទងនឹងប្រយោជន៍មហាអំណាច។

បើតាមឯកឧត្ដមបណ្ឌិត អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសជាសមាជិកអាស៊ាន ត្រូវរៀបចំគោលនយោបាយដែលមានលក្ខណៈ បុរេសកម្ម (Proactive) ដោយសារជាធម្មតាសេដ្ឋកិច្ចអាស្រ័យនឹងនយោបាយ ហើយបើសិនជាប្រទេសមហាអំណាចចង់បាននយោបាយអ្វីមួយ គេនឹងដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសដែលគេចង់បាននោះ ហើយនេះជាចំណុចដែលបញ្ជាក់ថា ប្រទេសនីមួយៗត្រូវតែមាននយោបាយការបរទេសបែបចម្រុះពណ៌ ព្រោះថាគេមិនអាចមានទំនាក់ទំនងជាមួយប្រទសតែមួយនោះទេ ដោយហេតុថា ផលវិបាកជាច្រើនអាចនឹងកើតមានសម្រាប់ប្រទេសដែលមានអរិភាពនឹងគ្នា។

RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សីត្រឹប ដល់កុមារកំព្រា នៅមណ្ឌលចំនួន ២កន្លែង

នៅថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សី...

2024-04-11 02:06:30   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 09:06 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្...

2024-04-09 13:07:30   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 08:07 PM
អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យស...

2024-04-09 13:00:33   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 08:00 PM
អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីទំនៀមទម្លាប់ និងនិន្នាការផ្លាស់ប្ដូរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក ប្រវត្តិសាស្ត្រ និងការវិវត្តនៃសង្គម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជនជាតិខ្មែរគឺជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនត...

2024-04-09 12:55:26   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 07:55 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ

យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែ...

2024-04-09 09:52:15   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:52 PM
អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម...

2024-04-09 09:42:57   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:42 PM

សេចក្តីប្រកាស