ព័ត៌មាន

«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ [...] អាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន‍»

2019-08-08 04:33:19 ថ្ងៃព្រហស្បតិ៍, 08 សីហា 2019, 04:33 AM
post_detail

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន»។

ភ្នំពេញ៖ «ប្រទេសក្នុងទ្វីបអាស៊ី មិនត្រូវផ្ញើជោគវាសនារបស់ខ្លួននៅលើប្រទេសណាមួយនោះទេ គឺត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន» នេះជាឃ្លាដែលឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើង ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទអន្តរជាតិ ស្ដីពី «កម្ពុជានិងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក» រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងគោលគំនិត «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ឯកឧត្ដមបណ្ឌិតលើកឡើងថា វាជាគោលគំនិតរបស់អាស៊ាន ពោលគឺប្រទេសឥណ្ឌូនេស៊ី ដែលតែងតែបានលើកឡើងជាញឹកញាប់ ហើយបច្ចុប្បន្ន គំនិតនេះបានក្លាយទៅជាផ្លូវការ ដូចដែលឃើញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅប្រទេសថៃ ដែលបានលើកឡើងអំពីទស្សនៈវិស័យអាស៊ានចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។

ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់បន្ថែមថា ប្រទេសនៅអាស៊ីគួរតែលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងតំបន់ ព្រោះថា ប្រទេសជាសមាជិកទាំង១០ នៃអាស៊ានរួមជាមួយនឹងប្រទេស៦ (ប្រាំមួយ) ផ្សេងទៀត ដែលមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ បានព្រមព្រៀងគ្នារួចហើយក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ដែលចំណុចនេះអាចបញ្ជាក់បានថា ប្រទេសអាស៊ានទាំងអស់ ឬប្រទេសក្នុងទ្វីបអាស៊ី មិនគួរផ្ញើជោគវាសនារបស់ខ្លួនតែទៅលើប្រទេសណាមួយនោះទេ ពោលគឺគួរតែប្រឹងប្រែងរស់ដោយខ្លួនឯង ឬ ត្រូវប្រឹងខ្លួនឯងឱ្យមានភាពខ្លាំងក្លាជាងនេះ។

ភាពរឹងមាំនៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឱ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយខ្ញុំគិតថា នៅតំបន់អាស៊ានមានការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី សហគមន៍អឺរ៉ុប និងចិន ដោយសារប្រទេសអាស៊ានមិនមានឆ្អឹងខ្នង ដើម្បីដោះស្រាយបញ្ហានានា ហើយដោយសារអាស៊ានមានភាពទន់ខ្សោយ និងមិនមានឯកភាពផ្ទៃក្នុង ដែលធ្វើឱ្យប្រទេសមហាអំណាចងាយស្រួលក្នុងការជ្រៀតជ្រែកចូលក្នុងរដ្ឋសមាជិកអាស៊ាន។ អាស៊ានមានមហាអំណាចនៅពីក្រោយខ្នងរាងខ្លួន ដែលជាហេតុធ្វើឱ្យអាស៊ានពិបាកក្នុងការសម្រេចចិត្តនានាមួយចំនួនដែលទាក់ទងនឹងប្រយោជន៍មហាអំណាច។

បើតាមឯកឧត្ដមបណ្ឌិត អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសជាសមាជិកអាស៊ាន ត្រូវរៀបចំគោលនយោបាយដែលមានលក្ខណៈ បុរេសកម្ម (Proactive) ដោយសារជាធម្មតាសេដ្ឋកិច្ចអាស្រ័យនឹងនយោបាយ ហើយបើសិនជាប្រទេសមហាអំណាចចង់បាននយោបាយអ្វីមួយ គេនឹងដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសដែលគេចង់បាននោះ ហើយនេះជាចំណុចដែលបញ្ជាក់ថា ប្រទេសនីមួយៗត្រូវតែមាននយោបាយការបរទេសបែបចម្រុះពណ៌ ព្រោះថាគេមិនអាចមានទំនាក់ទំនងជាមួយប្រទសតែមួយនោះទេ ដោយហេតុថា ផលវិបាកជាច្រើនអាចនឹងកើតមានសម្រាប់ប្រទេសដែលមានអរិភាពនឹងគ្នា។

RAC Media

អត្ថបទទាក់ទង

មន្ត្រីជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ស្នើអ្នកបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើន

សូមឱ្យប្រធានថ្មីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដែលត្រូវបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ក្នុងពិធីផ្ទេរឱ្យបណ្ឌិត មាឃ បូរ៉ា ចូលក...

2020-07-15 14:06:10   Wed, 15,07,2020, 02:06 PM
ការបោះឆ្នោតមុនអាណត្តិនៅប្រទេសសិង្ហបុរី ដោយ​៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសសិង្ហបុរី បានសម្រេចចិត្តរំលាយសភា និងបោះឆ្នោតមុនបញ្ចប់អាណត្តិ តាមការ ស្នើសុំរបស់លោក នាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។លោក លី ស៊ានឡុងបានថ្លែងថា ការបោះឆ្នោតមុនអាណត្...

2020-07-15 13:54:20   Wed, 15,07,2020, 01:54 PM
ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអ...

2020-07-15 05:27:11   Wed, 15,07,2020, 05:27 AM
សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានី​និង​ទីក្រុងបុរាណ​នៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប ដោយ៖ ហៀង លាងហុង

រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន...

2020-07-14 09:57:43   Tue, 14,07,2020, 09:57 AM
«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្...

2020-07-14 07:47:22   Tue, 14,07,2020, 07:47 AM
ប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

2020-07-14 06:38:34   Tue, 14,07,2020, 06:38 AM

សេចក្តីប្រកាស