«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួចហើយកន្លងមក ត្រូវរៀបចំជាឈុតឆាកផ្សារភ្ជាប់ជាមួយផ្នែកសិល្បៈដើម្បីសម្តែងជូនទៅកាន់មហាជន ចៀសវាងរកអ្វីដែលថ្មីឃើញហើយលាក់ស្នាដៃទុកតែក្នុងបន្ទប់....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។
គួររំលឹកដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការកោះអញ្ជើញមន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បះ នៃរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំដោយមិនបានជម្រាបជាមុន ដើម្បីធ្វើការតាមដានស្ថានការនៃការបំពេញការងាររបស់មន្ត្រីវិទ្យាស្ថាន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាព និងវិន័យការងារ សំដៅលើកកម្ពស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មិនសំដៅតែវិទ្យាស្ថាន តែការពង្រឹងវិន័យការងារនេះ ត្រូវធ្វើទាំងនៅក្នុងផ្នែកចំណុះទាំងប្រាំ របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖ (១) ផ្នែកវប្បធម៌វិទ្យា, (២)ផ្នែកសិល្បៈនិងឥស្សរិយយស, (៣) ផ្នែកស្ថាបត្យកម្ម, (៤) ផ្នែកបុរាណវិទ្យា និងទី(៥) ផ្នែកទស្សនីយភាព។ សរុបថ្នាក់ដឹកនាំ និង មន្ត្រីកំពុងបម្រើការនៅវិទ្យាស្ថាន មានចំនួន ១៤នាក់ (ស្រី៤នាក់)។
ក្នុងឆ្នាំ២០១៨ វិទ្យាស្ថានបានទទួលគម្រោងស្រាវជ្រាវលើគម្រោងរូបី និងអរូបី ហើយបានចុះទៅស្រាវជ្រាវតាមខេត្តនានាដើម្បីធ្វើការសិក្សាដោយផ្ទាល់ និងបានបញ្ចប់ហើយ នៅតែការសរសេរសេចក្តីលំអឹតអំពីសកម្មភាពនិងលទ្ធផលនៃការស្រាវជ្រាវប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត ផុន កសិកា ប្រធានផ្នែកបុរាណវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បះ បានមានប្រសាសន៍ថា នៅពេលនេះផ្នែករបស់លោកបានទទួលគម្រោងស្រាវជ្រាវនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនៅខេត្តព្រះវិហារ ហើយក្រុមការងាររបស់វិទ្យាស្ថាន ក៏បានរកឃើញសន្លុងបន្ថែមទៀតជាច្រើនបន្ថែមពីលើការរកឃើញពីមុន។ ទាំងនេះ ជាភស្តុតាងថ្មីបន្ថែមទៀតដែលត្រូវការឱ្យមានការសិក្សាស្រាវជ្រាវបន្ថែម អំពីការរីកចម្រើនវិស័យស្លដែកនៅកម្ពុជាកាលពីសម័យបុរាណ ជាពិសេសនៅសម័យអង្គរ និងសម័យកាលក្រោយអង្គរ។
លោកបណ្ឌិត ផុន កសិកា បានបញ្ជាក់បន្ថែមថា សន្លុង គឺជាទួលសម្រាប់ធ្វើការស្លដែក (សន្លុង គឺជាពាក្យដែលប្រជាជនដើមនៅតំបន់ស្រាវជ្រាវបានហៅ) ហើយនៅពេលនេះ ក្រុមកាងារបានរកឃើញថា មានសន្លុងចំនួន៥៤កន្លែង តែចំនួននេះ អាចនៅមានច្រើនជាងនេះទៀតដែលក្រុមការងាររកមិនទាន់ឃើញ។ នៅឆ្នាំក្រោយក្រុមការងារ នឹងស្នើសុំគម្រោងបន្ថែមទៀត ដើម្បីស្វែងរកទីតាំងសន្លុងដែលអាចមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ក្រោយពេលធ្វើកំណាយរួចមកហើយ យើងមិនត្រូវយកមកលាក់ទុកទេ តែត្រូវបង្ហាញដល់សាធារណជនទូទៅ ដើម្បីជាការបង្ហាញជូនដល់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយឱ្យបានដឹងផង។ ជាធម្មតាយើងត្រូវបង្ហាញស្នាដៃរបស់យើង ហើយសម័យសព្វថ្ងៃ មានភាពងាយស្រួលណាស់ដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានដឹងពីកិច្ចការរបស់យើង។
កំណែទម្រង់ការងារក្នុងស្ថាប័ន ជាកិច្ចការសំខាន់ដែលថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជាទូទៅនៅរាល់ពេលមានកម្មវិធីសំខាន់ៗ សំដៅពង្រឹងវិន័យ និងប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន ក៏ដូចជានៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។ សមិទ្ធផលការងារជាច្រើនដែលសម្រេចបាន នឹងរៀបចំបូកសរុបនិងបង្ហាញជូនក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ជាពិសេសវេទិកាវិទ្យាសាស្រ្តដែលរៀបចំធ្វើឡើងជារាល់ចុងឆ្នាំនីមួយៗ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ៖
- ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន
- លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថាន
- លោក ប្រែង ពិសិដ្ឋ លេខាអចិន្ត្រៃយ៍
- លោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា
- លោក លេង ណៃគីម មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
- លោក សាល់ ខាន់ មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
លោកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
លោកស្រី សរ សិលា អនុប្រធានផ្នែកសិល្បៈនិងឥស្សរិយយស
- លោក លឹម សូក្រាត មន្ត្រីស្រាវជ្រាវ ផ្នែកស្ថាបត្យកម្ម
- លោកបណ្ឌិត ផុន កសិកា ប្រធានផ្នែកផ្នែកបុរាណវិទ្យា
- លោក ហឿង សុធារស់ មន្ត្រីស្រាវជ្រាវផ្នែកបុរាណវិទ្យា
- លោក ជ័យ រតនា មន្ត្រីស្រាវជ្រាវផ្នែកបុរាណវិទ្យា
- កញ្ញា តាកេត សក័ដា មន្ត្រីស្ម័គ្រចិត្តផ្នែកបុរាណវិទ្យា
- លោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព