ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគបញ្ចប់ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-07-01 13:41:59 ថ្ងៃចន្ទ, 01 កក្កដា 2019 ម៉ោង 08:41 PM
អ្នកមើល 3132
post_detail

៩-សេចក្តីសន្និដ្ឋាន

ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើក ទី១​(១៩១៤-១៩១៨) និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានបារាំងនិងខ្មែរ ក្នុងការដណ្តើមយកជោគជ័យលើប្រទេសអាល្លឺម៉ង់។ ចំណុចសំខាន់ពីរដែលគប្បីយកចិត្តទុកដាក់នោះគឺ៖ ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង និងការសម្លាប់បាដេសនៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំងនៅខែមេសា ឆ្នាំ១៩២៥។

៩.១-ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង

ពួកទាហានខ្មែរដែលនៅរស់ពីការទៅច្បាំងនៅប្រទេសបារាំងនោះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា។ ច្បាប់រើត្រែត(១)ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩១៩ នោះបានអនុញ្ញតឱ្យទាហានចេញពីអង្គភាពកងទ័ពក្នុងករណីមានរបួសឬមានជំងឺក្នុងពេលដែលធ្វើសឹកសង្គ្រាមនោះ ដោយត្រូវប្តឹងសុំប្រាក់រើត្រែតមុនផុតកំណត់៥ឆ្នាំ គិតតាំងពីវេលាដែលរាជការអនុញ្ញាតឱ្យចេញ។ បន្ទាប់មកក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩១៩ បានរំឭកឱ្យប្តឹងសុំប្រាក់​រើត្រែតនេះកុំឱ្យហួសពេលកំណត់។

នៅប្រទេសបារាំងអសយដ្ឋានសម្រាប់ទាក់ទងនឹងបញ្ហានេះគឺ ផ្លូវឡងត្រីផ្ទះលេខ១៧ ក្នុងក្រុងប៉ារីស។ លក្ខខណ្ឌសម្រាប់សុំប្រាក់រើត្រែតដែលច្បាប់បើកឱ្យនោះគឺ ការតម្រូវឱ្យចាងហ្វាងរាជការពេទ្យនៅតំបន់ដែលខ្លួនរស់នៅនោះធ្វើលិខិតបញ្ជាក់អំពីស្ថានភាពសុខភាពនៃទាហានទាំងនោះ(មានរបួសឬមានជំងឺ)(១)។

៩.២-ការសម្លាប់បាដេសនៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅខែមេសា ឆ្នាំ១៩២៥

ក្រោយពីពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ តែជាង១ខែកន្លះក្រោយមក ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ មានផ្ទុះនូវឧប្បត្តិសម្លាប់លោក បាដេស(Bardez) ចៅហ្វាយខេត្តបារាំង (នៅខេត្តកំពង់ឆ្នាំង) នៅភូមិក្រាំងលាវក្នុងឱកាសដែលលោកចុះទៅទារពន្ធផ្ទាល់ដល់ទីនោះ។ អាជ្ញាធរបានតបតវិញដោយដាក់ឈ្មោះភូមិក្រាំងលាវថាជា«ភូមិតិរច្ឆាន»។ លើសពីនេះ អ្នកភូមិក្រាំងលាវចំនួន១៨នាក់ ដែលជាប់សង្ស័យថាបានសម្លាប់លោកបាដេសនោះ ត្រូវគេនាំយកមកកាត់ទោសនៅសាលាឧក្រិដ្ឋ(Cour criminelle)ក្រុងភ្នំពេញពីថ្ងៃទី៥ ដល់ទី២០ ខែធ្នូ ឆ្នាំ១៩២៥។ មនុស្ស១២នាក់បានទទួលទោស៖ ១នាក់(ទោសប្រហារជីវិត) និង១១នាក់ទៀត(ដាក់ពន្ធនាគារពី៥ឆ្នាំដល់មួយជីវិត)។ អ្នកជាប់ពន្ធនាគារ ត្រូវបញ្ជូនទៅកោះត្រឡាច។ ក្នុងឱកាសនោះ មានមេធាវីបារាំង៣នាក់ឈ្មោះ លោក Gallet, Lortat Jacob និង Dufond ដែលបានធ្វើដំណើរមកពីទីក្រុងព្រៃនគរបានស្នើឱ្យតុលាការលើកលែងទោសឱ្យអ្នកភូមិក្រាំងលាវ ដោយអះអាងថា៖ «បើអ្នកក្រាំងលាវមិនបានបង់ពន្ធជាស្រូវទេ ពួកគេបានបង់ពន្ធជាឈាមរួចទៅហើយ! បើបារាំងចង់បំភ្លេចរឿងនេះ សូមទៅមើលវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១»នោះទៅ(៣) !

បច្ចុប្បន្នបំណែកដែលនៅសេសសល់នៃ«វិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១»ត្រូវបានយកមករក្សាទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញ ក្រោយពីត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុលពត។ រូបដំរីធំពីរ គឺដាក់តាំងក្នុងសួនច្បារនៅសងខាងនៃច្រកចូលខាងមុខសារមន្ទីរជាតិ ចំណែកតួវិមានគឺដាក់តាំងនៅសួនច្បារផ្នែកខាងជើង(ច្រកផ្ញើម៉ូតូ-ឡាន)។

                                                                 ចប់ដោយបរិបូរណ៍

              រូបថត: ដោយ លោកស្រី ស៊ន ច័ន្ទអមរា នៅសារមន្ទីរជាតិភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩

 

[១] រើត្រែត (retraite) គឺនិយោជិកដែលដល់កំណត់អាយុឈប់ធ្វើការដោយត្រូវបានសោធនដែលត្រូវបើកក្នុងម្នាក់ៗ។
[២] រាជកិច្ចរាជការ ឆ្នាំ១៩២៣ ទំព័រ១៧៦: សម្រាប់ពួកទាហានចាស់ដែលបានចូលច្បាំង ឱ្យប្រយ័ត្នពីកំណត់ថ្ងៃខែ ដែលបើកអំណាចឱ្យប្តឹងទារប្រាក់រើត្រែត។
[៣] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៣៤២-៣៥៩។


 


អត្ថបទទាក់ទង

ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM

សេចក្តីប្រកាស