ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគបញ្ចប់ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-07-01 13:41:59 ថ្ងៃចន្ទ, 01 កក្កដា 2019 ម៉ោង 08:41 PM
អ្នកមើល 3010
post_detail

៩-សេចក្តីសន្និដ្ឋាន

ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើក ទី១​(១៩១៤-១៩១៨) និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានបារាំងនិងខ្មែរ ក្នុងការដណ្តើមយកជោគជ័យលើប្រទេសអាល្លឺម៉ង់។ ចំណុចសំខាន់ពីរដែលគប្បីយកចិត្តទុកដាក់នោះគឺ៖ ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង និងការសម្លាប់បាដេសនៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំងនៅខែមេសា ឆ្នាំ១៩២៥។

៩.១-ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង

ពួកទាហានខ្មែរដែលនៅរស់ពីការទៅច្បាំងនៅប្រទេសបារាំងនោះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា។ ច្បាប់រើត្រែត(១)ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩១៩ នោះបានអនុញ្ញតឱ្យទាហានចេញពីអង្គភាពកងទ័ពក្នុងករណីមានរបួសឬមានជំងឺក្នុងពេលដែលធ្វើសឹកសង្គ្រាមនោះ ដោយត្រូវប្តឹងសុំប្រាក់រើត្រែតមុនផុតកំណត់៥ឆ្នាំ គិតតាំងពីវេលាដែលរាជការអនុញ្ញាតឱ្យចេញ។ បន្ទាប់មកក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩១៩ បានរំឭកឱ្យប្តឹងសុំប្រាក់​រើត្រែតនេះកុំឱ្យហួសពេលកំណត់។

នៅប្រទេសបារាំងអសយដ្ឋានសម្រាប់ទាក់ទងនឹងបញ្ហានេះគឺ ផ្លូវឡងត្រីផ្ទះលេខ១៧ ក្នុងក្រុងប៉ារីស។ លក្ខខណ្ឌសម្រាប់សុំប្រាក់រើត្រែតដែលច្បាប់បើកឱ្យនោះគឺ ការតម្រូវឱ្យចាងហ្វាងរាជការពេទ្យនៅតំបន់ដែលខ្លួនរស់នៅនោះធ្វើលិខិតបញ្ជាក់អំពីស្ថានភាពសុខភាពនៃទាហានទាំងនោះ(មានរបួសឬមានជំងឺ)(១)។

៩.២-ការសម្លាប់បាដេសនៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅខែមេសា ឆ្នាំ១៩២៥

ក្រោយពីពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ តែជាង១ខែកន្លះក្រោយមក ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ មានផ្ទុះនូវឧប្បត្តិសម្លាប់លោក បាដេស(Bardez) ចៅហ្វាយខេត្តបារាំង (នៅខេត្តកំពង់ឆ្នាំង) នៅភូមិក្រាំងលាវក្នុងឱកាសដែលលោកចុះទៅទារពន្ធផ្ទាល់ដល់ទីនោះ។ អាជ្ញាធរបានតបតវិញដោយដាក់ឈ្មោះភូមិក្រាំងលាវថាជា«ភូមិតិរច្ឆាន»។ លើសពីនេះ អ្នកភូមិក្រាំងលាវចំនួន១៨នាក់ ដែលជាប់សង្ស័យថាបានសម្លាប់លោកបាដេសនោះ ត្រូវគេនាំយកមកកាត់ទោសនៅសាលាឧក្រិដ្ឋ(Cour criminelle)ក្រុងភ្នំពេញពីថ្ងៃទី៥ ដល់ទី២០ ខែធ្នូ ឆ្នាំ១៩២៥។ មនុស្ស១២នាក់បានទទួលទោស៖ ១នាក់(ទោសប្រហារជីវិត) និង១១នាក់ទៀត(ដាក់ពន្ធនាគារពី៥ឆ្នាំដល់មួយជីវិត)។ អ្នកជាប់ពន្ធនាគារ ត្រូវបញ្ជូនទៅកោះត្រឡាច។ ក្នុងឱកាសនោះ មានមេធាវីបារាំង៣នាក់ឈ្មោះ លោក Gallet, Lortat Jacob និង Dufond ដែលបានធ្វើដំណើរមកពីទីក្រុងព្រៃនគរបានស្នើឱ្យតុលាការលើកលែងទោសឱ្យអ្នកភូមិក្រាំងលាវ ដោយអះអាងថា៖ «បើអ្នកក្រាំងលាវមិនបានបង់ពន្ធជាស្រូវទេ ពួកគេបានបង់ពន្ធជាឈាមរួចទៅហើយ! បើបារាំងចង់បំភ្លេចរឿងនេះ សូមទៅមើលវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១»នោះទៅ(៣) !

បច្ចុប្បន្នបំណែកដែលនៅសេសសល់នៃ«វិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១»ត្រូវបានយកមករក្សាទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញ ក្រោយពីត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុលពត។ រូបដំរីធំពីរ គឺដាក់តាំងក្នុងសួនច្បារនៅសងខាងនៃច្រកចូលខាងមុខសារមន្ទីរជាតិ ចំណែកតួវិមានគឺដាក់តាំងនៅសួនច្បារផ្នែកខាងជើង(ច្រកផ្ញើម៉ូតូ-ឡាន)។

                                                                 ចប់ដោយបរិបូរណ៍

              រូបថត: ដោយ លោកស្រី ស៊ន ច័ន្ទអមរា នៅសារមន្ទីរជាតិភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩

 

[១] រើត្រែត (retraite) គឺនិយោជិកដែលដល់កំណត់អាយុឈប់ធ្វើការដោយត្រូវបានសោធនដែលត្រូវបើកក្នុងម្នាក់ៗ។
[២] រាជកិច្ចរាជការ ឆ្នាំ១៩២៣ ទំព័រ១៧៦: សម្រាប់ពួកទាហានចាស់ដែលបានចូលច្បាំង ឱ្យប្រយ័ត្នពីកំណត់ថ្ងៃខែ ដែលបើកអំណាចឱ្យប្តឹងទារប្រាក់រើត្រែត។
[៣] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៣៤២-៣៥៩។


 


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)»

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូ បន្តចូលរួមក្នុងវេទិកាសកលកូរ៉េ២០២៣ ដែលប្រព្រឹត្តធ្វើឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេ...

2023-11-21 07:54:09   ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 02:54 PM
ទស្សនៈមូលដ្ឋាននៃប្រជាសាស្រ្ត Basic Concept of Demography ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

បើនិយាយអំពីប្រជាសាស្រ្ត គឺគេនឹកឃើញភ្លាមអំពីប្រជាជន។ ជាការពិត ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ហើយពិសេសអំពីភាពបង្កើតកូន រៀបការ ការស្លាប់ និងបំលាស់លំនៅ និងទំនាក់ទំនងនៃការសិក្សាបែបវិទ្យាសាស្រ្តអំពីទ...

2023-11-09 14:06:48   ថ្ងៃព្រហស្បតិ៍, 09 វិច្ឆិកា 2023 ម៉ោង 09:06 PM
៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែ...

2023-11-09 08:41:21   ថ្ងៃព្រហស្បតិ៍, 09 វិច្ឆិកា 2023 ម៉ោង 03:41 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក...

2023-11-08 15:45:17   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:45 PM
រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ!

នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការង...

2023-11-08 15:18:41   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:18 PM
មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា

នៅពេលដែលយើងចាប់ផ្តើមការសន្ទនាអំពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រ ដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គដើម្បីទទួលបានឯករាជ្យ...

2023-11-08 06:35:48   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 01:35 PM

សេចក្តីប្រកាស