Royal Academy of Cambodia
៩-សេចក្តីសន្និដ្ឋាន
ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើក ទី១(១៩១៤-១៩១៨) និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានបារាំងនិងខ្មែរ ក្នុងការដណ្តើមយកជោគជ័យលើប្រទេសអាល្លឺម៉ង់។ ចំណុចសំខាន់ពីរដែលគប្បីយកចិត្តទុកដាក់នោះគឺ៖ ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង និងការសម្លាប់បាដេសនៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំងនៅខែមេសា ឆ្នាំ១៩២៥។
៩.១-ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង
ពួកទាហានខ្មែរដែលនៅរស់ពីការទៅច្បាំងនៅប្រទេសបារាំងនោះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា។ ច្បាប់រើត្រែត(១)ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩១៩ នោះបានអនុញ្ញតឱ្យទាហានចេញពីអង្គភាពកងទ័ពក្នុងករណីមានរបួសឬមានជំងឺក្នុងពេលដែលធ្វើសឹកសង្គ្រាមនោះ ដោយត្រូវប្តឹងសុំប្រាក់រើត្រែតមុនផុតកំណត់៥ឆ្នាំ គិតតាំងពីវេលាដែលរាជការអនុញ្ញាតឱ្យចេញ។ បន្ទាប់មកក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩១៩ បានរំឭកឱ្យប្តឹងសុំប្រាក់រើត្រែតនេះកុំឱ្យហួសពេលកំណត់។
នៅប្រទេសបារាំងអសយដ្ឋានសម្រាប់ទាក់ទងនឹងបញ្ហានេះគឺ ផ្លូវឡងត្រីផ្ទះលេខ១៧ ក្នុងក្រុងប៉ារីស។ លក្ខខណ្ឌសម្រាប់សុំប្រាក់រើត្រែតដែលច្បាប់បើកឱ្យនោះគឺ ការតម្រូវឱ្យចាងហ្វាងរាជការពេទ្យនៅតំបន់ដែលខ្លួនរស់នៅនោះធ្វើលិខិតបញ្ជាក់អំពីស្ថានភាពសុខភាពនៃទាហានទាំងនោះ(មានរបួសឬមានជំងឺ)(១)។
៩.២-ការសម្លាប់បាដេសនៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅខែមេសា ឆ្នាំ១៩២៥
ក្រោយពីពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ តែជាង១ខែកន្លះក្រោយមក ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ មានផ្ទុះនូវឧប្បត្តិសម្លាប់លោក បាដេស(Bardez) ចៅហ្វាយខេត្តបារាំង (នៅខេត្តកំពង់ឆ្នាំង) នៅភូមិក្រាំងលាវក្នុងឱកាសដែលលោកចុះទៅទារពន្ធផ្ទាល់ដល់ទីនោះ។ អាជ្ញាធរបានតបតវិញដោយដាក់ឈ្មោះភូមិក្រាំងលាវថាជា«ភូមិតិរច្ឆាន»។ លើសពីនេះ អ្នកភូមិក្រាំងលាវចំនួន១៨នាក់ ដែលជាប់សង្ស័យថាបានសម្លាប់លោកបាដេសនោះ ត្រូវគេនាំយកមកកាត់ទោសនៅសាលាឧក្រិដ្ឋ(Cour criminelle)ក្រុងភ្នំពេញពីថ្ងៃទី៥ ដល់ទី២០ ខែធ្នូ ឆ្នាំ១៩២៥។ មនុស្ស១២នាក់បានទទួលទោស៖ ១នាក់(ទោសប្រហារជីវិត) និង១១នាក់ទៀត(ដាក់ពន្ធនាគារពី៥ឆ្នាំដល់មួយជីវិត)។ អ្នកជាប់ពន្ធនាគារ ត្រូវបញ្ជូនទៅកោះត្រឡាច។ ក្នុងឱកាសនោះ មានមេធាវីបារាំង៣នាក់ឈ្មោះ លោក Gallet, Lortat Jacob និង Dufond ដែលបានធ្វើដំណើរមកពីទីក្រុងព្រៃនគរបានស្នើឱ្យតុលាការលើកលែងទោសឱ្យអ្នកភូមិក្រាំងលាវ ដោយអះអាងថា៖ «បើអ្នកក្រាំងលាវមិនបានបង់ពន្ធជាស្រូវទេ ពួកគេបានបង់ពន្ធជាឈាមរួចទៅហើយ! បើបារាំងចង់បំភ្លេចរឿងនេះ សូមទៅមើលវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១»នោះទៅ(៣) !
បច្ចុប្បន្នបំណែកដែលនៅសេសសល់នៃ«វិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១»ត្រូវបានយកមករក្សាទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញ ក្រោយពីត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុលពត។ រូបដំរីធំពីរ គឺដាក់តាំងក្នុងសួនច្បារនៅសងខាងនៃច្រកចូលខាងមុខសារមន្ទីរជាតិ ចំណែកតួវិមានគឺដាក់តាំងនៅសួនច្បារផ្នែកខាងជើង(ច្រកផ្ញើម៉ូតូ-ឡាន)។
ចប់ដោយបរិបូរណ៍
រូបថត: ដោយ លោកស្រី ស៊ន ច័ន្ទអមរា នៅសារមន្ទីរជាតិភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩
[១] រើត្រែត (retraite) គឺនិយោជិកដែលដល់កំណត់អាយុឈប់ធ្វើការដោយត្រូវបានសោធនដែលត្រូវបើកក្នុងម្នាក់ៗ។
[២] រាជកិច្ចរាជការ ឆ្នាំ១៩២៣ ទំព័រ១៧៦: សម្រាប់ពួកទាហានចាស់ដែលបានចូលច្បាំង ឱ្យប្រយ័ត្នពីកំណត់ថ្ងៃខែ ដែលបើកអំណាចឱ្យប្តឹងទារប្រាក់រើត្រែត។
[៣] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៣៤២-៣៥៩។
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះត...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បច្ចុប្បន្នអត្រានៃប្រជាជនពេញវ័យ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនេះមានការកើនឡើងខ្ពស់ រហូតដល់៦៧% បើធៀបកាលពីមុនមានត្រឹមក្រោម១០%ប៉ុណ្ណោះ។នេះបើយោងតាមការ...
សេចក្តីជូនដំណឹង៖ ស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់ និងបន្ថែមបណ្ដាញខ្សែរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។ស្វែងយល់ពីស្លាកសំគាល់រ...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការក...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបម្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជិត១ពាន់គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើគោកវិញឱ្យអស់ត្រឹម...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨(កំពង់ធំ)៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ លោក វេង សាខុន រដ្ឋមន្...