Royal Academy of Cambodia
ភ្នំពេញ៖ ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា នេះជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសិក្ខាសាលា ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាឯកភាពនៃភាសាខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកជាអនុសាសន៍សំខាន់ៗចំនួន៣គឺ៖
១. នៅពេលដែលវិទ្យាសាស្ត្រកាន់តែរីកចម្រើន ភាសាមិនអាចអភិរក្សទេ គឺត្រូវតែអភិវឌ្ឍដើម្បីទាន់សម័យកាលរីកចម្រើននៃវិទ្យាសាស្ត្រ។
២. គ្មានភាសាណាមួយដែលគ្មានការអភិវឌ្ឍនោះទេ ដូច្នេះភាសាខ្មែរជាភាសាជាតិមួយដែលរដ្ឋធម្មនុញ្ញបានកំណត់ ជាភាសាផ្លូវការ។ ដូច្នេះសូមឱ្យក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដាក់នៅលើស្មាររបស់អង្គសិក្ខាសាលានៅថ្ងៃនេះ។ សម័យកន្លងមក តែងតែមានការប្រឈមរវាងអ្នកឯកទេសភាសាថ្មី និងអ្នកឯកទេសភាសាចាស់ ពោលគឺរវាងលោក កេង វ៉ាន់សាក់ និងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានការខ្វែងគំនិតគ្នាលើការប្រើប្រាស់ភាសា ហេតុដូច្នេះហើយទើបបច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានបង្កើតឡើង ដែលក្រុមប្រឹក្សានេះដើរតួនាទីសំខាន់ណាស់ ដ។
ហើយជាការពិតណាស់ គ្រប់ភាសាទាំងអស់ត្រូវតែមានភាសាម៉ាឃីតធីង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែគេត្រូវពិចារណាថាតើវាអាចប៉ះពាល់ដល់វប្បធម៌និងសង្គមកម្ពុជាដែរឬទេ? គេត្រូវបញ្ជូនពាក្យទាំងនោះមកកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឱ្យមានឯកភាពជាតិ។
៣. បើសិនជាជាតិសាសន៍មួយគ្មានឯកភាពភាសាជាតិនោះទេ នោះយើងនឹងឈ្លោះគ្នាមិនចេះចប់នោះឡើយ។ យើងត្រូវមានមោទនភាពចំពោះឯកភាពភាសាជាតិរបស់យើង ទោះបីជាប្រទេសយើងតូចក៏ដោយក្ដី យើងមានភាសានិងគំនូសរបស់យើង។
ជាការលើកបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់នូវសទ្ទានុក្រមបរិស្ថានជូនដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើការសិក្សានិងពិគ្រោះយោបល់ រហូតដល់សទ្ទានុក្រមនេះចេញជាផ្លែផ្កា។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានស្នើសូមឱ្យក្រសួងទាំងអស់ កុំចេញសទ្ទានុក្រមដោយខ្លួនឯង ដោយមិនឆ្លងកាត់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍ឱ្យឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងនីមួយៗដើម្បីបង្កើតគណៈកម្មការរួមគ្នាមួយ បង្កើតសទ្ទានុក្រមតាមវិស័យនីមួយៗ និងសូមឱ្យរដ្ឋមន្ត្រីទាំងអស់ ផ្ដល់នូវសទ្ទានុក្រមតាមវិស័យនីមួយៗដែលខ្លួនមានមកកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីត្រួតពិនិត្យនិងអនុម័តដើម្បីប្រើប្រាស់ជាការទទួលស្គាល់ផ្លូវការដើម្បីឈានទៅដល់គោលបំណងធ្វើឱ្យមានឯកភាពភាសាជាតិ។
ជាប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសកម្ពុជា បានសំណូមពរឱ្យសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ នៅពេលដែលពាក្យត្រូវបានអនុម័តគ្រប់ ត្រូវទទួលយកពាក្យដែលបានអនុម័តរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ យកដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃស្ថាប័នរបស់ខ្លួន ពិសេសសម្រាប់ការលើកស្លាកឬបដា សូមសហការជាមួយនឹងក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីធ្វើយ៉ាងណាប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនិងមានឯកភាពភាសាជាតិតែមួយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោយពីបានបញ្ចប់ការប្រជុំអន្តរក្រសួងរវាងរាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសារធារណៈ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភា...
អូស្រ្តាលី និងសហរដ្ឋអាម៉េរិក បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៤០ ដោយអូស្រ្តាលីបាន បញ្ជូនបេស កកម្មការទូតរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅខែមករា ឆ្នាំ១៩៤០។ ចំណែកសហរដ្ឋអាម៉េរិក...