ព័ត៌មាន

«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

2018-09-03 09:36:36 ថ្ងៃចន្ទ, 03 កញ្ញា 2018 ម៉ោង 04:36 PM
អ្នកមើល 5584
post_detail

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា  ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។


ពិធីបំពាក់គ្រឿងឥស្សរិយយសត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋសមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដាជាតិ។ ការរៀបចំពិធីនេះ គឺជាការឆ្លើយតបតាម​​រយៈការសំណើរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ​ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងបានចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍស្តង់ដារបស់កម្ពុជា អស់​រយៈ​ពេលជាច្រើនឆ្នាំ។ បន្ទាប់ពីចេញសេចក្តីប្រកាសឱ្យប្រើច្បាប់ស្តីពីស្តង់ដាកម្ពុជាជាផ្លូវការកាលពីឆ្នាំ២០០៧​មក។ ក្នុងនោះ ក៏មានវត្តមានមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន៦ បានក្លាយជាសមាជិកនៃក្រុមប្រឹក្សាស្តង់ដារជាតិ។

នៅក្នុងពិធីនៃការប្រកាសផ្តល់គ្រឿងឥស្សរិយយសនោះ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំង ៦រូប ក៏ទទួលបានគ្រឿងឥស្សរិយយសការងារតាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ ដូចមានឈ្មោះខាងក្រោម៖
  1. លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃសមាជិកបណ្ឌិតសភា នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់ធិបឌិន្ទ»។ 
  2. ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
  3. លោកស្រីបណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់អស្សឫទ្ធិ»។
  4. ឯកឧត្តមបណ្ឌិត នុត សម្បត្តិ  ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
  5. លោកបណ្ឌិត ម៉ុង ស៊ាងងីម  អនុប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
  6. លោក សួន សុភា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប  ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់អស្សឫទ្ធិ»។

ក្រៅពីនេះ ក៏មានការផ្តល់ជូនគ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុម​ប្រឹក្សាស្តង់ដាជាតិដែលជាថ្នាក់ដឹកនាំនិងសមាជិកនៃក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។ 


ឆ្លៀតឱកាសមុនចាប់ផ្តើមពិធីបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងសមាជិកដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិនោះ ក្រុមប្រឹក្សាស្តង់ដាជាតិ បានរៀបចំកិច្ចប្រជុំស្តង់ដារ​លើកទី២០ តាមផែនការកំណត់ ដោយបានអនុម័តនូវស្តង់ដាមួយចំនួនបន្ថែមទៀត មានដូចជា៖ ស្តង់ដារសារធាតុថ្មីបន្ថែម ស្តង់ដារយានយន្ត ស្តង់ដាគ្រឿងសង្ហារិមជាដើម។ 

គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីស្តង់ដាកម្ពុជា ត្រូវបានប្រកាសឱ្យប្រាស់ផ្លូវការដោយព្រះរាជក្រមលេខ​ នស/រកម/០៦០៧/​០១៣ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧។ រហូតដល់ឆ្នាំ២០១៤ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចេញសេចក្តីប្រកាស លេខ ១៤១ MIH/២០១៤​ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រុមប្រឹក្សាស្តង់ដាជាតិ និងបានដាក់ដំណើរការប្រជុំស្តង់ដាជាតិក្នុង១ឆ្នាំ២ដងតាមការដាក់ស្នើសុំអនុម័តរបស់គណៈកម្មការដែលមានសមាជិកមកពីអន្តរក្រសួង។

ប្រភព៖ លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃសមាជិកបណ្ឌិតសភា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media



អត្ថបទទាក់ទង

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៦ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

មេបញ្ជាការបារាំង និងទាហានខ្មែរ នៅក្នុងភាគទី៦ វគ្គទី២នេះ យើងសូមបង្ហាញអំពីឈ្មោះទាហានបារាំង និងទាហានខ្មែរ ដែលបានស្លាប់ និងរងរបួស ក្នុងសង្គ្រាមលោកលើកទី១នៅប្រទេសបារាំង ហើយដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មកែវ...

2019-04-22 05:00:53   ថ្ងៃចន្ទ, 22 មេសា 2019 ម៉ោង 12:00 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ប៉ែន បញ្ញា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 17:04:26   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 12:04 AM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ឌិត មន្ទី

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 16:57:41   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:57 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា​ «កិត្តិសង្គហបណ្ឌិត»ត្រូវបានផ្តល់ជូនលោកជំទាវ ឃួន សុដារី»

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:47:52   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:47 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូន ឯកឧត្តម ឆាយ ថន

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៤ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:40:07   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:40 PM
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩»

បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២...

2019-04-13 14:46:44   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 09:46 PM

សេចក្តីប្រកាស