ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ស្ថិរភាពនយោបាយជះឥទ្ធិពលជាខ្លាំងលើការទាក់ទាញការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ»

2019-06-26 09:38:10 ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 04:38 PM
អ្នកមើល 2654
post_detail

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងលើកឧទាហរណ៍ធ្វើការប្រៀបធៀបស្ថានភាពសេដ្ឋកិច្ច រវាងស្ថានភាពអតីតសហភាពសូវៀត និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរំលេចឱ្យឃើញពីសារៈសំខាន់មិនអាចខ្វះនៃស្ថិរភាពនយោបាយរបស់ប្រទេសជាតិមួយ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖

«កាលណាគេធ្វើសេដ្ឋកិច្ច គេត្រូវមើលនយោបាយ កាលណាគេវិនិយោគ គេត្រូវមើលនយោបាយ ចុះបើខ្មែរនៅឯក្រៅប្រទេសចេះតែផ្ញើសារមក តើគេមកវិនិយោគឬអត់? តើប្រជាជនដែលមានបំណងធ្វើអាជីវកម្ម បែបសហគ្រាសធុនតូច និងមធ្យម (SME)។ នយោបាយដើរតួនាទីសំខាន់ណាស់ បើគ្មានស្ថិរភាពនយោបាយទេ គេមិនអាចវិនិយោគបានឡើយ។ នេះជាក្រិត្យក្រមនៃសេដ្ឋកិច្ច។ តើអ្នកការអំពាវនាវរបស់លោក សម រង្ស៊ី សម្រាប់អ្នកដែលចង់មកវិនិយោគ គេនឹងមកវិនិយោគដែរឬទេ? ជាការពិតណាស់ គេមិនអាចមកវិនិយោគបានទេ។»

ភ្ជាប់ជាមួយនឹងសំណួរដែលជាការដាស់តឿនស្មារតីសម្រាប់អ្នកចូលរួម ក៏ដូចជាសាធារណជនទូទៅ ឯកឧត្ដមបណ្ឌិត្យ សភាចារ្យ បានចោទសួរទៅកាន់អង្គវេទិកាទាំងមូលថា «តើហេតុអ្វីបានជាប្រទេសចិនបើកទ្វារ គេនាំគ្នាទៅវិនិយោគនៅចិន?» ចម្លើយ គឺ «ស្ថិរភាពនយោបាយ» ពីព្រោះថ្នាក់ដឹកនាំចិនបានមើលឃើញបទពិសោធន៍របសសហភាពសូវៀត គឺនៅពេលដែលសហភាពសូវៀតបានផ្លាស់ប្ដូរនយោបាយពីរបបកុំមុយនីស្តទៅជា របបសេរី (មូលធននិយម) បានធ្វើឱ្យមហាអំណាចមួយនេះ បាត់បង់អស់ដែនដី ១៥រដ្ឋ ដែលនេះគឺជាមូលហេតុនាំឱ្យគេមិនអាចវិនិយោគជាមួយរុស្ស៊ីបានឡើយ ក៏ព្រោះតែមានភាពលំបាកច្រើន ពិសេសដោយសារគ្មានស្ថិរភាពនយោបាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា «ចំណែកឯប្រទេសចិន គេដឹងហើយថាចិន​ដូរ​តែ​ពណ៌ទេ អត់ដូរនយោបាយទេ គឺដូរពណ៌ពីសេដ្ឋកិច្ចបែបផែនការមកសេដ្ឋកិច្ចទីផ្សារ ប្រព័ន្ធគ្រប់គ្រងនៅទាំងអស់។ អញ្ចឹងនយោបាយចិនអត់មានប្រែប្រួលនោះទេ អញ្ចឹងហើយទើបគេវិនិយោគនៅចិន ប៉ុន្តែចិនបានចាប់ផ្ដើមនូវគោល​ការណ៍៣គឺ៖ ១. ការវិនិយោគលើធនធានមនុស្ស ២. កម្លាំងពលកម្ម និងសក្ដានុពលថវិកា។»

សម្រាប់ប្រទេសកម្ពុជាវិញ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា មិនខុសគ្នាពីប្រទេសទាំងនោះឡើយ ដែលបញ្ហាស្ថិរភាពគឺជាភាពចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះហើយ ដែលរាជ​បណ្ឌិត្យសភាកម្ពុជាត្រូវតែចេញមកបកស្រាយអំពីផលប៉ះពាល់ឬចំណេញ ដែលកើតចេញពីការប្រកាសត្រឡប់មក​វិញរបស់លោក សម រង្ស៊ី ពិសេសការប្រកាសម្ដងហើយម្ដងទៀត នូវសារនយោបាយរបស់អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្កជាឧបសគ្គរាំងស្ទះដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជារបស់វិនិយោគិនបរទេសជាច្រើន ដើម្បីជាទុនសម្រាប់ឱ្យអ្នកវិនិយោគស្វែងយល់និងពិចារណាឱ្យបានច្បាស់លាស់ និងអស់មន្ទិលសង្ស័យ និងចាប់ផ្ដើម ក៏ដូចជាបន្តផ្ដល់វិនិយោគជាប្រក្រតីមកកាន់កម្ពុជា។

ឆ្លៀតក្នុងឱកាសនៃការបកស្រាយទិដ្ឋភាពខាងលើនេះដែរ ឯកឧត្ដមបណ្ឌិតសភាចា្យ ក៏បានស្រាយបំភ្លឺអំពីការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួនដែលយល់ថា «វត្តមានរបស់ជនជាតិចិននៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាបាត់បង់នូវស្ថិរភាព»។ សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ការព្រួយបារម្ភនេះ ពុំមែនជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់នោះឡើយ ព្រោះបើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ វត្តមានរបស់ជនជាតិចិននៅកម្ពុជាក្នុងសតវត្សរ៍ទី២១នេះ ខុសគ្នាទៅនឹងវត្តមានរបស់ចិនកាលពីសតវត្សរ៍ទី២០ ដែលពីមុនគេដាក់មនោគមវិជ្ជាមកលើប្រទេសកម្ពុជា តែបច្ចុប្បន្ននេះ ចិនគេមកវិនិយោគដោយប្រើប្រាស់ថវិកា និងសាងសង់អគារខ្ពស់ៗនៅលើទឹកដីប្រទេសកម្ពុជា ដែលជាការពិតណាស់ គេមិនអាចលើកត្រឡប់ទៅវិញបាននោះទេ ហេតុនេះហើយគេត្រូវតែនៅបន្តការវិនិយោគរយៈពេលវែង ដើម្បីនិរន្តរភាពដំណើរការអាជីវកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននិយាយដោយឡែក និងនិយាយជារួម គឺដើម្បីចូលរួមជាផ្នែកមួយក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តមបណ្ឌិត គិន ភា អញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន»

(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯក...

2019-11-05 06:47:25   ថ្ងៃអង្គារ, 05 វិច្ឆិកា 2019 ម៉ោង 01:47 PM
សិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសា...

2019-11-05 06:39:50   ថ្ងៃអង្គារ, 05 វិច្ឆិកា 2019 ម៉ោង 01:39 PM
«សមិទ្ធិផលនៃកិច្ចសហការណ៍ចូលរួមរបស់មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកំណាយស្រាវជ្រាវបុរាណវត្ថុវិទ្យាផូស៊ីលឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងខេត្តរតនគីរី»

តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនា...

2019-11-04 03:59:26   ថ្ងៃចន្ទ, 04 វិច្ឆិកា 2019 ម៉ោង 10:59 AM
«ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...»

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិ...

2019-11-02 08:23:36   ថ្ងៃសៅរ៍, 02 វិច្ឆិកា 2019 ម៉ោង 03:23 PM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori...

2019-11-01 10:32:20   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 05:32 PM
«ជំនួបពិភាក្សាការងារ រវាង​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងស្ថានទូតជប៉ុននៅកម្ពុជា...»

នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេ...

2019-11-01 09:52:28   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 04:52 PM

សេចក្តីប្រកាស