ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-06-24 08:09:26 ថ្ងៃច័ន្ទ, 24 មិថុនា 2019, 08:09 AM
post_detail

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨

បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកនូវកម្មវិធីបញ្ចប់នៃពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ គឺពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកដែលបានទទួលអនិច្ចកម្ម និងក្បួនដង្ហែផ្សេងៗរបស់ក្រុមពិជ័យសង្គ្រាមចាស់។ សកម្មភាពចុងក្រោយនៃពិធីសម្ពោធនេះមានបង្ហាញនៅក្នុងបណ្ណសារស្តីអំពី «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]ដោយមានខ្លឹមសារដើម និងការកែសម្រួលមួយចំនួនដូចខាងក្រោម៖

៨-ពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកដែលបានអនិច្ចកម្ម និងក្បួនដង្ហែផ្សេងៗរបស់ក្រុមពិជ័យសង្គ្រាមចាស់

នៅក្នុងនគរដែលមានរាស្ត្រប្រព្រឹត្តតាមផ្លូវធម៌ជាជ្រៅជ្រះ បីដូចជារាស្ត្រខ្មែរធ្វើបុណ្យដូចជាបុណ្យឆ្លងនេះ បើគ្មានលោកសង្ឃជួយផងនោះ ឃើញថាធ្វើខុសអំពីសព្វ១ដង ដែលមិនទាន់ដែលមានសោះនៅឡើយ[២]។ បុណ្យនេះនឹងនៅមានខ្វះទៀត បើមិនបាននិមន្តលោកសង្ឃឱ្យមកជួយផងទេ។ ដូច្នេះបានជាមានលោកសង្ឃ ១០០០អង្គ ទៅប្រជុំគ្នានៅជុំវិញរូបនោះ ចាំទម្រាំតែដល់ពេលវេលានិងទៅសូត្រធម៌នៅជុំវិញជើងកុះដែលតម្កល់រូប គឺសូត្របញ្ជូនទៅមនុស្សដែលមរណៈ។

លោករេស៊ីដង់ជាន់ខ្ពស់បារាំង បូដូវាំង ដែលមិនប្រកាន់សាសនាគួរឱ្យមានសេចក្តីសរសើរនោះ បានអនុញ្ញតឱ្យពួកតំណាងសាសនាផ្សេងៗ ទៅប្រជុំនៅទីនោះទាំងអស់។ លោកសង្ឃរាជបារាំងនៅស្រុកខ្មែ១អង្គគ្រងស្បង់ខ្មៅ មានពាក់សញ្ញាសម្រាប់ពិធីបុណ្យសព និងមានលោកសង្ឃ១អង្គទៀតជាជំនួយផង ក៏តាំងសូត្រធម៌បង្សុកូល ចាប់ផ្តើមពិធីបុណ្យខាងផ្លូវសាសនា។ បន្ទាប់មកលោកសង្ឃខ្មែរទាំង១០០០អង្គដែលនៅអមជុំវិញរូបនោះក៏តាំងសូត្រធម៌តាមចំណែកខ្លួនឡើង[៣] ។

មនុស្សជាច្រើនតាមមើលទាំងសញ្ជឹង ទាំងគោរពប្រណិប័តន៍ជាទីបំផុតបុណ្យខាងសាសនា ដែលមានលោកសង្ឃចាមសូត្រធម៌បង្ហើយ។ ត្រែនិងភ្លេងបាននៅស្ងៀមឈឹងនៅវេលាដែលកំពុងធ្វើបុណ្យខាងសាសនានោះ។ បន្ទាប់មកក៏ផ្លុំខ្ទ័រឡើង ប្រយោជន៍ប្រាប់ឱ្យក្រុមពិជ័យសង្គ្រាមចាប់ដង្ហែឡើង ពួកទាហានជើងគោក ទាហានកាំភ្លើងធំ ទាហានជើងទឹក ទាហានទៀរ៉ៃ្យយ៉ើរ[៤] ហើយនឹងរថក្រោះបារាំងសម្រាប់វាយលុកតម្រៀបគ្នាស្រួលបួលជាទីបំផុត។ មានលោកសក្តិ៥ បូរ៉ែល ជាអ្នកត្រួតត្រា ក៏ដើរបង្ហាត់យ៉ាងរហ័សមានរបៀបរៀបរយល្អនិងក្លៀវក្លាផង នៅមុខបណ្តាជនដែល​ឈរមើលតាមផ្លូវប៊ូល្លីវ៉ាមីស[៥] ហើយសរសើរផង។ នៅពេលដែលក្រុមពិជ័យសង្គ្រាមកំពុងដើរដង្ហែនោះ មានយន្តហោះ២ ហោះលើរូបវិមាន។ យន្តហោះ១គ្រឿងបានហោះបន្ទាបនៅប្រហែលតែ៤-១០ម៉ែត្រពីអ្នកឈរមើល នាំឱ្យមានការភិតភ័យមិនតិចទេ រួចក៏ទម្លាក់ផ្កា១បាច់យ៉ាងល្អឆើតនៅជើងរូបវិមាន ហើយសត្វនោះក៏ហើរឡើងទៅលើវិញ ទៅតាមគូកនវានៅកណ្តាលអាកាស ដែលចេះតែហើរមិនឈប់សោះ។

សកម្មភាពទាំងនោះចំណាយអស់ពេលច្រើន ហើយវេលាក៏កាន់តែជឿនទៅមុខ ព្រះអាទិត្យដែលកាន់តែរះខ្ពស់ឡើងៗក៏កាន់តែមានចំហាយក្តៅមែនទែន។ ប៉ុន្តែទោះជាក្តៅប៉ុណ្ណឹងក៏គ្មានបារាំងណា១ ឬអ្នកស្រុកអាយណា១ ដើរចេញពីទីនោះទេ គឺស៊ូនៅមើលមនុស្សសាសន៍ផ្សេងៗ ដែលដើរដង្ហែគ្នាក្រោយពួកទាហានទាល់តែចប់។ ការដង្ហែនេះមិនមែនជាកម្មវិធីមិនសូវសប្បាយក្នុងបុណ្យនោះទេ មានជ្វាជិះប៊ឺស៊ីក្លេត[៦] តម្រៀបជាជួរ មានដំរីប្រមាណជា៤០ មានចងគ្រឿងកូបដោយវត្ថុមានតម្លៃ ហើយមានព្នងស្លៀកពាក់យ៉ាងស្តួចស្តើង(បន្តិចបន្តួច) ដាក់លំពែងចម្បាំងលើស្មាដើរហែហមសង្ខាងផ្លូវ។

តាមគំនិតលោក បូដូវាំង បុណ្យឆ្លងរូបវិមានសម្រាប់មនុស្សស្លាប់នោះ ត្រូវគិតជាដំបូងបង្អស់អំពីការសម្តែងនូវសេចក្តីកតញ្ញូយ៉ាងធំធេងទៅដល់អ្នកដែលមានគ្រោះដល់ស្លាប់នៅក្នុងចម្បាំងធំនោះ។ បន្ទាប់មក បុណ្យនោះក៏ត្រូវឱ្យមានកត់ត្រាក្នុងសាវតារ និយាយអំពីសាសន៍នៅក្រោមអាណាព្យាបាល(ខ្មែរ) និងសាសន៍ដែលទំនុកបម្រុងបានចងជាស្ពានមេត្រីនឹងគ្នា(បារាំង) ឱ្យដឹងថាថ្ងៃនេះហើយដែលយើងរឹតតែមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ទុកចិត្តគ្នាទៅវិញទៅមក ដោយព្រោះតែនឹកទៅដល់ការតស៊ូដើម្បីការពារសេចក្តីល្អជាមួយគ្នានាគ្រាកន្លងមក។ មិនទាន់មានប្រូក្រាម​(កម្មវិធី)បុណ្យណាដែលធ្វើឱ្យបានពេញលេញ និងបានសម្រេចជាងនេះទៅទៀតក៏គ្មាន។

បុណ្យនោះបានថ្កើងរុងរឿងហើយ ចំណែកឯអ្នកដែលទៅមើលទាំងប៉ុន្មាននោះក៏បានរក្សាឫកពារជាអ្នកថ្លៃថ្នូរក្នុងឱកាសនោះ។ អ្នកដែលទៅមើលគ្មានភ្លេចទេថា ថ្ងៃនេះខ្លួនឯងធ្វើបុណ្យខ្មោច ហើយខ្មោចនោះទៀតជាខ្មោចមនុស្សដែល​​ស៊ូវេទនានឹងការណ៍១ធំណាស់ គឺការកាន់គ្រឿងអាវុធទៅប្រយុទ្ធ ដើម្បីភាពស៊ីវីល័យ(អរិយធម៌)សម្រាប់មនុស្សទាំងជម្ពូទ្វីប។

ការដែលរាស្ត្រស្រុកអាយចំនួនច្រើនម៉ឺន ធ្វើដំណើរមកតាំងពីស្រុកភូមិឆ្ងាយៗ ឯប្រទល់ដែនស្រុកប្រូតិចតូរ៉ាត៍(របបអាណាព្យាបាលគឺប្រទេសកម្ពុជា) ដើម្បីមកជាកិត្តិយសចំពោះដល់មនុស្សរបស់នគរទាំង២ដែលទទួលអនិច្ចកម្មទៅហើយ។ រាស្ត្រទាំងនោះកាន់ឫកពារយ៉ាងហ្នឹង នេះជាតឹកតាងមួយជាសំខាន់ ថាចិត្តខ្មែរឥឡូវនេះរួមចូលគ្នាជាមួយនឹងចិត្តបារាំងសែសពិតមែនហើយ។ មនុស្សដែលមានជាច្រើននឹងគណនាពុំបាននោះ នៅជុំវិញរូបដែលជាងឌូក្វាំង ធ្វើយ៉ាងល្អ ហើយដែលមកទីនេះដោយចិត្តឯងឥតមាននរណាបង្ខំនោះទេ។

ការដែលរាស្ត្រយកតម្រាប់តាមព្រះករុណា ធ្វើបុណ្យឱ្យមនុស្សដែលស្លាប់ក្នុងចម្បាំង ប្រយោជន៍ឱ្យគង់ច្បាស់ជាមួយ​នឹងបារាំង ដែលប្រជុំគ្នានៅក្រោយលោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ បូឌូវាំង នោះជាការប្រសើរណាស់។

ដូចកាសែតអូពីនីញ៉ុង(Opinion) ស្រុកព្រៃនគរបាននិយាយក្រោយធ្វើបុណ្យនេះមួយថ្ងៃថា យើងគួរបង្ហាញបុណ្យនេះទៅពួកយីពុន(ជប៉ុន)ដែលមកស្រុកយើងពីម្សិលមិញ និងអ្នកប្រទេសដទៃៗដែលត្រូវជាមិត្តតែមិនសូវជិតស្និទ្ធនឹងយើង ឬត្រូវជាខ្មាំងនឹងយើង ដែលរិះគន់យើងអំពីរបៀបរៀបចំស្រុកចំណុះរបស់យើងនោះ ឱ្យអស់មន្ទិលសង្ស័យ ថារាស្ត្រដែលនៅក្នុងអាណាព្យាបាលយើងពិតជាស្រឡាញ់យើង និងស៊ូនឹងយើងប្រាកដមែន។

សេចក្តីដែលយើងឃើញកាលបុណ្យឆ្លងរូបនោះ នាំឱ្យយើងបាត់តូចចិត្តនឹងសេចក្តីបន្ទោសរិះគន់ ដែលមានមកពីប្រទេសក្រៅនិងមកពីស្រុកយើង។ ថ្ងៃ១ មីនា ឆ្នាំ១៩២៥ នេះជាជាថ្ងៃមួយដ៏ល្អប្រពៃចំពោះនគរបារាំងសែស។

(សូមរង់ចាំអានសេចក្តីសន្និដ្ឋាននៅក្នុងភាគបញ្ចប់!)

[១]បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ១០៥-១០៧។
[២]«ដែលមិនទាន់ដែលមានសោះនៅឡើយ‍‍‍» មានន័យថា ដែលមិនធ្លាប់មានពីមុនមក ពោលគឺរាល់ពិធីបុណ្យនៅប្រទេសកម្ពុជាតែងតែមានវត្តមានព្រះសង្ឃ។
[៣]ក៏តាំងសូត្រធម៌តាមចំណែកខ្លួនឡើង មានន័យថា ក៏តាំងសូត្រធម៌តាមបែបព្រះពុទ្ធសាសនា។
[៤]ទាហានទៀរ៉ៃ្យយ៉ើរ ជាពាក្យបារាំងគឺ Tirailleur ប្រែថាទាហានពិជ័យសង្គ្រាម។
[៥]ផ្លូវប៊ូល្លីវ៉ាមីស(Boulevard Miche) គឺមហាវិថីមីស ដែលយកឈ្មោះតាមលោកសង្ឃរាជកាតូលិកបារាំង
[៦]ប៊ឺស៊ីក្លេត ជាពាក្យបារាំងគឺ Bicyclette ប្រែថាទោចក្រយានឬកង់។

RAC Media





អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ...

2019-10-24 07:50:03   Thu, 24,10,2019, 07:50 AM
«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន

ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...

2019-10-23 00:37:56   Wed, 23,10,2019, 12:37 AM
«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...

2019-10-17 08:12:02   Thu, 17,10,2019, 08:12 AM
អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារដង្ហែរកឋិនទានទៅវត្តសិរីដំណាក់

នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...

2019-10-15 04:38:46   Tue, 15,10,2019, 04:38 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «ក្មេងៗ មិនមានកំហុសទេ»

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាបន្ដទៀត ចំនួន២០លីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ ឬស្មើនឹងទឹកដ...

2019-10-14 10:00:24   Mon, 14,10,2019, 10:00 AM
ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   Fri, 11,10,2019, 11:29 AM

សេចក្តីប្រកាស