ព័ត៌មាន

«អាថ៌កំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ»

2019-06-18 13:46:36 ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:46 PM
អ្នកមើល 3368
post_detail

នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សា​​ហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋាននៃ ការស្លដែកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជូនដល់សាស្ត្រាចារ្យ និស្សិត ប្រមាណ​១៥០នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់កេរមរតកដូនតាខ្មែរយើង។ លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យាន និងជាអ្នកជំនាញខាងបុរាណវត្ថុវិទ្យាបានលើកឡើងថា នៅក្នុងបរិវេណឧទ្យានជាតិមួយនេះ មានតំបន់ឡស្លដែកចំនួន០៤កន្លែងធំៗ ក្នុងនោះមានតំបន់ឡស្លដែកបុរាណឫស្សីបល្ល័ង្ក តំបន់ស្រែកំបុត តំបន់ឫស្សីត្រឹប​(០២​កន្លែង) សរុបមាន ៤៨បណ្តុំឡស្លដែក ហើយតំបន់ខ្លះមានគំនរអាចម៌ដែកទំហំប្រមាណជា ៥០០ម៉ែត្រការ៉េ។ លោកបណ្ឌិតបន្តទៀតថា ការចេះច្នៃរ៉ែដែក ដុតដើម្បីឱ្យក្លាយជាដែកនៅពេលនោះពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះវិស័យសំណង់ប្រាសាទ ការពារជាតិ កសិកម្ម និងសេដ្ឋកិច្ចគ្រួសារ។ ភ័ស្តុតាងនៃការប្រើប្រាស់ដែកទាំងអស់នោះ បានបង្ហាញយ៉ាងជាក់ច្បាស់ដូចជា ដែកទាមនៅតាមប្រាសាទនានា ឧបករណ៍កាត់ថ្ម សាស្ត្រាវុធដែលប្រើដោយព្រះរាជានិងកងទ័ព និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជាកាំបិត។ល។

នៅក្នុងការទស្សនកិច្ចសិក្សានៅលើទីតាំងជាក់ស្តែងនោះ និស្សិតបានចាប់អារម្មណ៍យ៉ាងខ្លាំង និងបានកោតសរសើរចំពោះស្នាដៃ និងទេពកោសល្យរបស់ដូនតាខ្មែរនាសម័យនោះ ពិសេសជនជាតិកួយ ដែលជំនាញខាងស្លដែក ហើយបានលើកឡើងនូវចម្ងល់ជុំវិញប្រវត្តិសាវតានៃការស្លដែក និងការប្រើប្រាស់ដែកនាសម័យនោះ។

ក្រៅពីបានសិក្សាស្វែងយល់អំពីកេរមរតកពីបុរាណទាំងអស់នេះ និស្សិតក៏ស្វែងយល់អំពីប្រភេទរុក្ខជាតិ និងជីវចម្រុះយ៉ាងសម្បូរបែប ដែលដុះគ្របដណ្តប់ក្នុងតំបន់បុរាណដ្ឋាននេះផងដែរ។

សូមបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៤ ខែមេ​សា ដែលមាន មានទំហំ ផ្ទៃដី ១១៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ មានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុង បរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ។

ក្រុមការងារឧទ្យានដែលថែរក្សានៅទីនេះផ្ទាល់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្ត អ្នកស្រាវជ្រាវ សូមអញ្ជើញមកទស្សនា សិក្សាស្វែងយល់ និងចូលរួមថែរក្សានិងអភរិក្សឱ្យបានគង់វង្ស។ ម្យ៉ាងទៀត សូមអំពាវ​នាវដល់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក ចូលរួមនូវថវិកា និងសម្ភារៈបច្ចេកទេស ដើម្បីឱ្យក្រុមអ្នកជំនាញយើងមានលទ្ធភាពបន្តសិក្សាស្រាវជ្រាវធ្វើកំណាយបន្តបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ លោក សូត្រ សំណាង ប្រធានឧទ្យានសូមថ្លែងអំណរគុណដល់ឯកឧត្តមឧកញា សុខ គង់ បានបរិច្ចាគថវិកាចំនួន ១០លានរៀល និងលោក ជំទាវ លឹម ឈីវហួរ បានបរិច្ចាគថវិកា ២លានរៀល ក្នុងការរួមចំណែកការស្រាវជ្រាវ និងអភិរក្ស ឡស្លដែកបុរាណនៅឧទ្យាននៅពេលកន្លងមក។

RAC Media| ស្រី សីហា



អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស