ព័ត៌មាន

«ការដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ផ្តើមទៀតហើយ» ដោយ៖ ស្រី សីហា

2019-06-18 13:37:53 ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:37 PM
អ្នកមើល 4834
post_detail

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ ១៥០នាក់ ព្រមទាំងការចូលរួមពី សិស្សវិទ្យាល័យហ៊ុនសែនដូនទន់ ៤២នាក់, ប្រជាពលរដ្ឋឃុំឆែបមួយ ២៥នាក់, និងឃុំឆែបពីរ ១០នាក់។

ដើមឈើដែលបានដាំនៅក្នុងពិធីនេះ ចំនួន ២,៥២៨ដើម ក្នុងនោះរួមមានដើមឈើចំនួន០៦ប្រភេទ ដើមព្រីង១០០០ដើម ក្រញូង៤០០ដើម បេង៤០០ដើម ធ្នង់៣២៨ដើម គគី២០០ដើម និង គីនីន២០០ដើម។

លោកសាស្ត្រាចារ្យ ងួន សេង បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមក្នុងការដាំកូនឈើ នៅឧទ្យានជាតិមួយនេះ ដោយបញ្ជាក់ថា ដើមឈើពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និបរិស្ថាន។ លោកបានបន្តទៀតថា “ដើមឈើមួយដើម ផ្តល់ដង្ហើមរាប់លានជីវិត”។ ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឈុន ពហុ បានអំពាវ​នាវ​ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជុំវិញឧទ្យានឱ្យចូលរួមថែរក្សានូវព្រៃឈើដែលមានស្រាប់ដើម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍។ លោកបានលើកឡើងថា ការដាំកូនឈើ មួយដើមឱ្យរស់គឺជាការលំបាកណាស់ តាំងពីការដាំ ការថែរក្សា -ល- ហេតុនេះ ដើមឈើដែលដុះហើយមានអាយុច្រើនឆ្នាំនោះ យើងត្រូវតែថែរក្សាវាឱ្យបាន។ លោកបន្តថា “ដើមឈើ ជាសេដ្ឋកិច្ចបៃតង”។ លោក សូត្រ សំណាង តំណាងក្រុមការងារឧទ្យានបានថ្លែងអំណរគុណដល់ការរួមចំណែករបស់លោកសាស្ត្រាចារ្យ និស្សិត ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមករួមគ្នាធ្វើពិធីដាំកូនឈើនៅតំបន់ដាច់ស្រយាលមួយនេះ។ ហើយលោកបានអំពាវនាវឱ្យនិស្សិតនៅតាមសាកលវិទ្យាល័យ ប្រជាពលរដ្ឋ និងមហាជន ឱ្យមកដាំកូនឈើនៅទីនេះ ដើម្បីស្តារគម្របព្រៃឈើ និងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជានិងពិភពលោក ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ក្រោយពីសប្បាយរីករាយក្នុងការដាំកូនឈើរួចមក ក្រុមនិស្សិតនិងសាស្ត្រាចារ្យ បានបរិច្ចាកធនធានផ្ទាល់ខ្លួន ដោយនាំមកនូវថវិកាចំនួន ៨០០,០០០រៀល សម្ភារៈសិក្សា កាបូបស្ពាយ និងសំលៀកបំពាក់ ដើម្បីប្រគល់ជូនដល់សិស្សពូកែទាំង០៩នាក់ នៅវិទ្យាល័យហ៊ុនសែនដូនទន់ស្រុកឆែប សិស្សានុសិស្សសាលាបឋមសិក្សាដងផ្លឹត និងប្រជាពល​រដ្ឋមកចូលរួមដាំកូនឈើថ្ងៃនេះផងដែរ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ បានមកចូលរួមដាំកូនឈើនៅទីនេះ កាលពីឆ្នាំមុន ក្រុមនិស្សិត បានមកដាំកូនឈើចំនួន២៥០០ដើម កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ហើយកាលឆ្នាំកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញមកបើកកម្មវិធីដាំកូនឈើ និងកសាងគម្របព្រៃឈើ នៅតំ​បន់ឧទ្យានជាតិនេះ ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋាភិបាល មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត ប្រមាណ៣០០០នាក់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

RAC Media



អត្ថបទទាក់ទង

ការរៀបចំសិក្ខាសាលា «បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»

ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពី ‌«បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និ...

2019-09-13 23:41:47   ថ្ងៃសុក្រ, 13 កញ្ញា 2019 ម៉ោង 06:41 AM
កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន និងមន្ត្រីក្រោមឱវាទចំនួន១១រូប កាលពីព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុ...

2019-09-12 04:11:30   ថ្ងៃព្រហស្បតិ៍, 12 កញ្ញា 2019 ម៉ោង 11:11 AM
«អាស៊ានគឺជាកន្លែងប្រកួតប្រជែងរបស់មហាអំណាច»

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត...

2019-09-09 13:21:06   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 08:21 PM
នាព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទីចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី ដែលស្ថិតនៅមុខអគារឥន្ទ្រីទេវីនៃរា...

2019-09-09 04:46:27   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 11:46 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិជ្ជា៥ ដែលព្រះនាងឥន្ទ្រទេវីបានក្លាយទៅជានិមិត្តរូបនៃវិស័យអប់រំរបស់ខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន...

2019-09-09 03:34:16   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 10:34 AM
«កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញលើវិស័យស្រាវជ្រាវ»

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យត្រាវិញ ខេត្តត្រាវិញប្រទេសវៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត...

2019-09-07 05:47:26   ថ្ងៃសៅរ៍, 07 កញ្ញា 2019 ម៉ោង 12:47 PM

សេចក្តីប្រកាស