Royal Academy of Cambodia
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ ១៥០នាក់ ព្រមទាំងការចូលរួមពី សិស្សវិទ្យាល័យហ៊ុនសែនដូនទន់ ៤២នាក់, ប្រជាពលរដ្ឋឃុំឆែបមួយ ២៥នាក់, និងឃុំឆែបពីរ ១០នាក់។
ដើមឈើដែលបានដាំនៅក្នុងពិធីនេះ ចំនួន ២,៥២៨ដើម ក្នុងនោះរួមមានដើមឈើចំនួន០៦ប្រភេទ ដើមព្រីង១០០០ដើម ក្រញូង៤០០ដើម បេង៤០០ដើម ធ្នង់៣២៨ដើម គគី២០០ដើម និង គីនីន២០០ដើម។
លោកសាស្ត្រាចារ្យ ងួន សេង បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមក្នុងការដាំកូនឈើ នៅឧទ្យានជាតិមួយនេះ ដោយបញ្ជាក់ថា ដើមឈើពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និបរិស្ថាន។ លោកបានបន្តទៀតថា “ដើមឈើមួយដើម ផ្តល់ដង្ហើមរាប់លានជីវិត”។ ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឈុន ពហុ បានអំពាវនាវដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជុំវិញឧទ្យានឱ្យចូលរួមថែរក្សានូវព្រៃឈើដែលមានស្រាប់ដើម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍។ លោកបានលើកឡើងថា ការដាំកូនឈើ មួយដើមឱ្យរស់គឺជាការលំបាកណាស់ តាំងពីការដាំ ការថែរក្សា -ល- ហេតុនេះ ដើមឈើដែលដុះហើយមានអាយុច្រើនឆ្នាំនោះ យើងត្រូវតែថែរក្សាវាឱ្យបាន។ លោកបន្តថា “ដើមឈើ ជាសេដ្ឋកិច្ចបៃតង”។ លោក សូត្រ សំណាង តំណាងក្រុមការងារឧទ្យានបានថ្លែងអំណរគុណដល់ការរួមចំណែករបស់លោកសាស្ត្រាចារ្យ និស្សិត ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមករួមគ្នាធ្វើពិធីដាំកូនឈើនៅតំបន់ដាច់ស្រយាលមួយនេះ។ ហើយលោកបានអំពាវនាវឱ្យនិស្សិតនៅតាមសាកលវិទ្យាល័យ ប្រជាពលរដ្ឋ និងមហាជន ឱ្យមកដាំកូនឈើនៅទីនេះ ដើម្បីស្តារគម្របព្រៃឈើ និងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជានិងពិភពលោក ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
ក្រោយពីសប្បាយរីករាយក្នុងការដាំកូនឈើរួចមក ក្រុមនិស្សិតនិងសាស្ត្រាចារ្យ បានបរិច្ចាកធនធានផ្ទាល់ខ្លួន ដោយនាំមកនូវថវិកាចំនួន ៨០០,០០០រៀល សម្ភារៈសិក្សា កាបូបស្ពាយ និងសំលៀកបំពាក់ ដើម្បីប្រគល់ជូនដល់សិស្សពូកែទាំង០៩នាក់ នៅវិទ្យាល័យហ៊ុនសែនដូនទន់ស្រុកឆែប សិស្សានុសិស្សសាលាបឋមសិក្សាដងផ្លឹត និងប្រជាពលរដ្ឋមកចូលរួមដាំកូនឈើថ្ងៃនេះផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ បានមកចូលរួមដាំកូនឈើនៅទីនេះ កាលពីឆ្នាំមុន ក្រុមនិស្សិត បានមកដាំកូនឈើចំនួន២៥០០ដើម កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ហើយកាលឆ្នាំកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញមកបើកកម្មវិធីដាំកូនឈើ និងកសាងគម្របព្រៃឈើ នៅតំបន់ឧទ្យានជាតិនេះ ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋាភិបាល មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត ប្រមាណ៣០០០នាក់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
RAC Media
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...