ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

2019-06-17 02:58:14 ថ្ងៃច័ន្ទ, 17 មិថុនា 2019, 02:58 AM
post_detail

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧

ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)»[១]  យើងសូមលើកយកនូវសុន្ទរកថារបស់ដុកទ័រវ៉ាលឡេត៍ (Docteur Vallet) ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់[២] យកមកបង្ហាញបន្ត ដោយលើកយកនូវខ្លឹមសារដើម និងមានការកែសម្រួលមួយចំនួនដូចខាងក្រោម៖

ការណ៍ដែលធ្វើឱ្យថ្កុំថ្កើងរុងរឿងដល់ទាហានដែលស្លាប់នេះគឺជាកិច្ចមួយដ៏ប្រសើរដែលយើងត្រូវធ្វើជាចាំបាច់។ ការប្រាប់ឱ្យដឹងអំពីមូលហេតុដែលនាំឱ្យបុគ្គលទាំងនេះស៊ូប្តូរជីវិតស្លាប់យ៉ាងដូច្នេះនេះ គឺជាកិច្ចមួយដ៏ប្រសើររបស់យើង ដោយហេតុថា បុគ្គលដែលស្លាប់នោះបានទូន្មានយើងដូច្នេះថា«ចូរអ្នកស្រឡាញ់ស្រុករបស់អ្នក ពីព្រោះអ្នករាល់គ្នាកើតឡើងសម្រាប់តែឱ្យស្រឡាញ់ស្រុករបស់ខ្លួន»។ ការស្រឡាញ់ស្រុករបស់ខ្លួននោះអាចរាប់បញ្ចូលទាំង៖ ការស្រ ឡាញ់គ្រួសារ, ការស្រឡាញ់ស្រែចម្ការ, ការស្រឡាញ់ផ្ទះ, ការស្រឡាញ់ភូមិ និងការស្រឡាញ់សាលាដែលបង្ហាត់បង្រៀនឱ្យចេះអក្សរជាដើម។ ហេតុដូច្នេះហើយបានជាបារាំងសែសនិងខ្មែរ ចេញទៅច្បាំងគ្មានបានត្រឡប់វិលមក វិញ ហើយបានវាចាដូច្នេះថា«ទាំងនេះហើយដែលអ្នកត្រូវស្រឡាញ់នោះ ឯពួកយើងដែលស្លាប់ទៅហើយ យើងពុំអាចស្រឡាញ់បានទៀតឡើយ។ ប៉ុន្តែអ្នកទាំងអស់គ្នាដែលនៅរស់នៅឡើយនេះ ចូរអ្នកចេះតែស្រឡាញ់ស្រុកតទៅមុខកុំខានឡើយ»។ ពាក្យសម្តីងាយៗទាំងនេះ បានរំឭកនូវពាក្យទូន្មានស្តីពីសេចក្តីពិតរបស់អ្នកស្លាប់។ នគរនីមួយៗបានរស់គង់កេរក៏ដោយសារសេចក្តីពិតនេះឯង។

សូមប្រសិទ្ធិពរជូនដល់អ្នកបាត់បង់ជីវិតទាំងប៉ុន្មាន ដែលស៊ូប្រថុយជីវិតស្លាប់ដោយសារចង់ឱ្យនគរបារាំងសែសបានគង់វង្សល្អតទៅ។

ខ្ញុំបានឮសម្តីអ្នកដែលស្លាប់នោះនិយាយប្រាប់ខ្ញុំដូច្នេះថា«យើងដែលច្បាំងនេះគឺច្បាំងដោយជួយស្រុកបារាំងសែស និងអាណាប្រជាជនក្នុងជម្ពូទ្វីបឱ្យរួចរស់ ប៉ុន្តែយើងស្អប់ចម្បាំងនេះណាស់ មិនចង់ឱ្យមានចម្បាំងនេះតទៅទៀតទេ»។

ពួកអស់យើងដែលមានជីវិតរស់រួចពីចម្បាំងហើយ និងមានស្មារតីចាំអំពីចម្បាំងនេះនៅឡើយ នោះ យើងបានឃើញជាតិសាសន៍២ពួកដែលប្រកួតប្រកាន់ ធ្វើឱ្យអន្តរាយគ្នាទៅវិញទៅមក គឺ១ពួកមានគំនិតអាក្រក់ចង់បំផ្លាញដូចកាលពីមុនៗ ១ពួកទៀតមានសេចក្តីយុត្តិធម៌កាន់ផ្លូវច្បាប់[៣]។ យើងត្រូវយល់ccច្បាស់អំពីបញ្ហាទាំងនេះ និងយកសម្តីរបស់បុគ្គលដែលស្លាប់ទៅហើយនោះ សម្លឹងមើលទៅមុខ សម្លឹងមើលទៅក្រោយ លុះត្រាតែដល់ពេលណាដែលរាស្ត្រទាំងអស់យល់ឃើញថាជាតិសាសន៍នីមួយៗដែលពូកែនោះ គឺដោយសារតែមានសេចក្តីសុខក្សេមក្សាន្តក្នុងព្រះនគរ។

យើងទាំងអស់គ្នាពុំចង់ឱ្យកូនចៅយើងរងទុក្ខវេទនាតទៅទៀតទេ។ យើងពុំចង់ឱ្យឪពុកម្តាយ ស្ត្រីមេម៉ាយ និងកូនកំ ព្រា កាន់ទុក្ខយំសោកពីសេចក្តីមោហោទោសោ ដែលបោះបង់ចោលផ្លូវសុចរិត ចេញអស់នោះទេ ត្រូវតែជាតិសាសន៍ទាំងអស់ប្រជុំគ្នាធ្វើឱ្យស្រុះស្រួល មូលមាត់គ្នាទាំងអស់ ត្រូវតែរាស្ត្រគិតតែពីសេចក្តីសុខក្សេមក្សាន្ត ទុកគ្នាដូចជាបងប្អូនបង្កើត។

ដូច្នេះយើងត្រូវធ្វើយ៉ាងណាកុំឱ្យមានចម្បាំងនេះតទៅទៀត ហើយមនុស្សដែលកើតជំនាន់ក្រោយៗត្រូវគិតថា យើងកើតមកនេះពុំមែនសម្រាប់តែស្លាប់ដើម្បីស្រុកដូចករណីខាងលើនេះទេ ប៉ុន្តែគឺដើម្បីរស់នៅសម្រាប់ស្រុករបស់ខ្លួនទៅវិញ។

បើធ្វើយ៉ាងដូច្នេះសេចក្តីបណ្តាំរបស់ខ្មោចដ៏ប្រសើរនេះ នឹងបានសម្រេចដូចប្រាថ្នា។ ខ្ញុំមានចិត្តសង្ឃឹមជាប្រាកដថាសម្តីនេះគឺត្រូវដូចពាក្យខ្មោចពិតមែន បើប្រសិនជាខ្មោចទាំងនេះងើបពីក្នុងផ្នូរឡើងបាន ហើយស្រែកថាសេចក្តីដែលស៊ូប្រថុយជីវិតនេះ គឺពុំឥតប្រយោជន៍ទេ ប៉ុន្តែត្រូវឱ្យអាណាប្រជាជនក្នុងជម្ពូទ្វីបលែងច្បាំងគ្នាទាំងអស់ ដើម្បីឱ្យមនុស្សជំនាន់ក្រោយៗ រកស៊ីធ្វើការជាសុខក្សេមក្សាន្តពេញបរិបូរណ៍ និងបានចម្រើននគរបារាំងសែស ដែលជានគរតែមួយក្នុងទ្វីបលោកនេះ មានពន្លឺរស្មីល្អ ព្រមទាំងសេចក្តីឯកចិត្តនោះផង។

ចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់ បញ្ចប់សេចក្តីអធិប្បាយដែលមានតៗមក និងសេចក្តីអធិប្បាយដែលទើបនឹងមើលអម្បាញ់មិញ ហើយដែលបណ្តាជនទះដៃសរសើរតែរៀងខ្លួន បុណ្យដែលមានប្រូក្រាម​(កម្មវិធី)​បញ្ញត្ត ឱ្យធ្វើនិងចាប់ធ្វើពីពេលនោះមក។

(សូមរង់ចាំអានភាគបន្ត…) 

[១]បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ១០១-១០៥។
[២]គឺប្រធានសមាគមពួកពិជ័យសង្គ្រាមចាស់ (Président de l’Association des Anciens Tirailleurs)។
[៣]ជាតិសាសន៍ពួកទី១ គឺសំដៅលើប្រទេសអាល្លឺម៉ង់និងសម្ព័ន្ធមិត្តដែលបានរួមកម្លាំងគ្នាប្រឆាំងនឹងជាតិសាសន៍១​ពួកទៀតគឺបារាំងនិងអង់គ្លេស តាំងពីចុងសតវត្សរ៍ទី១៩មកម្ល៉េះ។ ដោយមានសម្ពាធពីអាល្លឺម៉ង់ បារាំងនិងអង់គ្លេសបានស្ថាបនាទំនាក់ទំនងការទូតមានឈ្មោះថា«ការស្រុះស្រួលគ្នាជាមិត្តភាព»(Entente cordiale) ចាប់ពីឆ្នាំ​១៩០៤ ដែលបានផ្តល់ឱកាសអំណោយផលសម្រាប់ឱ្យប្រទេសកម្ពុជាយកបានពីប្រទេសសៀមមកវិញជាបន្តបន្ទាប់នូវ៖ ខេត្តម្លូព្រៃ និងទន្លេរពៅ(ព្រះវិហារ) នៅឆ្នាំ១៩០៤ ព្រមទាំងខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ នៅឆ្នាំ១៩០៧។ [Entente Cordiale, (April 8, 1904), Anglo-French agreement that, by settling a number of controversial matters, ended antagonisms between Great Britain and France and paved the way for their diplomatic cooperation against German pressures in the decade preceding World War I (1914–18)]. 

អត្ថបទទាក់ទង

តើកត្តាអ្វីនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច?

ប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច គឺជាប្រធានបទថ្មីសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាប្រធានបទដែលត្រូវបានពិភាក្សាដោយយកចិត្តទុកដាក់ក្នុងចំណោមបញ្ញវន្ត អ្នកស្រាវជ្រាវ និងថា្នក់ដឹកនាំសំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។ ម...

2021-02-16 13:56:39   Tue, 16,02,2021, 01:56 PM
សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...

2021-02-16 07:40:17   Tue, 16,02,2021, 07:40 AM
ជំហរអាស៊ានក្នុងស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ដោយ៖ ចាន់ វណ្ឌី លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...

2021-02-15 04:38:47   Mon, 15,02,2021, 04:38 AM
លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគ...

2021-02-13 05:05:56   Sat, 13,02,2021, 05:05 AM
ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសម...

2021-02-12 14:08:29   Fri, 12,02,2021, 02:08 PM
ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-12 09:07:54   Fri, 12,02,2021, 09:07 AM

សេចក្តីប្រកាស