Royal Academy of Cambodia
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧
ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)»[១] យើងសូមលើកយកនូវសុន្ទរកថារបស់ដុកទ័រវ៉ាលឡេត៍ (Docteur Vallet) ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់[២] យកមកបង្ហាញបន្ត ដោយលើកយកនូវខ្លឹមសារដើម និងមានការកែសម្រួលមួយចំនួនដូចខាងក្រោម៖
ការណ៍ដែលធ្វើឱ្យថ្កុំថ្កើងរុងរឿងដល់ទាហានដែលស្លាប់នេះគឺជាកិច្ចមួយដ៏ប្រសើរដែលយើងត្រូវធ្វើជាចាំបាច់។ ការប្រាប់ឱ្យដឹងអំពីមូលហេតុដែលនាំឱ្យបុគ្គលទាំងនេះស៊ូប្តូរជីវិតស្លាប់យ៉ាងដូច្នេះនេះ គឺជាកិច្ចមួយដ៏ប្រសើររបស់យើង ដោយហេតុថា បុគ្គលដែលស្លាប់នោះបានទូន្មានយើងដូច្នេះថា«ចូរអ្នកស្រឡាញ់ស្រុករបស់អ្នក ពីព្រោះអ្នករាល់គ្នាកើតឡើងសម្រាប់តែឱ្យស្រឡាញ់ស្រុករបស់ខ្លួន»។ ការស្រឡាញ់ស្រុករបស់ខ្លួននោះអាចរាប់បញ្ចូលទាំង៖ ការស្រ ឡាញ់គ្រួសារ, ការស្រឡាញ់ស្រែចម្ការ, ការស្រឡាញ់ផ្ទះ, ការស្រឡាញ់ភូមិ និងការស្រឡាញ់សាលាដែលបង្ហាត់បង្រៀនឱ្យចេះអក្សរជាដើម។ ហេតុដូច្នេះហើយបានជាបារាំងសែសនិងខ្មែរ ចេញទៅច្បាំងគ្មានបានត្រឡប់វិលមក វិញ ហើយបានវាចាដូច្នេះថា«ទាំងនេះហើយដែលអ្នកត្រូវស្រឡាញ់នោះ ឯពួកយើងដែលស្លាប់ទៅហើយ យើងពុំអាចស្រឡាញ់បានទៀតឡើយ។ ប៉ុន្តែអ្នកទាំងអស់គ្នាដែលនៅរស់នៅឡើយនេះ ចូរអ្នកចេះតែស្រឡាញ់ស្រុកតទៅមុខកុំខានឡើយ»។ ពាក្យសម្តីងាយៗទាំងនេះ បានរំឭកនូវពាក្យទូន្មានស្តីពីសេចក្តីពិតរបស់អ្នកស្លាប់។ នគរនីមួយៗបានរស់គង់កេរក៏ដោយសារសេចក្តីពិតនេះឯង។
សូមប្រសិទ្ធិពរជូនដល់អ្នកបាត់បង់ជីវិតទាំងប៉ុន្មាន ដែលស៊ូប្រថុយជីវិតស្លាប់ដោយសារចង់ឱ្យនគរបារាំងសែសបានគង់វង្សល្អតទៅ។
ខ្ញុំបានឮសម្តីអ្នកដែលស្លាប់នោះនិយាយប្រាប់ខ្ញុំដូច្នេះថា«យើងដែលច្បាំងនេះគឺច្បាំងដោយជួយស្រុកបារាំងសែស និងអាណាប្រជាជនក្នុងជម្ពូទ្វីបឱ្យរួចរស់ ប៉ុន្តែយើងស្អប់ចម្បាំងនេះណាស់ មិនចង់ឱ្យមានចម្បាំងនេះតទៅទៀតទេ»។
ពួកអស់យើងដែលមានជីវិតរស់រួចពីចម្បាំងហើយ និងមានស្មារតីចាំអំពីចម្បាំងនេះនៅឡើយ នោះ យើងបានឃើញជាតិសាសន៍២ពួកដែលប្រកួតប្រកាន់ ធ្វើឱ្យអន្តរាយគ្នាទៅវិញទៅមក គឺ១ពួកមានគំនិតអាក្រក់ចង់បំផ្លាញដូចកាលពីមុនៗ ១ពួកទៀតមានសេចក្តីយុត្តិធម៌កាន់ផ្លូវច្បាប់[៣]។ យើងត្រូវយល់ccច្បាស់អំពីបញ្ហាទាំងនេះ និងយកសម្តីរបស់បុគ្គលដែលស្លាប់ទៅហើយនោះ សម្លឹងមើលទៅមុខ សម្លឹងមើលទៅក្រោយ លុះត្រាតែដល់ពេលណាដែលរាស្ត្រទាំងអស់យល់ឃើញថាជាតិសាសន៍នីមួយៗដែលពូកែនោះ គឺដោយសារតែមានសេចក្តីសុខក្សេមក្សាន្តក្នុងព្រះនគរ។
យើងទាំងអស់គ្នាពុំចង់ឱ្យកូនចៅយើងរងទុក្ខវេទនាតទៅទៀតទេ។ យើងពុំចង់ឱ្យឪពុកម្តាយ ស្ត្រីមេម៉ាយ និងកូនកំ ព្រា កាន់ទុក្ខយំសោកពីសេចក្តីមោហោទោសោ ដែលបោះបង់ចោលផ្លូវសុចរិត ចេញអស់នោះទេ ត្រូវតែជាតិសាសន៍ទាំងអស់ប្រជុំគ្នាធ្វើឱ្យស្រុះស្រួល មូលមាត់គ្នាទាំងអស់ ត្រូវតែរាស្ត្រគិតតែពីសេចក្តីសុខក្សេមក្សាន្ត ទុកគ្នាដូចជាបងប្អូនបង្កើត។
ដូច្នេះយើងត្រូវធ្វើយ៉ាងណាកុំឱ្យមានចម្បាំងនេះតទៅទៀត ហើយមនុស្សដែលកើតជំនាន់ក្រោយៗត្រូវគិតថា យើងកើតមកនេះពុំមែនសម្រាប់តែស្លាប់ដើម្បីស្រុកដូចករណីខាងលើនេះទេ ប៉ុន្តែគឺដើម្បីរស់នៅសម្រាប់ស្រុករបស់ខ្លួនទៅវិញ។
បើធ្វើយ៉ាងដូច្នេះសេចក្តីបណ្តាំរបស់ខ្មោចដ៏ប្រសើរនេះ នឹងបានសម្រេចដូចប្រាថ្នា។ ខ្ញុំមានចិត្តសង្ឃឹមជាប្រាកដថាសម្តីនេះគឺត្រូវដូចពាក្យខ្មោចពិតមែន បើប្រសិនជាខ្មោចទាំងនេះងើបពីក្នុងផ្នូរឡើងបាន ហើយស្រែកថាសេចក្តីដែលស៊ូប្រថុយជីវិតនេះ គឺពុំឥតប្រយោជន៍ទេ ប៉ុន្តែត្រូវឱ្យអាណាប្រជាជនក្នុងជម្ពូទ្វីបលែងច្បាំងគ្នាទាំងអស់ ដើម្បីឱ្យមនុស្សជំនាន់ក្រោយៗ រកស៊ីធ្វើការជាសុខក្សេមក្សាន្តពេញបរិបូរណ៍ និងបានចម្រើននគរបារាំងសែស ដែលជានគរតែមួយក្នុងទ្វីបលោកនេះ មានពន្លឺរស្មីល្អ ព្រមទាំងសេចក្តីឯកចិត្តនោះផង។
ចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់ បញ្ចប់សេចក្តីអធិប្បាយដែលមានតៗមក និងសេចក្តីអធិប្បាយដែលទើបនឹងមើលអម្បាញ់មិញ ហើយដែលបណ្តាជនទះដៃសរសើរតែរៀងខ្លួន បុណ្យដែលមានប្រូក្រាម(កម្មវិធី)បញ្ញត្ត ឱ្យធ្វើនិងចាប់ធ្វើពីពេលនោះមក។
(សូមរង់ចាំអានភាគបន្ត…)
[១]បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ១០១-១០៥។
[២]គឺប្រធានសមាគមពួកពិជ័យសង្គ្រាមចាស់ (Président de l’Association des Anciens Tirailleurs)។
[៣]ជាតិសាសន៍ពួកទី១ គឺសំដៅលើប្រទេសអាល្លឺម៉ង់និងសម្ព័ន្ធមិត្តដែលបានរួមកម្លាំងគ្នាប្រឆាំងនឹងជាតិសាសន៍១ពួកទៀតគឺបារាំងនិងអង់គ្លេស តាំងពីចុងសតវត្សរ៍ទី១៩មកម្ល៉េះ។ ដោយមានសម្ពាធពីអាល្លឺម៉ង់ បារាំងនិងអង់គ្លេសបានស្ថាបនាទំនាក់ទំនងការទូតមានឈ្មោះថា«ការស្រុះស្រួលគ្នាជាមិត្តភាព»(Entente cordiale) ចាប់ពីឆ្នាំ១៩០៤ ដែលបានផ្តល់ឱកាសអំណោយផលសម្រាប់ឱ្យប្រទេសកម្ពុជាយកបានពីប្រទេសសៀមមកវិញជាបន្តបន្ទាប់នូវ៖ ខេត្តម្លូព្រៃ និងទន្លេរពៅ(ព្រះវិហារ) នៅឆ្នាំ១៩០៤ ព្រមទាំងខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ នៅឆ្នាំ១៩០៧។ [Entente Cordiale, (April 8, 1904), Anglo-French agreement that, by settling a number of controversial matters, ended antagonisms between Great Britain and France and paved the way for their diplomatic cooperation against German pressures in the decade preceding World War I (1914–18)].
នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទ...
(ខេត្តព្រះវិហារ)៖ ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រ...
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប...
ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតឡើងកាន់តែខ្លាំងឡើងនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតំបន់អឺរ៉ុប ដែលកំពុងរងឥទ្ធិពលនៃជំងឺនេះ ខ្លាំងជាងគេ។ ដើមឡើយ គ្រប់គ្នាតែ...
គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វ...
បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេសរបស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិ...