Royal Academy of Cambodia
នៅក្នុងភាគទី៧ វគ្គទី៦នេះ យើងសូមលើកយកនូវសុន្ទរកថារបស់លោកដុកទ័រវ៉ាលឡេត៍(Docteur Vallet) ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់(១) ដែលត្រូវថ្លែងបន្ទាប់ពីសង្កថា របស់ព្រះបាទសម្តេចស៊ីសុវត្ថិ។ ពាក្យដែលលោកបានយកមកនិយាយនៅក្នុងសុន្ទរកថានោះ លោកវ៉ាល ឡេត៍បានរំព្ញកអំពីទុក្ខវេទនានៅក្នុងសង្គ្រាមលោកលើកទី១ រយៈពេល៥០ខែ កាលដែលបានទៅច្បាំង តទល់នឹងប្រទេសអាល្លឺម៉ង់។ រួមជាមួយសហការីរបស់លោក ដែលមានសំណាងបាននៅរស់នោះ លោកបានថ្លែងដោយខ្សឹកខ្សួលទៅកាន់អ្នកដែលអនិច្ចកម្មដោយចិត្តក្លាហាន នៅក្នុងសង្គ្រាមនោះ។
៧-៤-សុន្ទរកថារបស់លោកចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់(២)
សូមទ្រង់ព្រះករុណា។
សូមលោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ។
សូមអស់លោក អស់អ្នក អស់មិត្តភក្តិ សូមទ្រង់ជ្រាប សូមបានជ្រាប។
ដោយខ្ញុំមានសេចក្តីគាប់ចិត្តជាផ្លូវកតញ្ញូ ព្រមទាំងសេចក្តីរំជួលចិត្តជាខ្លាំង បានជាខ្ញុំអធិប្បាយនៅចំពោះព្រះភក្រ្តព្រះករុណា ចំពោះមុខអស់លោក អស់អ្នកទាំងអស់ ក្នុងថ្ងៃនេះ ដើម្បីធ្វើឱ្យរុងរឿងដល់អ្នកមានថ្វីដៃ ដែលយើងត្រូវនឹកគុណពុំភ្លេចនេះ។
ប៉ុន្តែដោយខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា មានសេចក្តីរំជួលចិត្តនឹងឮសម្តីឈឺឆ្អាលជាមាំរបស់ខ្ញុំផងនោះខ្ញុំមានចិត្តសង្ឃឹមជាប្រាកដថា អ្នកទាំងអស់គង់មានសេចក្តីដឹងគុណ និងអាសូរមេត្តាករុណាដល់អ្នកដែល
ប្រថុយជីវិតស្លាប់នឹងព្រះមហានគរ (ប្រទេសបារាំង) ដើម្បីនឹងការពារព្រះមហានគរ ឱ្យជៀសសេចក្តីសង្កត់សង្កិន និងអាប់ឱន ពីដៃអ្នកប្រទេសក្រៅ។
វិមាននេះបានកសាងជូនចំពោះអ្នកប្រថុយជីវិតដែលមានថ្វីដៃដ៏ប្រសើរ ហើយដែលលោក ឌុយក្វាំង (Ducoing) បាន យកចិត្តទុកដាក់ជាទីបំផុត ខំធ្វើឱ្យអស់ពីចិត្តឱ្យបានកើតឡើងដូច្នេះ។ យើងតោងនឹកមូលគ្នាគោរពប្រណិប័តន៍ ដល់អ្នកដែលមានថ្វីដៃក្នុងសង្គ្រាមធំនេះ។ ខ្ញុំមានចិត្តបំណងចង់ធ្វើឱ្យបានថ្កុំថ្កើងរុងរឿង តាមបំណាច់(៣) ដល់មិត្រភក្តិយើងទាំងនេះ ដែលយើងគង់តែនឹងចាំឈ្មោះពុំភ្លេចក្នុងចិត្តយើងបានយូរអង្វែង ដូចមានឈ្មោះឆ្លាក់នៅលើថ្មកែវនេះស្មើគ្នា ដោយមិត្តភក្តិយើងបានដល់នូវ សេចក្តីមរណកាលក្នុងពិជ័យសង្គ្រាម ដែលតយុទ្ធនៅស្រុកបារាំងសែស និងស្រុកទិសបូព៌(អូរីអង្ត)(៤)ព្រោះបានការពារក្នុងអាណាប្រជាជនក្នុងជម្ពូទ្វីប។ ឯភាសាមនុស្សយើងនោះ គ្មានភាសាណាដែលយកមកនិយាយប្រដូចនឹងថ្វីដៃដ៏ប្រសើរនេះបានឡើយ។ ដោយខ្ញុំមានចិត្តកើតទុក្ខជាខ្លាំងនោះ បានជាខ្ញុំមានសេចក្តីដឹងគុណ និងមេត្តាករុណាចំពោះអ្នកស្លាប់ទាំងនេះ។ បានជាខ្ញុំនឹកឃើញពាក្យទាំង២ម៉ាត់នេះឡើងវិញ ហើយបានជាអធិប្បាយដោយគោរព ដោយស្មោះយ៉ាងនេះ ព្រោះខ្ញុំមានសេចក្តីរំជួលចិត្តជាងអ្នកផងទាំងអស់ ដោយសារមានភាពស្និទ្ធស្នាលជាមួយអ្នកទាំងនេះ កាលដែលខ្ញុំបានទៅច្បាំងដែរ។
អ្នកដែលមានអាយុពុំត្រូវការ(៥) ឬអ្នកដែលមានអាការរោគក្នុងខ្លួន ឬអ្នកដែលជាប់ធ្វើការមុខក្រសួងនានាពុំបានទៅចូលច្បាំងក្នុងរវាង៤ឆ្នាំនោះ ក៏គង់តែឈ្វេងយល់ឃើញនូវសេចក្តីស្លាប់ដែលមកបៀតបៀនក្នុងខណៈនោះជានិច្ច។ ក្នុងថ្ងៃនេះគួរយើងទាំងអស់គ្នាគិតនឹកដឹងគុណ និងមេត្រីដ៏ប្រសើរដល់អ្នកដែលស៊ូប្តូរជីវិត ប្តូរទ្រព្យសម្បត្តិជួសយើង ហើយយើងត្រូវបែរមុខទៅកាន់អ្នកដែលបាត់បង់ជីវិតទាំងនេះដោយតាំងចិត្តឱ្យស្មោះសរ ដោយសេចក្តីកតញ្ញូ និងសេចក្តីនឹករលឹកដោយគោរព ទៅដល់អ្នកទាំងនេះ ពីព្រោះគេ៖ បានការពារយើង, បានធ្វើឱ្យវិនាសចំពោះការគ្រប់គ្រងទាំងរំលោភបំពានរបស់សត្រូវ, បានយកគំនរខ្មោចដែលស្លាប់ទាំងនោះទៅទប់ទល់ធ្វើឱ្យឈ្នះសត្រូវបាន។ ទោះព្រលឹមព្រាងៗក្តី ទោះយប់ងងឹតក្តី ក៏ បុគ្គលទាំងនេះស៊ូតែរត់ពីក្នុងដី ជាប់ផុកជាប់ឈាមទៅរកសេចក្តីស្លាប់ ពុំមានញញើតដល់តិចឡើយ។ ទោះច្បាំងនៅស្រុក«ឡាម៉ានន៍»(La Marne)ក្តី ទៅស្រុក«វែរដង»(Verdun)ក្តី ក៏ចេះតែខំស្រែកគំរាម ឱ្យពួកសត្រូវដូច្នេះថា«ចូលពុំបានទេ»។
ឱអ្នកអនិច្ចកម្មក្នុងចម្បាំងធំអើយ! ដែលស្លាប់ជាច្រើននៅនាទីចម្បាំង នៅវេលាស្រុកកើតវិបរិត(៦)ហើយស្លាប់ដោយមានចិត្តសង្ឃឹមជាប្រាកដថានឹងមានជ័យជម្នះ ក៏ខំស៊ូប្តូរជីវិតរបស់អ្នកឱ្យខាងតែបាន រួចពីខ្ញុំកញ្ជះគេ និងរួចពីកណ្តាប់ដៃមនុស្សជាសត្រូវគ្មានមេត្តាករុណា។ យើងក៏សូមសម្តែងនូវសេចក្តីកតញ្ញូដឹងគុណ និងសេចក្តីមេត្រីរបស់យើង ចំពោះអ្នកនៅរស់រានមានជីវិតទាំងបារាំងទាំងខ្មែរ ដែលមានចិត្តក្លាហានដូចគ្នា។ ថ្វីដៃដែលអ្នកបានធ្វើទាំងប៉ុន្មាននេះ មានជ័យជម្នះលើសាសន៍មោហោដែលមកសង្កត់សង្កិនអាណាប្រជានុរាស្ត្រយើង។
ឯសេចក្តីអធិប្បាយសរសើរទាំងនេះ ក៏គង់តែនឹងភ្លេចពុំខាន។ មានតែវិមានសំរឹទ្ធិ៍នេះឯងហើយដែលធ្វើឱ្យបានគង់ កេរតទៅ ព្រោះវិមាននេះអាចនឹងរំឭកអ្នកណាដែលភ្លេចឱ្យចាំឈ្មោះអ្នកដែលស្លាប់នោះឡើងវិញ។ វិមាននេះក៏អាចធ្វើឱ្យអ្នកឯទៀតចាំសេចក្តីមេត្តាករុណាឱ្យបានយូរអង្វែង ដែលជាកិច្ចរបស់អ្នកទាំងអស់។
ម៉្យាងទៀត វិមាននេះធ្វើឱ្យអ្នកនៅក្រោយៗ ដឹងកិច្ចការដែលបានជួយធុរៈគ្នាទៅវិញទៅមកទាំងបារាំងទាំងខ្មែរ ដែលបានស៊ូប្តូរជីវិតដើម្បីឱ្យបានសេចក្តីយុត្តិធម៌ និងសេចក្តីរួចខ្លួនធ្វើអ្វីៗបានតាមចិត្ត។ ខ្ញុំមានចិត្តចង់ស្លេះ(៧) សេចក្តីអធិប្បាយនេះត្រឹមនេះ។
(សូមរង់ចាំអានភាគបន្ត…)
(១)គឺប្រធានសមាគមពួកពិជ័យសង្គ្រាមចាស់ (Président de l’Association des Anciens Tirailleurs)។
(២)បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ៩៧-១០១។
(៣)បំណាច់គឺ ថ្វីដៃ ឬស្នាដៃ វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ៥៩៣។
(៤)ស្រុកទិសបូព៌ (អូរីអង្ត) គឺនៅបូព៌ាប្រទេស (Les pays de l’Orient)។
(៥)អ្នកដែលមានអាយុលើសពីតម្រូវការឱ្យធ្វើទាហាន។
(៦)វិបរិត គឺដែលប្រែប្រួល វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ ១១៩០។
RAC Media
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...