ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៦ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-06-10 04:20:28 ថ្ងៃច័ន្ទ, 10 មិថុនា 2019, 04:20 AM
post_detail

នៅក្នុងភាគទី៧ វគ្គទី៦នេះ យើងសូមលើកយកនូវសុន្ទរកថារបស់លោកដុកទ័រវ៉ាលឡេត៍(Docteur Vallet) ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់(១) ដែលត្រូវថ្លែងបន្ទាប់ពីសង្កថា របស់ព្រះបាទសម្តេចស៊ីសុវត្ថិ។ ពាក្យដែលលោកបានយកមកនិយាយនៅក្នុងសុន្ទរកថានោះ លោកវ៉ាល ឡេត៍បានរំព្ញកអំពីទុក្ខវេទនានៅក្នុងសង្គ្រាមលោកលើកទី១ រយៈពេល៥០ខែ កាលដែលបានទៅច្បាំង តទល់នឹងប្រទេសអាល្លឺម៉ង់។ រួមជាមួយសហការីរបស់លោក ដែលមានសំណាងបាននៅរស់នោះ លោកបានថ្លែងដោយខ្សឹកខ្សួលទៅកាន់អ្នកដែលអនិច្ចកម្មដោយចិត្តក្លាហាន នៅក្នុងសង្គ្រាមនោះ។

៧-៤-សុន្ទរកថារបស់លោកចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់(២)

សូមទ្រង់ព្រះករុណា។

សូមលោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ។

សូមអស់លោក អស់អ្នក អស់មិត្តភក្តិ សូមទ្រង់ជ្រាប សូមបានជ្រាប។

ដោយខ្ញុំមានសេចក្តីគាប់ចិត្តជាផ្លូវកតញ្ញូ ព្រមទាំងសេចក្តីរំជួលចិត្តជាខ្លាំង បានជាខ្ញុំអធិប្បាយនៅចំពោះព្រះភក្រ្តព្រះករុណា ចំពោះមុខអស់លោក អស់អ្នកទាំងអស់ ក្នុងថ្ងៃនេះ ដើម្បីធ្វើឱ្យរុងរឿងដល់អ្នកមានថ្វីដៃ ដែលយើងត្រូវនឹកគុណពុំភ្លេចនេះ។

ប៉ុន្តែដោយខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា មានសេចក្តីរំជួលចិត្តនឹងឮសម្តីឈឺឆ្អាលជាមាំរបស់ខ្ញុំផងនោះខ្ញុំមានចិត្តសង្ឃឹមជាប្រាកដថា អ្នកទាំងអស់គង់មានសេចក្តីដឹងគុណ និងអាសូរមេត្តាករុណាដល់អ្នកដែល

ប្រថុយជីវិតស្លាប់នឹងព្រះមហានគរ (ប្រទេសបារាំង) ដើម្បីនឹងការពារព្រះមហានគរ ឱ្យជៀសសេចក្តីសង្កត់សង្កិន និងអាប់ឱន ពីដៃអ្នកប្រទេសក្រៅ។

វិមាននេះបានកសាងជូនចំពោះអ្នកប្រថុយជីវិតដែលមានថ្វីដៃដ៏ប្រសើរ ហើយដែលលោក ឌុយក្វាំង (Ducoing) បាន យកចិត្តទុកដាក់ជាទីបំផុត ខំធ្វើឱ្យអស់ពីចិត្តឱ្យបានកើតឡើងដូច្នេះ។ យើងតោងនឹកមូលគ្នាគោរពប្រណិប័តន៍ ដល់អ្នកដែលមានថ្វីដៃក្នុងសង្គ្រាមធំនេះ។ ខ្ញុំមានចិត្តបំណងចង់ធ្វើឱ្យបានថ្កុំថ្កើងរុងរឿង តាមបំណាច់(៣) ដល់មិត្រភក្តិយើងទាំងនេះ ដែលយើងគង់តែនឹងចាំឈ្មោះពុំភ្លេចក្នុងចិត្តយើងបានយូរអង្វែង ដូចមានឈ្មោះឆ្លាក់នៅលើថ្មកែវនេះស្មើគ្នា ដោយមិត្តភក្តិយើងបានដល់នូវ សេចក្តីមរណកាលក្នុងពិជ័យសង្គ្រាម ដែលតយុទ្ធនៅស្រុកបារាំងសែស និងស្រុកទិសបូព៌(អូរីអង្ត)(៤)ព្រោះបានការពារក្នុងអាណាប្រជាជនក្នុងជម្ពូទ្វីប។ ឯភាសាមនុស្សយើងនោះ គ្មានភាសា​ណាដែលយកមកនិយាយប្រដូចនឹងថ្វីដៃដ៏ប្រសើរនេះបានឡើយ។ ដោយខ្ញុំមានចិត្តកើតទុក្ខជាខ្លាំងនោះ បានជាខ្ញុំមានសេចក្តីដឹងគុណ និងមេត្តាករុណាចំពោះអ្នកស្លាប់ទាំងនេះ។ បានជាខ្ញុំនឹកឃើញពាក្យទាំង២ម៉ាត់នេះឡើងវិញ ហើយបានជាអធិប្បាយដោយគោរព ដោយស្មោះយ៉ាងនេះ ព្រោះខ្ញុំមានសេចក្តីរំជួលចិត្តជាងអ្នកផងទាំងអស់ ដោយសារមានភាពស្និទ្ធស្នាលជាមួយអ្នកទាំងនេះ កាលដែលខ្ញុំបានទៅច្បាំងដែរ។

អ្នកដែលមានអាយុពុំត្រូវការ(៥) ឬអ្នកដែលមានអាការរោគក្នុងខ្លួន ឬអ្នកដែលជាប់ធ្វើការមុខក្រសួងនានាពុំបានទៅចូលច្បាំងក្នុងរវាង៤ឆ្នាំនោះ ក៏គង់តែឈ្វេងយល់ឃើញនូវសេចក្តីស្លាប់ដែលមកបៀតបៀនក្នុងខណៈនោះជានិច្ច។ ក្នុងថ្ងៃនេះគួរយើងទាំងអស់គ្នាគិតនឹកដឹងគុណ និងមេត្រីដ៏ប្រសើរដល់អ្នកដែលស៊ូប្តូរជីវិត ប្តូរទ្រព្យសម្បត្តិជួសយើង ហើយយើងត្រូវបែរមុខទៅកាន់អ្នកដែលបាត់បង់ជីវិតទាំងនេះដោយតាំងចិត្តឱ្យស្មោះសរ ដោយសេចក្តីកតញ្ញូ និងសេចក្តីនឹករលឹកដោយគោរព ទៅដល់អ្នកទាំងនេះ ពីព្រោះគេ៖ បានការពារយើង, បានធ្វើឱ្យវិនាសចំពោះការគ្រប់គ្រងទាំងរំលោភបំពានរបស់សត្រូវ, បានយកគំនរខ្មោចដែលស្លាប់ទាំងនោះទៅទប់ទល់ធ្វើឱ្យឈ្នះសត្រូវបាន។ ទោះព្រលឹមព្រាងៗក្តី ទោះយប់ងងឹតក្តី ក៏ បុគ្គលទាំងនេះស៊ូតែរត់ពីក្នុងដី ជាប់ផុកជាប់ឈាមទៅរកសេចក្តីស្លាប់ ពុំមានញញើតដល់តិចឡើយ។ ទោះច្បាំងនៅស្រុក«ឡាម៉ានន៍»(La Marne)ក្តី ទៅស្រុក«វែរដង»(Verdun)ក្តី ក៏ចេះតែខំស្រែកគំរាម ឱ្យពួកសត្រូវដូច្នេះថា«ចូលពុំបានទេ»។

ឱអ្នកអនិច្ចកម្មក្នុងចម្បាំងធំអើយ! ដែលស្លាប់ជាច្រើននៅនាទីចម្បាំង នៅវេលាស្រុកកើតវិបរិត(៦)ហើយស្លាប់ដោយមានចិត្តសង្ឃឹមជាប្រាកដថានឹងមានជ័យជម្នះ ក៏ខំស៊ូប្តូរជីវិតរបស់អ្នកឱ្យខាងតែបាន រួចពីខ្ញុំកញ្ជះគេ និងរួចពីកណ្តាប់ដៃមនុស្សជាសត្រូវគ្មានមេត្តាករុណា។ យើងក៏សូមសម្តែងនូវសេចក្តីកតញ្ញូដឹងគុណ និងសេចក្តីមេត្រីរបស់យើង ចំពោះអ្នកនៅរស់រានមានជីវិតទាំងបារាំងទាំងខ្មែរ ដែលមានចិត្តក្លាហានដូចគ្នា។ ថ្វីដៃដែលអ្នកបានធ្វើទាំងប៉ុន្មាននេះ មានជ័យជម្នះលើសាសន៍មោហោដែលមកសង្កត់សង្កិនអាណាប្រជានុរាស្ត្រយើង។ 

ឯសេចក្តីអធិប្បាយសរសើរទាំងនេះ ក៏គង់តែនឹងភ្លេចពុំខាន។ មានតែវិមានសំរឹទ្ធិ៍នេះឯងហើយដែលធ្វើឱ្យបានគង់ កេរតទៅ ព្រោះវិមាននេះអាចនឹងរំឭកអ្នកណាដែលភ្លេចឱ្យចាំឈ្មោះអ្នកដែលស្លាប់នោះឡើងវិញ។ វិមាននេះក៏អាចធ្វើឱ្យអ្នកឯទៀតចាំសេចក្តីមេត្តាករុណាឱ្យបានយូរអង្វែង ដែលជាកិច្ចរបស់អ្នកទាំងអស់។

ម៉្យាងទៀត វិមាននេះធ្វើឱ្យអ្នកនៅក្រោយៗ ដឹងកិច្ចការដែលបានជួយធុរៈគ្នាទៅវិញទៅមកទាំងបារាំងទាំងខ្មែរ ដែលបានស៊ូប្តូរជីវិតដើម្បីឱ្យបានសេចក្តីយុត្តិធម៌ និងសេចក្តីរួចខ្លួនធ្វើអ្វីៗបានតាមចិត្ត។ ខ្ញុំមានចិត្តចង់ស្លេះ(៧) សេចក្តីអធិប្បាយនេះត្រឹមនេះ។

(សូមរង់ចាំអានភាគបន្ត…)


(១)គឺប្រធានសមាគមពួកពិជ័យសង្គ្រាមចាស់ (Président de l’Association des Anciens Tirailleurs)។
(២)បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ៩៧-១០១។
(៣)បំណាច់គឺ ថ្វីដៃ ឬស្នាដៃ វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ៥៩៣។
(៤)ស្រុកទិសបូព៌ (អូរីអង្ត) គឺនៅបូព៌ាប្រទេស (Les pays de l’Orient)។
(៥)អ្នកដែលមានអាយុលើសពីតម្រូវការឱ្យធ្វើទាហាន។
(៦)វិបរិត គឺដែលប្រែប្រួល វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ ១១៩០។

RAC Media



អត្ថបទទាក់ទង

«សន្តិភាពធានានូវការអភិវឌ្ឍគុណភាពជីវិតរស់នៅរបស់ប្រជាជន»

(តាកែវ)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០) នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្...

2020-01-10 06:06:53   Fri, 10,01,2020, 06:06 AM
អត្ថបទ ស្ដីពី ការដំឡើង «របាំច្បោះជ័រ»

ស្រាវជ្រាវនិងចងក្រងដោយ៖ ផុន កសិកា, ប្រែង ពិសិដ្ឋ, លោកស្រីម៉ិល វាសនា, យ៉ាន់ វិភារតន៍, តាកេត ស័កដា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។...

2020-01-08 08:01:59   Wed, 08,01,2020, 08:01 AM
«៧ មករា» ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំ

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍កម្ពុជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកបណ្ឌិត គិន ភា ប្...

2020-01-06 07:24:10   Mon, 06,01,2020, 07:24 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំតាមដានការងារ ភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...

2020-01-06 05:48:40   Mon, 06,01,2020, 05:48 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបង្កើនប្រសិទ្ធភាពការងារ ពិសេសបង្កើនស្នាដៃស្រាវជ្រាវឱ្យឆ្លើយតបនឹងបញ្ហាអាទិភាពរបស់សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...

2020-01-03 09:01:26   Fri, 03,01,2020, 09:01 AM
Challenges for Cambodian Workers in Thailand

By: Sam Seun, Researcher of Royal Academy of CambodiaEmail: samseun77@gmail.com

2020-01-03 08:38:47   Fri, 03,01,2020, 08:38 AM

សេចក្តីប្រកាស