Royal Academy of Cambodia
ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ក្រោមអធិបតីភាពព្រះបាទសម្តេចស៊ីសុវត្ថិ និងរេស៊ីដង់ជាន់ខ្ពស់បារាំង
http://rac.gov.kh/royal-academy/research/attachments/original/115.pdf?1559621423
បន្ទាប់ពីលោករេស៊ីដង់ជាន់ខ្ពស់បារាំងបានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ ដូចបានបង្ហាញនៅក្នុងភាគទី៧ វគ្គទី៤ នៅក្នុងភាគទី៧ វគ្គទី៥នេះគឺសង្កថា[1]របស់ព្រះបាទសម្តេចស៊ីសុវត្ថិ។ សូមបញ្ជាក់ថា ទោះបីជាព្រះអង្គមានព្រះជន្មច្រើន ហើយទើបតែងើបពីអាពាធខ្លាំងក៏ដោយ ក៏ព្រះអង្គនៅតែយាងមកជាអធិបតីនៅក្នុងពិធីបុណ្យនេះ ដោយបានធ្វើសេចក្តីអធិប្បាយខ្លីៗ និងមានសេចក្តីកត់ត្រា ដែលមានខ្លឹមសារដើម និងការកែសម្រួលមួយចំនួនដូចខាងក្រោម៖
៧-៣-សង្កថារបស់ព្រះបាទសម្តេចស៊ីសុវត្ថិ[1]
ជម្រាបលោក ឡឺរេស៊ីដង់ សុប៉េរីយ៉ើរ ជ្រាប។
សេចក្តីលើកតម្កើងអ្នកមានចិត្តទាហានក្លាហាន ដែលទ្រង់ទើបបានស្តាប់ឈ្មោះដែលគេហៅអម្បាញ់មិញនោះ ជាការមួយដែលត្រូវគង់នៅជានិច្ចកាលតរៀងទៅ ដោយមានសេចក្តីទំនុកបម្រុងឈឺឆ្អាលពីរាជការគូវែរណើម៉ង់បារាំងសែស[2]និងពីជាងរចនាឈ្មោះលោកឌូក្វាំង (Ducoing) ដែលបានសាងវិមានទុកសម្គាល់ជាកេរទៅមុខរកអ្វីនឹងធៀបពុំបាន។
ការដែលបានរៀបចំពិធីបុណ្យយ៉ាងសម្បើម ដោយមានការរៀបចំតាក់តែងយ៉ាងសំខាន់ មានការហែក្បួនយ៉ាងមាំមួន និងមានទាំងមនុស្សគ្រប់ភាសាមកពីខេត្តក្រៅដែលនៅឆ្ងាយជាងគេនោះ ឃើញថាការទាំងអស់នេះនាំឱ្យរំឭកដោយរំជួលក្នុងចិត្តដល់អស់ទាំងអ្នកមានថ្វីដៃ ដែលបានបាត់បង់ជីវិតដោយបានជួយការពារព្រះមហានគរអាណាព្យាបាល [3] ដែលមានចិត្តសប្បុរសជ្រះថ្លានឹងតយុទ្ធជាមួយនិងព្រះមហានគរសម្ព័ន្ធមិត្តទាំងប៉ុន្មានដើម្បីឱ្យរួចពីសេចក្តីទុក្ខ បានសុខជាឯកចិត្តតរៀងទៅ។
ទ្រង់ព្រះករុណាមានព្រះរាជហឫទ័យ រំជួលជាខ្លាំងពន្លឹកបើកាលណាទ្រង់នឹកដល់ទៅទីកន្លែងចម្បាំង ដែលសេនាទាហានរបស់ព្រះករុណា ព្រមទាំងសេនាទាហានទិសខាងលិចបានចូលច្បាំងតយុទ្ធ អំពីដំណើរជាមួយគ្នា ហើយបាន យកឈាមទៅតស៊ូនាំឱ្យនគរក្រុងកម្ពុជានិងព្រះមហានគរបារាំងសែស មានសេចក្តីរឹតតែមេត្រីស្និទ្ធស្នាល ទៅវិញទៅមកថែមទៀត។
អាណាប្រជានុរាស្ត្ររបស់ទ្រង់មានអំណររីករាយ ដោយបានឃើញក្នុងពិធីបុណ្យថ្ងៃនេះនូវវិមានយ៉ាងសំខាន់សម្រាប់ទុករំឭកគុណដល់អ្នកដែលបានតយុទ្ធដោយសុចរិតស្មោះត្រង់ក្នុងចម្បាំងនេះ។ ព្រះករុណាមានសេចក្តីសោមនស្ស ដោយទ្រង់បានយល់ថាការដែលធ្វើដូច្នេះនេះជាតម្រូវនឹងព្រះរាជហឫទ័យ ដែលចង់ឱ្យសំណាងនៃនគរយើងជាប់រួបរួមគ្នាជាមួយនឹងសំណាងនៃនគរបារាំងសែស ជានិច្ចកាលតរៀងទៅ។
ព្រះអង្គបានថ្លែងអំណរគុណចំពោះព្រះមហានគរជាអាណាព្យាបាល ដែលបានកសាងវិមាននេះ នាំឱ្យក្រុងភ្នំពេញមានសេចក្តីថ្កើងរុងរឿងមានកេរ្តិ៍ឈ្មោះពីរោះល្អ ហើយជាការគោរពស្គាល់គុណយ៉ាងខ្ពស់បំផុត ដល់អស់អ្នកដែលមានគុណបំណាច់ថ្វីដៃ ដែលបានបាត់បង់ជីវិតក្នុងគ្រាចម្បាំងធំនេះ។
(សូមរង់ចាំអានភាគបន្ត…)
[១] ប្រភពរូបថត : https://sopheak.wordpress.com/2015/11/30។
[២] សង្កថា(Allocution) គឺការថ្លែងសេចក្តីមាត់ទទេ វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១២៣៤។ [៣] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ៩៥-៩៧។
[៤] គូវែរណើម៉ង់បារាំងសែស(Gouvernement français) គឺរដ្ឋាភិបាលបារាំង។
[៥] ព្រះមហានគរអាណាព្យបាល គឺប្រទេសបារាំង។
RAC Media
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...
បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃ...
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ...
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សា...