Royal Academy of Cambodia
អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១»
(https://i.pinimg.com/originals/fe/53/31)
នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើងសូមលើកយកបណ្ណសារស្តីពី «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)»[1] មកបង្ហាញបន្ត ដោយមានខ្លឹមសារដើម និងមានការកែសម្រួលមួយចំនួនដូចខាងក្រោម៖
នគរបារាំងសែស បានចាត់ចែងឱ្យរៀបរយ ពុំមែនរៀបរយដោយសង្កត់សង្កិនបង្ខំទេ គឺរៀបរយដោយចិត្តប្រាថ្នានៃបណ្តារាស្ត្រ ដែលចង់ធ្វើការរកស៊ីដោយសុខក្សេមក្សាន្ត ហើយឱ្យបានផលប្រយោជន៍មកប្រើការ។
ឯនគរក្រុងកម្ពុជា ដែលបាក់បែកខូចខាតដោយមានចម្បាំងរាំងជល់មកពីប្រទេសក្រៅ ឬកើតនៅក្នុងស្រុកនោះ នគរបារាំងសែសបានដឹកនាំ និងជួយទំនុកបម្រុងឱ្យកើតឡើងជានគរ១បរិបូណ៌ មានផ្លូវធំទូលាយគ្រប់ទិស ដើរបានដោយស្រួល ឥតមានភ័យបារម្ភអ្វីឡើយ។ គ្មានច្បាំងចេញមួយដំណក់ឈាមនោះនគរបារាំងសែសបានយកខេត្ត ដែលសត្រូវដណ្តើមទៅ មកប្រគល់ឱ្យនគរក្រុងកម្ពុជាវិញ។ នគរបារាំងសែសបានផ្ចាញ់ផ្ចាលជាមាំមួនតាមរបត់របៀបជំងឺ ដែលកាលពីដើមនាំឱ្យខូចខាតមនុស្សជាច្រើន ហើយដែលឥឡូវនេះកាន់តែអន់ៗតែរាល់ថ្ងៃ[2]។ នគរបារាំងសែស បានផ្សាយការរៀនសូត្រហើយបានសាងវត្តឡើងវិញ វត្តដែលជាទីកន្លែងបណ្តារាស្ត្រខ្មែរប្រជុំតាមផ្លូវសាសនាខ្មែរ។ នគរបារាំងសែសមិនមែនគិតចង់បំផ្លាញសេចក្តីដែលបណ្តារាស្ត្រខ្មែរជាន់ឥឡូវនេះនឹករំឭកដល់កាលបុរាណរបស់ខ្លួន ដែលថ្កុំថ្កើងរុងរឿងដើម្បីនឹងគេស្និទ្ធស្នេហានឹងខ្លួននោះទេ[3] មានតែខិតខំធ្វើឱ្យសាវតារបុរាណនោះ លេចឡើងឱ្យឃើញច្បាស់ថែមទៀត។ នគរបារាំងសែស ខិតខំថែរក្សាប្រាសាទបុរាណទាំងប៉ុន្មាន ដែលគេសរសើរនៅគ្រប់ប្រទេសក្នុងជម្ពូទ្វីប ហើយដែលជាទីញុំាងគោលចារឹកថ្វីដៃ និងចំណេះខាងចម្បាំង របស់ជនជាតិខ្មែរ ហើយនិងសេចក្តីឧត្តមប្រសើរ នៃសាវតារជានគរក្រុងកម្ពុជាធិបតី។ នគរបារាំងសែស ទុកឱ្យនៅមានទំនុំទំនៀមខាងផ្នែកសាសនា បានឱ្យរៀនសូត្រភាសាបាលី សំស្ក្រឹត ហើយបានរៀបចំការរចនា ដែលហៀបនឹង[4]រលត់សោះសូន្យ។ រាជការអាណាព្យាបាលគ្មានធ្វើការអ្វីឱ្យចិត្តគំនិតបណ្តារាស្ត្រខ្មែរ កែប្រែទៅតាមបទអាក្រក់ទេ មិនតែប៉ុណ្ណោះបានប្រុងប្រយ័ត្នជាមាំមួន មិនឱ្យបទអាក្រក់បៀតបៀនខ្លួនបណ្តារាស្ត្រខ្មែរ ប្រៀបដូចជាបានធ្វើការកាប់គាស់ដើមឈើ ដែលដុះរុំប្រាសាទបុរាណនោះចេញអស់[5]។ ការដែលបានធ្វើដូច្នេះទៅទើបចំណេះដឹងដ៏ប្រសើរនៃបណ្តារាស្ត្រខ្មែរលេចចេញភ្លឺច្បាស់ក្នុងគ្រាឥឡូវនេះ ហើយដែលបានលទ្ធផលដូច្នេះនេះ គឺដោយសារមាននគរបារាំងសែសជួយផង។ ឯទំនាយបុរាណដែលចងទុកមកថា នគរក្រុងកម្ពុជាធិបតីមិនសោះសូន្យទេនោះ ឃើញច្បាស់ជាប្រាកដថា នគរក្រុងកម្ពុជាប្រាកដជាមិនសោះសូន្យមែន។
ដោយសារអាយុជីវិតនៃនគរនេះផ្សារភ្ជាប់ជាដរាបជាមួយនឹងអាយុជីវិតនៃនគរបារាំងសែសនោះ អ្នកដែលបានបាត់បង់ជីវិតទៅក៏បានយល់ច្បាស់ហើយ ទើបអ្នកទាំងនោះហ៊ានទៅតទល់នឹងគ្រឿងអាវុធសម្បើមជាទីបំផុត របស់អ្នកដែលប្រព្រឹត្តបទទុច្ចរិត(ប្រទេសអាល្លឺម៉ង់)។ ទោះបីជាអ្នកយល់ពុំបានភ្លឺច្បាស់ក៏ដោយ ក៏គង់តែអ្នកដឹងក្នុងពោះថា បើទ័ពអាល្លឺម៉ង់ចូលក្នុងដែនបារាំងសែសបានជោគជ័យនោះជីវិតអ្នកឯងនិងទ្រព្យរបស់ញាតិសន្តាន ផ្នូរជីដូនជីតានិងព្រលឹងអ្នកឯងមុខជារងគ្រោះ ក្នុងពេលនោះជាមិនខានឡើយ។ ហើយដែលអ្នកទៅបង់ជីវិតជួយនគរបារាំងសែសនោះ ទុកដូចជាអ្នកជួយនគរក្រុងកម្ពុជាផងដែរ។
អ្នកបានទៅធ្វើការឱ្យព្រះមហានគរ និងឱ្យស្រុកអ្នកក្នុងវេលាចម្បាំងគ្មានគិតវែងឆ្ងាយអ្វី អ្នកទៅនោះដូចគេតទល់នឹងចោរកំណាចនិងបក្សាអាក្រក់។ អ្នកដែលទៅដោយសេចក្តីសុចរិត ដែលអ្នកកាន់ពីជីដូនជីតាមក ដោយសេចក្តីក្លាហាន ដូចអ្នកមានថ្វីដៃពីបុរាណហើយ ដោយមានសេចក្តីសង្ឃឹមថាខ្មោចអ្នកនោះ គេតម្កល់តម្កើងច្រើនពាន់ឆ្នាំទៅមុខ។
ឥឡូវនេះខ្ញុំបែរមកខាងអ្នកឯងរាល់គ្នា ដែលជាកូនសិស្សរៀនសូត្រនៅសាលាយើង។ អ្នកឯងក្នុងថ្ងៃនេះមានសេចក្តីរំជួលជាមួយគ្នាទាំងអស់ទុកជាសាសន៍ដទៃពីគ្នាក៏ដោយ។ អ្នកឯងនៅក្នុងកំឡុងអាយុដែលសេចក្តីស្រៀវស្រើប នៅជាប់ខ្លាំងក្នុងគំនិតចិត្តអ្នកឯង ចិត្តខ្ញុំចង់ឱ្យឱកាសបុណ្យនេះនាំគំនិតមារយាទអ្នកឯងឱ្យសម្រេចទៅតាមផ្លូវមួយជាស្រេច តាំងពីថ្ងៃនេះតទៅ។ ខ្ញុំចង់ឱ្យឱកាសបុណ្យនេះនៅក្នុងគំនិតមារយាទអ្នកទាំងស្រុង ប្រៀបដូចវិមាននេះ នៅកណ្តាលទីនេះឯង។
ឯបារាំងសែសនិងខ្មែរ ដែលស៊ូប្រថុយជីវិតស្លាប់បង់នេះ គឺដើម្បីឱ្យអ្នកឯងរាល់គ្នា បានរស់នៅដោយឯកចិត្ត ហើយកុំឱ្យអាប់ឱនកិត្តិយស។ ឯខ្លួនអ្នកឯងមិនមែនគ្រាន់តែឱនក្បាលគោរពប្រណិបត្តិនៅមុខវិមាន ដែលមានកត់ឈ្មោះអ្នកទាំងនោះ ហើយគ្រាន់តែនឹករំឭកដល់តែប៉ុណ្ណោះទេ គឺត្រូវធ្វើជាបន្តនិងបង្ហើយកិច្ចការដែលអ្នកទាំងនោះបានចាប់ផ្តើមធ្វើកន្លងមក។
អើ!យើងប្រាថ្នា យើងសង្ឃឹមឱ្យអ្នករាល់គ្នាជៀសរួចផុតពីសេចក្តីទុក្ខ ដែលអ្នកទាំងនោះទៅទ្រាំ ត្រដរបង់ជីវិត ឯការសឹកសង្គ្រាមនេះបង្កើតបទល្អប្រសើរប្រាកដមែន តែទម្រាំបានបទល្អនោះមក ត្រូវប្តូរថ្លៃណាស់ បានហៅថាពេញជាមនុស្ស។ ប៉ុន្តែពេលនឹកដល់រឿងនេះ មានសេចក្តីស្អប់ខ្លាំង។ ១ទៀតអ្នកទាំងនោះស៊ូស្លាប់បង់ជីវិតនេះ ដើម្បីឱ្យអ្នករាល់គ្នាបានសេចក្តីសុខ តែសេចក្តីសុខនោះត្រូវឱ្យមានធ្វើការឱ្យបានផលប្រយោជន៍។ តែអ្នកឯងរាល់គ្នាបណ្តែតបណ្តោយពុំធ្វើនៅក្នុងវេលាដែលខ្លួននៅក្មេងនេះ ទុកជាអ្នកឯងក្បត់អ្នកទាំងនោះ។ នៅជុំវិញខ្លួនអ្នកឯង មាននគរ១ធំ ដែលមានផ្ទៃដីទូលំទូលាយ ផ្តល់ផលច្រើនឥតគណនា។ អ្នកឯងត្រូវខិតខំស៊ូអត់ទ្រាំនិងឱ្យមានចិត្តជឿជាក់ពីការងារអ្នកឯងធ្វើ ដើម្បីនឹងយកផលចេញពីដីនោះ ដោយបានកាន់សេចក្តីទាំងនេះ ទើបអ្នកទៅច្បាំងឈ្នះគេបាន។ មួយទៀតត្រូវចាំទុកជាដរាបដូចជារបស់ដែលគេគោរពប្រណិបត្តិសេចក្តីរួមចិត្តចូលគ្នា ដូចបងប្អូនបង្កើតនិងសេចក្តីជួយគ្នាទៅវិញទៅមក ដែលអ្នកទាំងនោះបានយកឈាមទៅចងភ្ជាប់។
ប៉ុន្តែខ្ញុំមានសេចក្តីអំណរជឿជាប្រាកដ ថាពាក្យទូន្មានប្រដៅនេះ ទុកជាលើសហួសឥតប្រយោជន៍ក៏បាន។ នៅលើវិមានថ្មកែវនេះកូនក្មេងដែលម្តាយមានសេចក្តីអរខ្លាំង ហុចទៅឱ្យអ្នកដែលមានជ័យជម្នះនេះសមជាកូនចៅសាសន៍មនុស្សចិត្តក្លាហានជាប្រាកដ។
ឱអ្នកមរណៈបារាំងសែស! អ្នកមរណៈខ្មែរ! ដែលឈាមលាយចូលគ្នា ក្នុងវេលាចម្បាំងនាំបណ្តាលឱ្យនគរអាណាព្យាបាល និងនគរដែលនៅក្នុងបន្ទុកនគរនោះជាប់ស្ពានមេត្រីគ្នាតាំងពីឥឡូវនេះទៅនិងឃ្លាតពីគ្នាពុំបាន។ ឱខ្មោចដែលយើងគោរពប្រណិបត្តិ! ដោយយើងមានសេចក្តីកោតសរសើរ និងសេចក្តីកតញ្ញូព្រមគ្នានោះ អ្នករាល់គ្នាបានទៅច្បាំងហើយអនិច្ចកម្មទៅយើងបន់សុំឱ្យចម្បាំងដែលធំគួរស្ញែង ដែលអ្នកបានចូលតយុទ្ធនេះជាចម្បាំងក្រោយបង្អស់ កុំឱ្យមានតទៅទៀត។ អ្នកផ្សាយឈាមអ្នកចេញគ្មានគិត អ្នកស៊ូបង់ជីវិតបំណងឱ្យតែស្រុកដូនតាអ្នកមកក្រោយមក បានសុខសាន្តត្រាណជាយូរអង្វែង ដើម្បីឱ្យមានកម្លាំងឡើងវិញ ហើយនឹងបានជួសជុលរបស់បាក់បែកខូចខាតជាច្រើន ក្នុងវេលាចម្បាំងធំជាទីបំផុតនេះ។
ឯបទល្អប្រសើរ នូវសេចក្តីដែលអ្នកស៊ូបង់ជីវិតនេះ នៅជាដរាបក្នុងពោះយើង។ សូមឱ្យអ្នកមានសេចក្តីថ្កុំថ្កើងរុងរឿង។
ឯឈ្មោះអ្នកកត់ជាប់នៅៗ ក្នុងចិត្តគំនិតសាសន៍ទាំង២នេះ។
ឯទង់ជ័យមានជ័យជម្នះរបស់យើងនេះ ក៏ឱនប្រណិបត្តិអ្នករាល់គ្នា។ សូមឱ្យអ្នកបានមគ្គផល កុសលបុណ្យដោយសេចក្តីល្អ ដែលអ្នកបានធ្វើទុកនូវគំរូដែលអ្នកកត់ក្នុងថ្មកែវ និងសំរឹទ្ធិនេះទុកជាដរាបឱ្យអ្នកឯក្រោយយកតម្រាប់តាម។ ខ្លួនអ្នកប្រៀបដូចជាគោម ដែលក្នុងវេលាក្រីក្រនោះ កូនចៅជាន់ក្រោយ នឹងបែរក្រឡេកមកមើលជាដរាប។ ខ្លួនអ្នកប្រៀបដូចជាភ្លើងដែលគំនិតមាតាកាលណាអន់ទន់(ចង់រលត់) នឹងមកអុជឱ្យមានកម្លាំងឡើងវិញ ហើយភ្លើងនោះបណ្តាលនាំឱ្យមានសេចក្តីល្អក្នុងព្រះនគរគ្មានអាក់ ព្រោះភ្លើងនោះសម្លាប់បទទុច្ចរិតអាក្រក់។
(សូមរង់ចាំអានភាគបន្ត…)
---------------------
កំណត់សម្គាល់៖
[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ៩០-៩៥។
[២] ឃ្លានេះមានន័យថា ប្រទេសបារាំងមានជោគជ័យក្នុងការកម្ចាត់ជំងឺនានា ដែលនាំឱ្យស្លាប់មនុស្សជាច្រើននៅសម័យនោះ ដូចជា៖ ជំងឺពិស ជំងឺអុតធំ និងជំងឺអាសន្នរោគ (la peste, la variole et le choléra)។
[៣] ឃ្លានេះមានន័យថា បារាំងមិនបានហាមឃាត់ខ្មែរចំពោះការរំឭកអំពីភាពរុងរឿងនៃអតីតកាលរបស់ខ្មែរនោះទេ។
[៤] ហៀបនឹង គឺទៀបនឹង ជិតនឹង រកកល់នឹង វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៥២៨។
[៥] ឃ្លានេះមានន័យថា បារាំងបានជួយសម្អាតចិត្តខ្មែរប្រៀបដូចជាការសម្អាតប្រាសាទបុរាណ ដែលមានព្រៃព្រឹក្សាដុះព័ទ្ធជុំជិត ជាពិសេសក្រោយពេលសៀមប្រគល់ខេត្តបាត់ដំបង សៀមរាប និង សិរីសោភណ្ឌ នៅឆ្នាំ១៩០៧។ សកម្មភាពសម្អាតប្រាសាទនេះ បានធ្វើពីឆ្នាំ១៩០៨ ដល់ ឆ្នាំ១៩៣០ ក្នុងក្របខណ្ឌនៃ«កិច្ចអភិរក្សអង្គរ»(Conservation d’Angkor)។
ទាញយកអត្ថបទជា pdf ពីគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.gov.kh/royal-academy/research/attachments/original/110.pdf?1558940897
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋ...
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើ...
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...