ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៤ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-05-27 07:18:49 ថ្ងៃច័ន្ទ, 27 ឧសភា 2019, 07:18 AM
post_detail

អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» 
(https://i.pinimg.com/originals/fe/53/31)

នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើងសូមលើកយកបណ្ណសារស្តីពី «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)»[1] មកបង្ហាញបន្ត ដោយមានខ្លឹមសារដើម និងមានការកែសម្រួលមួយចំនួនដូចខាងក្រោម៖

នគរបារាំងសែស បានចាត់ចែងឱ្យរៀបរយ ពុំមែនរៀបរយដោយសង្កត់សង្កិនបង្ខំទេ​ គឺរៀបរយដោយចិត្តប្រាថ្នានៃបណ្តារាស្ត្រ ដែលចង់ធ្វើការរកស៊ីដោយសុខក្សេមក្សាន្ត ហើយឱ្យបានផលប្រយោជន៍មកប្រើការ។          

ឯនគរក្រុងកម្ពុជា ដែលបាក់បែកខូចខាតដោយមានចម្បាំងរាំងជល់មកពីប្រទេសក្រៅ ឬកើតនៅក្នុងស្រុកនោះ នគរបារាំងសែសបានដឹកនាំ និងជួយទំនុកបម្រុងឱ្យកើតឡើងជានគរ១បរិបូណ៌  មានផ្លូវធំទូលាយគ្រប់ទិស ដើរបានដោយស្រួល ឥតមានភ័យបារម្ភអ្វីឡើយ។ គ្មានច្បាំងចេញមួយដំណក់ឈាមនោះនគរបារាំងសែសបានយកខេត្ត ដែលសត្រូវដណ្តើមទៅ មកប្រគល់ឱ្យនគរក្រុងកម្ពុជាវិញ។ នគរបារាំងសែសបានផ្ចាញ់ផ្ចាលជាមាំមួនតាមរបត់របៀបជំងឺ ដែលកាលពីដើមនាំឱ្យខូចខាតមនុស្សជាច្រើន ហើយដែលឥឡូវនេះកាន់តែអន់ៗតែរាល់ថ្ងៃ[2]។ នគរបារាំងសែស​ បានផ្សាយការរៀនសូត្រហើយបានសាងវត្តឡើងវិញ វត្តដែលជាទីកន្លែងបណ្តារាស្ត្រខ្មែរប្រជុំតាមផ្លូវសាសនាខ្មែរ។ នគរបារាំងសែសមិនមែនគិតចង់បំផ្លាញសេចក្តីដែលបណ្តារាស្ត្រខ្មែរជាន់ឥឡូវនេះនឹករំឭកដល់កាលបុរាណរបស់ខ្លួន ដែលថ្កុំថ្កើងរុងរឿងដើម្បីនឹងគេស្និទ្ធស្នេហានឹងខ្លួននោះទេ[3] មានតែខិតខំធ្វើឱ្យសាវតារបុរាណនោះ លេចឡើងឱ្យឃើញច្បាស់ថែមទៀត។ នគរបារាំងសែស ខិតខំថែរក្សាប្រាសាទបុរាណទាំងប៉ុន្មាន ដែលគេសរសើរនៅគ្រប់ប្រទេសក្នុងជម្ពូទ្វីប ហើយដែលជាទីញុំាងគោលចារឹកថ្វីដៃ និងចំណេះខាងចម្បាំង របស់ជនជាតិខ្មែរ ហើយនិងសេចក្តីឧត្តមប្រសើរ នៃសាវតារជានគរក្រុងកម្ពុជាធិបតី។ នគរបារាំងសែស ទុកឱ្យនៅមានទំនុំទំនៀមខាងផ្នែកសាសនា បានឱ្យរៀនសូត្រភាសាបាលី សំស្ក្រឹត ហើយបានរៀបចំការរចនា ដែលហៀបនឹង[4]រលត់សោះសូន្យ។ រាជការអាណាព្យាបាលគ្មានធ្វើការអ្វីឱ្យចិត្តគំនិតបណ្តារាស្ត្រខ្មែរ កែប្រែទៅតាមបទអាក្រក់ទេ មិនតែប៉ុណ្ណោះបានប្រុងប្រយ័ត្នជាមាំមួន មិនឱ្យបទអាក្រក់បៀតបៀនខ្លួនបណ្តារាស្ត្រខ្មែរ ប្រៀបដូចជាបានធ្វើការកាប់គាស់ដើមឈើ ដែលដុះរុំប្រាសាទបុរាណនោះចេញអស់[5]។ ការដែលបានធ្វើដូច្នេះទៅទើបចំណេះដឹងដ៏ប្រសើរនៃបណ្តារាស្ត្រខ្មែរលេចចេញភ្លឺច្បាស់ក្នុងគ្រាឥឡូវនេះ ហើយដែលបានលទ្ធផលដូច្នេះនេះ គឺដោយសារមាននគរបារាំងសែសជួយផង។ ឯទំនាយបុរាណដែលចងទុកមកថា នគរក្រុងកម្ពុជាធិបតីមិនសោះសូន្យទេនោះ ឃើញច្បាស់ជាប្រាកដថា នគរក្រុងកម្ពុជាប្រាកដជាមិនសោះសូន្យមែន។           

ដោយសារអាយុជីវិតនៃនគរនេះផ្សារភ្ជាប់ជាដរាបជាមួយនឹងអាយុជីវិតនៃនគរបារាំងសែសនោះ អ្នកដែលបានបាត់បង់ជីវិតទៅក៏បានយល់ច្បាស់ហើយ ទើបអ្នកទាំងនោះហ៊ានទៅតទល់នឹងគ្រឿងអាវុធសម្បើមជាទីបំផុត របស់អ្នកដែលប្រព្រឹត្តបទទុច្ចរិត(ប្រទេសអាល្លឺម៉ង់)។ ទោះបីជាអ្នកយល់ពុំបានភ្លឺច្បាស់ក៏ដោយ ក៏គង់តែអ្នកដឹងក្នុងពោះថា បើទ័ពអាល្លឺម៉ង់ចូលក្នុងដែនបារាំងសែសបានជោគជ័យនោះជីវិតអ្នកឯងនិងទ្រព្យរបស់ញាតិសន្តាន ផ្នូរជីដូនជីតានិងព្រលឹងអ្នកឯងមុខជារងគ្រោះ ក្នុងពេលនោះជាមិនខានឡើយ។ ហើយដែលអ្នកទៅបង់ជីវិតជួយនគរបារាំងសែសនោះ ទុកដូចជាអ្នកជួយនគរក្រុងកម្ពុជាផងដែរ។          

អ្នកបានទៅធ្វើការឱ្យព្រះមហានគរ និងឱ្យស្រុកអ្នកក្នុងវេលាចម្បាំងគ្មានគិតវែងឆ្ងាយអ្វី អ្នកទៅនោះដូចគេតទល់នឹងចោរកំណាចនិងបក្សាអាក្រក់។ អ្នកដែលទៅដោយសេចក្តីសុចរិត ដែលអ្នកកាន់ពីជីដូនជីតាមក ដោយសេចក្តីក្លាហាន ដូចអ្នកមានថ្វីដៃពីបុរាណហើយ ដោយមានសេចក្តីសង្ឃឹម​ថាខ្មោចអ្នកនោះ គេតម្កល់តម្កើងច្រើនពាន់ឆ្នាំទៅមុខ។          

ឥឡូវនេះខ្ញុំបែរមកខាងអ្នកឯងរាល់គ្នា ដែលជាកូនសិស្សរៀនសូត្រនៅសាលាយើង។ អ្នកឯងក្នុងថ្ងៃនេះមានសេចក្តីរំជួលជាមួយគ្នាទាំងអស់ទុកជាសាសន៍ដទៃពីគ្នាក៏ដោយ។ អ្នកឯងនៅក្នុងកំឡុងអាយុដែលសេចក្តីស្រៀវស្រើប នៅជាប់ខ្លាំងក្នុងគំនិតចិត្តអ្នកឯង ចិត្តខ្ញុំចង់ឱ្យឱកាសបុណ្យនេះនាំគំនិតមារយាទអ្នកឯងឱ្យសម្រេចទៅតាមផ្លូវមួយជាស្រេច តាំងពីថ្ងៃនេះតទៅ។ ខ្ញុំចង់ឱ្យឱកាសបុណ្យនេះនៅក្នុងគំនិតមារយាទអ្នកទាំងស្រុង ប្រៀបដូចវិមាននេះ នៅកណ្តាលទីនេះឯង។          

ឯបារាំងសែសនិងខ្មែរ ដែលស៊ូប្រថុយជីវិតស្លាប់បង់នេះ គឺដើម្បីឱ្យអ្នកឯងរាល់គ្នា បានរស់នៅដោយឯកចិត្ត ហើយកុំឱ្យអាប់ឱនកិត្តិយស។ ឯខ្លួនអ្នកឯងមិនមែនគ្រាន់តែឱនក្បាលគោរពប្រណិបត្តិនៅមុខវិមាន ដែលមានកត់ឈ្មោះអ្នកទាំងនោះ ហើយគ្រាន់តែនឹករំឭកដល់តែប៉ុណ្ណោះទេ គឺត្រូវធ្វើជាបន្តនិងបង្ហើយកិច្ចការដែលអ្នកទាំងនោះបានចាប់ផ្តើមធ្វើកន្លងមក។

អើ!យើងប្រាថ្នា យើងសង្ឃឹមឱ្យអ្នករាល់គ្នាជៀសរួចផុតពីសេចក្តីទុក្ខ ដែលអ្នកទាំងនោះទៅទ្រាំ ត្រដរបង់ជីវិត ឯការសឹក​សង្គ្រាម​នេះបង្កើតបទល្អប្រសើរប្រាកដមែន តែទម្រាំបានបទល្អនោះមក ត្រូវប្តូរថ្លៃណាស់ បានហៅថាពេញជាមនុស្ស។ ប៉ុន្តែពេល​នឹកដល់រឿងនេះ មានសេចក្តីស្អប់ខ្លាំង។ ១ទៀតអ្នកទាំងនោះស៊ូស្លាប់បង់ជីវិតនេះ ដើម្បីឱ្យអ្នករាល់គ្នាបានសេចក្តីសុខ តែ​សេចក្តីសុខនោះត្រូវឱ្យមានធ្វើការឱ្យបានផលប្រយោជន៍។ តែអ្នកឯងរាល់គ្នាបណ្តែតបណ្តោយពុំធ្វើនៅក្នុងវេលាដែលខ្លួននៅ​ក្មេងនេះ ទុកជាអ្នកឯងក្បត់អ្នកទាំងនោះ។ នៅជុំវិញខ្លួនអ្នកឯង មាននគរ១ធំ ដែលមានផ្ទៃដីទូលំទូលាយ ផ្តល់ផលច្រើនឥត​គណនា។ អ្នកឯងត្រូវខិតខំស៊ូអត់ទ្រាំនិងឱ្យមានចិត្តជឿជាក់ពីការងារអ្នកឯងធ្វើ ដើម្បីនឹងយកផលចេញពីដីនោះ ដោយបាន​កាន់សេចក្តីទាំងនេះ ទើបអ្នកទៅច្បាំងឈ្នះគេបាន។ មួយទៀតត្រូវចាំទុកជាដរាបដូចជារបស់ដែលគេគោរពប្រណិបត្តិ​សេចក្តី​រួមចិត្តចូលគ្នា ដូចបងប្អូនបង្កើតនិងសេចក្តីជួយគ្នាទៅវិញទៅមក ដែលអ្នកទាំងនោះបានយកឈាមទៅចងភ្ជាប់។

ប៉ុន្តែខ្ញុំមានសេចក្តីអំណរជឿជាប្រាកដ ថាពាក្យទូន្មានប្រដៅនេះ ទុកជាលើសហួសឥតប្រយោជន៍ក៏បាន។ នៅលើវិមានថ្មកែវនេះកូនក្មេងដែលម្តាយមានសេចក្តីអរខ្លាំង ហុចទៅឱ្យអ្នកដែលមានជ័យជម្នះនេះសមជាកូនចៅសាសន៍មនុស្សចិត្តក្លាហានជាប្រាកដ។

ឱអ្នកមរណៈបារាំងសែស! អ្នកមរណៈខ្មែរ! ដែលឈាមលាយចូលគ្នា ក្នុងវេលាចម្បាំងនាំបណ្តាលឱ្យនគរអាណាព្យាបាល និងនគរដែលនៅក្នុងបន្ទុកនគរនោះជាប់ស្ពានមេត្រីគ្នាតាំងពីឥឡូវនេះទៅនិងឃ្លាតពីគ្នាពុំបាន។ ឱខ្មោចដែលយើងគោរពប្រណិបត្តិ! ដោយយើងមានសេចក្តីកោតសរសើរ និងសេចក្តីកតញ្ញូព្រមគ្នានោះ អ្នករាល់គ្នាបានទៅច្បាំងហើយអនិច្ចកម្មទៅយើង​បន់​សុំ​ឱ្យ​ចម្បាំងដែលធំគួរស្ញែង ដែលអ្នកបានចូលតយុទ្ធនេះជាចម្បាំងក្រោយបង្អស់ កុំឱ្យមានតទៅទៀត។ អ្នកផ្សាយឈាមអ្នកចេញ​គ្មានគិត អ្នកស៊ូបង់ជីវិតបំណងឱ្យតែស្រុកដូនតាអ្នកមកក្រោយមក បានសុខសាន្តត្រាណជាយូរអង្វែង ដើម្បីឱ្យមានកម្លាំង​ឡើងវិញ ហើយនឹងបានជួសជុលរបស់បាក់បែកខូចខាតជាច្រើន ក្នុងវេលាចម្បាំងធំជាទីបំផុតនេះ។          

ឯបទល្អប្រសើរ នូវសេចក្តីដែលអ្នកស៊ូបង់ជីវិតនេះ នៅជាដរាបក្នុងពោះយើង។ សូមឱ្យអ្នកមានសេចក្តីថ្កុំថ្កើងរុងរឿង។          

ឯឈ្មោះអ្នកកត់ជាប់នៅៗ ក្នុងចិត្តគំនិតសាសន៍ទាំង២នេះ។          

ឯទង់ជ័យមានជ័យជម្នះរបស់យើងនេះ ក៏ឱនប្រណិបត្តិអ្នករាល់គ្នា។ សូមឱ្យអ្នកបានមគ្គផល កុសលបុណ្យដោយសេចក្តីល្អ ដែលអ្នកបានធ្វើទុកនូវគំរូដែលអ្នកកត់ក្នុងថ្មកែវ និងសំរឹទ្ធិនេះទុកជាដរាបឱ្យ​អ្នកឯក្រោយយកតម្រាប់តាម។ ខ្លួនអ្នកប្រៀបដូចជាគោម ដែលក្នុងវេលាក្រីក្រនោះ កូនចៅជាន់ក្រោយ នឹងបែរក្រឡេកមកមើលជាដរាប។ ខ្លួនអ្នកប្រៀបដូចជាភ្លើងដែលគំនិតមាតាកាលណាអន់ទន់(ចង់រលត់) នឹងមកអុជឱ្យមានកម្លាំងឡើងវិញ ហើយភ្លើងនោះបណ្តាលនាំឱ្យមានសេចក្តីល្អក្នុងព្រះនគរគ្មានអាក់ ព្រោះភ្លើងនោះសម្លាប់បទទុច្ចរិតអាក្រក់។

(សូមរង់ចាំអានភាគបន្ត…)

---------------------

កំណត់សម្គាល់៖

[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ៩០-៩៥។

[២] ឃ្លានេះមានន័យថា ប្រទេសបារាំងមានជោគជ័យក្នុងការកម្ចាត់ជំងឺនានា ដែលនាំឱ្យស្លាប់មនុស្សជាច្រើននៅសម័យនោះ ដូចជា៖ ជំងឺពិស ជំងឺអុតធំ និងជំងឺអាសន្នរោគ (la peste, la variole et le choléra)។

[៣] ឃ្លានេះមានន័យថា បារាំងមិនបានហាមឃាត់ខ្មែរចំពោះការរំឭកអំពីភាពរុងរឿងនៃអតីតកាលរបស់ខ្មែរនោះទេ។

[៤] ហៀបនឹង គឺទៀបនឹង ជិតនឹង រកកល់នឹង វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៥២៨។

[៥] ឃ្លានេះមានន័យថា​ បារាំងបានជួយសម្អាតចិត្តខ្មែរប្រៀបដូចជាការសម្អាតប្រាសាទបុរាណ ដែលមានព្រៃព្រឹក្សាដុះព័ទ្ធជុំជិត ជាពិសេសក្រោយពេលសៀមប្រគល់ខេត្តបាត់ដំបង សៀមរាប និង សិរីសោភណ្ឌ នៅឆ្នាំ១៩០៧។ សកម្មភាពសម្អាតប្រាសាទនេះ បានធ្វើពីឆ្នាំ១៩០៨ ដល់ ឆ្នាំ១៩៣០ ក្នុងក្របខណ្ឌនៃ«កិច្ចអភិរក្សអង្គរ»(Conservation d’Angkor)។

ទាញយកអត្ថបទជា pdf ពីគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.gov.kh/royal-academy/research/attachments/original/110.pdf?1558940897

អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ នៅឆ្នាំ២០២១»

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប...

2019-11-27 06:09:33   Wed, 27,11,2019, 06:09 AM
«ប្រជុំស្វាគមន៍ប្រធានស្តីទីថ្មីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម»

លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន...

2019-11-27 04:48:50   Wed, 27,11,2019, 04:48 AM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស...

2019-11-27 03:36:42   Wed, 27,11,2019, 03:36 AM
«ជំនួបស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុ...

2019-11-26 12:41:35   Tue, 26,11,2019, 12:41 PM
ពិធីសម្ពោធអគារឥន្ទ្រទេវី៖ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ប្រកាសផ្ដល់មន្ទីរពិសោធន៍កម្រិតស្តង់ដារមួយជូនរាជបណ្ឌិត្យសភាកម្ពុជា និងប្រគល់ភារកិច្ចសំខាន់ពីរជូនដល់រាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារកិត្តិយសជូនដល់គោរមវន្តចំនួ...

2019-11-22 07:48:16   Fri, 22,11,2019, 07:48 AM
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អញ្ជើញប្រកាសគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់គោរមវន្ត ៦ រូប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា...

2019-11-22 07:25:34   Fri, 22,11,2019, 07:25 AM

សេចក្តីប្រកាស