ព័ត៌មាន

«ស្ថានីយស្រែអំពិល អាចនឹងមានសំណល់ជើងប្រាសាទបុរាណសម័យមុនអង្គរ»

2019-05-25 16:05:54 ថ្ងៃសៅរ៍, 25 ឧសភា 2019 ម៉ោង 11:05 PM
អ្នកមើល 3658
post_detail

តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថាមានភស្ដុតាងមួយចំនួន ដែល​បង្ហាញនៅទីតាំងកំណាយមាន រចនាសម្ព័ន្ធសំណង់ឥដ្ឋសង់តម្រៀបគ្នាជាជួរៗ មានរាងចតុកោណកែងដែលតម្រៀបតាម​ទិស​កើតលិច (ប្រវែង៤,៥ម៉ែត្រ) និងទិសជើងត្បូង (ប្រវែង៤ម៉ែត្រ)។ ចំណែកនៅចំកណ្ដាលមានប្រហោងចំហរ ដែលលក្ខណៈនេះ អាចបញ្ជាក់បានថាទីនេះអាចជាអតីតប្រាសាទឥដ្ឋដែលជាផ្នែកខាងក្នុងនៃប្រាសាទ។ រីឯឥដ្ឋដែលមានក្នុងរចនាសម្ព័ន្ធគឺអាច​ជាជញ្ជាំងប្រាសាទ។ ក្រុមកំណាយស្រាវជ្រាវអាចសន្និដ្ឋានជាបឋមថា ទីតាំងនេះគឺជាប្រាសាទសង់ពីឥដ្ឋ ដែលបានសង់ឡើង​នៅកំឡុងសតវត្សរ៍ទី៦-៧នៃគ្រិស្គសករាជ ដែលស្ថិតនៅក្នុងសម័យមុនអង្គរ។ ចំពោះលទ្ធផលកំណាយទាំងស្រុងនឹងបង្ហាញច្បាស់លាស់បន្ទាប់ពីបញ្ចប់ការងារកំណាយស្រាវជ្រាវ។ នេះជាការបញ្ជាក់ពីក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះទៅត្រួតពិនិត្យការងារកំណាយដោយផ្ទាល់កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះដែរ ក៏មានវត្តមានរបស់លោកបណ្ឌិត ផុន កសិកា, លោក ហឿង សុធារស់ និងកញ្ញា តាកេត ស័កដា ដែលបានចុះទៅពិនិត្យមើលកំណាយស្រាវជ្រាវសង្រ្គោះមួយដែលដឹកនាំអនុវត្តដោយលោក ឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងប្រវត្តិសាស្រ្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅស្ថានីយស្រែអំពិល ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ការធ្វើកំណាយនេះ មានគោលបំណងដើម្បីស្វែងរកនូវស្លាកស្នាម កត់ត្រា និងប្រមូលទិន្នន័យបែបបុរាណវត្ថុវិទ្យានិងប្រវត្តិសាស្រ្តឱ្យអស់ពីលទ្ធភាពមុននឹងការអភិវឌ្ឍផ្សេងៗចាប់ផ្ដើមអនុវត្ត។

បើតាមលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ដែរថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិលដែលកំពុងអនុវត្តនេះ គឺជាប្រភេទកំណាយបុរាណវត្ថុវិទ្យាសង្រ្គោះ ដោយសារនាពេល​ខាងមុខនឹងមានគម្រោងសាងសង់សំណង់ផ្លូវក្រវ៉ាត់ក្រុងមួយសង់កាត់ចំត្រង់ចំណុចស្ថានីយប្រវត្តិសាស្រ្តស្រែអំពិលនេះតែម្តង។ 

អ្វីទៅជា«កំណាយបុរាណវិទ្យាសង្គ្រោះ»? 

បើតាមនិយមន័យទូទៅ គឺជាការស្រាវជ្រាវបែបបុរាណវត្ថុវិទ្យាដើម្បីការពារ សង្គ្រោះស្ថានីយបុរាណ វត្ថុបុរាណ ដោយធ្វើការកត់ត្រានិងប្រមូលទិន្នន័យពីស្ថានីយបុរាណដែលកំពុងប្រឈមពីការប្រែប្រួលឬបំផ្លាញពីកត្តាមនុស្សឬធម្មជាតិ។ កំណាយបុរាណវត្ថុវិទ្យាសង្គ្រោះ ផ្តោតលើការសិក្សាបុរាណវត្ថុនិងស្លាកស្នាមផ្សេងៗដែលស្ថិតនៅក្នុងទីតាំងស្ថានីយបុរាណដែលស្ថានភាពដើមនោះនឹងត្រូវទទួលរងនូវការប្រែប្រួលរូបរាង បាត់លក្ខណៈដើម (feature) នាពេលឆាប់ៗខាងមុខដោយប្រការណាមួយ មានដូចជាការអភិវឌ្ឍនានា ដូចជាការសាងសង់ឬកែលម្អផ្លូវ ការសាងសង់អគារនានាដូចជាផ្ទះ ការិយាល័យ មណ្ឌលឧស្សាហកម្មធំៗ ការបង្ហូរទឹកតាមជ្រលងភ្នំសម្រាប់កសាងអាងស្តុកទឹកជាដើម។ 

អ្នកស្រាវជ្រាវបុរាណវត្ថុវិទ្យាព្យាយាមធ្វើការ២កត់ត្រានូវរាល់ទិន្នន័យដែលមាននៅស្ថានីយផ្ទាល់ គូសផែនទី វាស់វែងនិយាមការ ថតរូប អនុវត្តនូវវិធីសាស្រ្តស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តផ្សេងៗទៀតឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ឱ្យបានរួសរាន់ទាន់ពេលវេលាដែលអំណោយផល មុនពេលដែលស្ថានីយបុរាណនោះត្រូវបានកែប្រែឬបំផ្លាញទាំងស្រុងតែម្តង។ ​

សូមបញ្ជាក់ថា លោកបណ្ឌិត ផុន កសិកា និងក្រុមការងារវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យកម្ពុជាក៏ធ្លាប់បានចុះមកសិក្សាស្រាវជ្រាវ រុករក ធ្វើផែនទី ធ្វើកំណាយបុរាណវិទ្យា ប្រមូលនូវសមុច្ច័យវត្ថុសិល្បៈមួយចំនួនធំនៅស្ថានីយបុរាណស្រែអំពិលនេះផងដែរ។​ រាល់លទ្ធផលស្រាវជ្រាវត្រូវបានចងក្រងផ្សព្វផ្សាយ និងរហូតបានបង្កើតជាគម្រោងសាងសង់សារមន្ទីរមួយស្ថិតក្នុងវត្តស្រែអំពិល ដើម្បីដាក់តាំងរូប វត្ថុសិល្បៈ សិលាចារិកជាដើមផង។​ កិច្ចការនោះបានរៀបចំរួចរាល់ ស្រេចបាច់ និងបានដាក់តាំងបង្ហាញជូនជាប្រយោជន៍សារធាណៈតាំងពីឆ្នាំ២០០៦មកម្លះ។

RAC Media 

សារមន្ទីស្រែអំពិលសង់នៅឆ្នាំ២០០៧ ស្ថិតក្នុងបរិវេណវត្តស្រែអំពិល


អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស