ព័ត៌មាន

«យុគថ្មរំលីងនៅបន្ទាយលង្វែក» ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2019-05-24 15:32:27 ថ្ងៃសុក្រ, 24 ឧសភា 2019 ម៉ោង 10:32 PM
អ្នកមើល 3705
post_detail

(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)

បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវត្ថុវិទ្យាក៏គ្មានដែរ។ ប្រភពចំណេះដឹងចម្បងនៃសម័យកណ្ដាលយោងទៅលើប្រវត្តិសាស្រ្តកម្ពុជា ដែលបានចងក្រងក្នុងសតវត្សរ៍ទី១៩ ដែលការចងក្រងនោះមានភាពស្មុគស្មាញ ច្របូកច្របល់លើកាលបរិច្ឆេទ ជាលក្ខណៈរឿងព្រេង និង កំណត់ត្រាការប្រកួតប្រជែងដណ្តើមរាជ្យដែលមានលក្ខណៈយូរអង្វែង។ កំណត់ត្រាទំាងនេះបានចម្លង និងកែសម្រួលជាច្រើនដង ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ចុងក្រោយនេះ។ កំណត់ត្រានេះមិន​មែន​ជាប្រភពប្រវត្តិសាស្រ្តទេ ដែលពោរពេញដោយគំនិតផ្ទុយគ្នាជាច្រើន មានការកែប្រែព័ត៌មានប្រវត្តិសាស្រ្ត និង មានកំហុសជាច្រើនដែរ។ 

ក្រុងលង្វែកមានទីតាំងស្ថិតនៅច្រាំងទន្លេសាបផ្នែកខាងលិច ប្រមាណ៤០គ.ម.ភាគឦសានក្រុងភ្នំពេញ។ យោងតាមកាលប្រវត្តិរបស់ព្រះរាជវាំងកម្ពុជា ព្រះបាទអង្គចន្ទទី១ បានសាងសង់ក្រុងលង្វែកនៅដើមសតវត្សរ៍ទី១៦ ក្នុងអំឡុងពេលនយោបាយក្នុងប្រទេសកំពុងជួបនូវភាពចលាចលដ៏ធំ។​​ យោងតាមកំណត់ត្រារបស់ជនជាតិអឺរ៉ុបដំបូងដែលកត់ត្រាដោយលោក Gaspar da Cruz ជនជាតិព័រទុយហ្គាល់ដែលបានមកធ្វើទស្សនៈកិច្ចនៅក្រុងលង្វែកនៅឆ្នាំ១៥៥៥ និង កំណត់ត្រាជនជាតិអឺរ៉ុបដែលគេបានទទួលស្គាល់អំពីការសាងសង់ក្រុងលង្វែកនៅដើមសតវត្សរ៍ទី១៧ បានបង្ហាញថា ព្រះបាទអង្គច័ន្ទបានត្រឡប់ពីក្រុងអយុធ្យា ដើម្បីមក​ដណ្តើមរាជបល្ល័ង្កមកវិញពីអ្នកដែលគ្រប់គ្រងនៅក្រុងស្រីសន្ធរ។ បន្ទាប់ពីមានការប៉ុនប៉ងដណ្តើមអស់រយៈពេលបីលើកក្រុងលង្វែកបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ស្តេចណារេស៊ូននៃក្រុងអយុធ្យាក្នុងឆ្នាំ១៥៩៤ ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងអធិបតេយ្យភាពរបស់ថៃ ឬ វៀតណាម រហូតដល់សម័យអាណានិគមបារាំង។ 

អ្នកស្រាវជ្រាវបរទេសនៃសាកលវិទ្យាល័យហ្ល្វិនដឺស ប្រទេសអូស្រ្តាលី (Flinders University) និងវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា​ដើម្បីសម្បត្តិវប្បធម៌នៃប្រទេសជប៉ុន (NARA Institute) បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរាជបណ្ឌិត្យសភាកម្ពុជាផង សិក្សាស្រាវជ្រាវអំពីរាជធានីសម័យកណ្តាល និង បុរាណដ្ឋានជុំវិញ។ គម្រោងស្រាវជ្រាវបុរាណវត្ថុវិទ្យានេះសិក្សាទៅលើរាជធានីដើមសម័យទំនើបដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ និង ទន្លេសាបក្នុងចន្លោះឆ្នាំ១៣៥០ដល់១៧៥០ ដែលរួមមានរាជធានីលង្វែក (បន្ទាយលង្វែក) រាជធានីឧដុង្គ រាជធានីស្រីសន្ធរ រាជធានីទួលបាសាន។ នៅអាស៊ីភាគអាគ្នេយ៍មានការផ្លាស់ប្តូរជាច្រើនទៅលើការគ្រប់គ្រងរដ្ឋ ជាតិសាសន៍នៅដើមសម័យទំនើប។ ការស្រាវជ្រាវនៅកម្ពុជាក្នុងអំឡុងពេលនៃការពង្រីកការធ្វើពាណិជ្ជកម្មរបស់អន្តរជាតិ និង ធ្វើឱ្យយើងយល់ដឹងអំពីប្រវត្តិសាស្រ្តនៃអាស៊ីភាគអាគ្នេយ៍ក្នុងបរិបទទូទៅ។ គម្រោងនឹងធ្វើការកំណាយស្រាវជ្រាវនៅតាមបុរាណដ្ឋានដែលមិនបានការពារច្បាប់បេតិកភ័ណ្ឌ និង កំពុងប្រឈមមុខទៅការអភិវឌ្ឍរបស់ប្រទេស។​  

គម្រោងកំណាយបុរាណវត្ថុវិទ្យានេះ គឺចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ​២០១៩​ ដែលធ្វើការសិក្សានៅស្រីសន្ធរ ស្ថិតនៅស្រុកស៊ីធរ ខេត្តកណ្តាល និង កំពង់ចាម បន្ទាយលង្វែក ភូមិក្រាំងគរ ឃុំវត្តបឹងខ្នារ ខេត្តកំពង់ឆ្នាំង ឧដុង្គហើយនិងពញ្ញាឮ ខេត្តកណ្តាល។ បើតាមការវិភាគរូបភាពពីLiDAR ដែលបានបង្ហាញរមណីយដ្ឋានបុរាណវិទ្យា ឃើញថាក្រុងលង្វែក គឺជាបន្ទាយមួយដែលមានកំពែងដីព័ទ្ធជុំវិញប្រមាណ៣គ.ម.បីជ្រុងនិងមានកំពែងបន្ទាយដ៍រឹងមាំយ៉ាងហោចចំនួនប្រាំពីរទៀត។​

នៅខែមករា ឆ្នាំ២០១៩ ក្រុមស្រាវជ្រាវបានរកឃើញថា បន្ទាយលង្វែកក៏មានទីតាំងស្ថានីយបុរេប្រវត្តិសាស្រ្តមួយក្នុងយុគថ្មរំលីង និងយុគដែក ស្ថិតក្នុងអាយុកាលប្រហែល៣០០០-២០០០ ឆ្នាំមុនគ្រិស្គសករាជ។ ទីតាំងបុរេប្រវត្តិសាស្រ្តនេះមានឈ្មោះថា «ទួលបាយក្អែក» ស្ថិតនៅជាប់បន្ទាយលង្វែក នៅភាគខាងកើតឆៀងខាងត្បូង មានទំហំផ្ទៃដីលាតសន្ទឹងដ៏ធំ និងមានកម្ពស់ជាងគេ ក្នុងចំណោមទួលផ្សេងៗ ឬទួលព្រះវិហារទាំងឡាយក្នុងបន្ទាយលង្វែក។ វត្ថុសិល្បៈមួយចំនួនត្រូវបានប្រមូលយកមកសិក្សាវិភាគ មានដូចជា ឧបករណ៍ថ្មរំលីង វត្ថុលោហៈ និងកុលាលភាជន៍ជាច្រើន។ ក្រុមការងារស្រាវជ្រាវមិនបានអនុវត្តកិច្ចការស្រាវជ្រាវ និងធ្វើកំណាយលើទួលបាយក្អែកទេ ពីព្រោះគម្រោងស្រាវជ្រាវនេះផ្ដោតតែក្នុងសម័យកណ្ដាល។​

ដើម្បីស្វែងយល់ពីអាយុកាលជាក់លាក់តាមការធ្វើវិភាគវិទ្យុសកម្មធ្យូង ព្រមទាំងស្វែងយល់ពីវប្បធម៌ និងការរស់នៅរបស់មនុស្សនៅយុគថ្មរំលីងនៅបន្ទាយលង្វែក ការស្រាវជ្រាវធ្វើកំណាយបែបបុរាណវត្ថុវិទ្យាគួរត្រូវអនុវត្តឱ្យបានឆាប់។


ទួលបាយក្អែកស្ថិតនៅភាគខាងកើតនៃបន្ទាយលង្វែក


បំណែកកុលាលភាជន៍ជាប្រភេទឆ្នាំងរកឃើញនៅទួលបាយក្អែក


ឧបករណ៍ថ្មរកឃើញនៅទួលបាយក្អែក

RAC Media

អត្ថបទទាក់ទង

កិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិ...

2020-07-07 23:45:09   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 06:45 AM
ជីធម្មជាតិក្នុងតម្រូវការដាំដុះបន្លែ ដោយ៖ យិន ពោ

RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-07-07 12:03:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 07:03 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2020-07-07 08:41:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 03:41 PM
រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 11:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 07:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 11:57 AM

សេចក្តីប្រកាស