Royal Academy of Cambodia
(ប្រភព : http://khmersalem.blogspot.com/2012/08)
កាលពីភាគទី៧ វគ្គទី២ យើងបានធ្វើការបង្ហាញអំពីសេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង មុននឹងគាត់ថ្លែងសុន្ទរកថា។ ចំណែកនៅក្នុងភាគទី៧ វគ្គទី៣នេះ យើងសូមធ្វើការបង្ហាញនូវខ្លឹមសារនៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖
ខ-ខ្លឹមសារសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់[១]
សូមក្រាបបង្គំទ្រង់ព្រះករុណា សូមទ្រង់ជ្រាប និងជម្រាបអស់លោក អស់អ្នកជ្រាប។
លោក គូវែរណើរយេណេរ៉ាល[២] ដែលពុំបានមកជួយបុណ្យនេះមានចិត្តនឹកស្តាយណាស់ ហើយបានប្រាប់មកខ្ញុំ ថាចិត្តលោកចូលជាមួយនឹងយើងក្នុងថ្ងៃនេះជាប្រាកដ។ ឯខ្លួនខ្ញុំនេះជំនួសខ្លួនលោក (អគ្គទេសាភិបាល) គឺជំនួសប្រទេសអាំងដូស៊ីន[៣] និងនគរបារាំងសែសមកជូនសេចក្តីកតញ្ញូឥតអាក់ និងសេចក្តីកោតសរសើរខ្លាំង ដល់អស់អ្នកមរណៈដែលមានជ័យជម្នះ។
នៅចំពោះមុខបណ្តាជនប្រជុំគ្នានៅទីនេះដែលមានមនុស្សប្រទេសអាំងដូស៊ីន និងមនុស្សប្រទេសអឺរ៉ុបចូលលាយឡំគ្នា ដូចជាបងប្អូនដោយមានសេចក្តីសប្បាយខ្លាំងនោះ រូបដែលជាងសំខាន់ឈ្មោះឌូក្វាំង(Ducoing) បានសាងក៏លេចឡើងនៅក្នុងពន្លឺពេលព្រឹកស្រុកក្តៅនេះ។ នគរខ្មែរពិតមែនតែមានប្រាសាទជាច្រើន ហើយប្រសើរជាបំផុត តែគួរមានសេចក្តីស្រើបស្រាលនិងការរចនានេះ ពីព្រោះការនេះរួមមកក្នុងតួវិមាន១ ដែលជានិមិត្តរូបនៃសេចក្តីសុខទុក្ខ និងសេចក្តីសង្ឃឹមនៃជាតិសាសន៍ទាំង២ ដែលជាប់មេត្រីគ្នាជាដរាបតទៅ។
ទើបមិញៗនេះ កាលដកយកសំពត់ដែលគ្របរូបនេះចេញនោះ បណ្តាជនលាន់មាត់រាល់គ្នា មានសេចក្តីសរសើរទាំងថ្វីដៃជាងធ្វើរូប ទាំងចិត្តក្លាហាននៃអ្នកដែលបានឆ្លាក់រូបជាសំខាន់ទុកនេះ។ នេះប្រាកដជាបទ១ដែលជាងសិតរូប[៤]នោះ ធ្វើឱ្យថ្មនិងទង់ដែងមានរាងជារូបជ្រៀង[៥] «សម្រាប់ជូនអ្នកដែលមរណៈជួយព្រះនគរ»។
អ្នកអស់ទាំងនោះនៅទីនេះ ដែលមានក្បាលពាក់ពួកដែក ហើយងើបមុខឡើងទៅលើមេឃដែលមានពន្លឺភ្លឺឆ្លុះ នៅជិតៗគ្នាក្នុងវេលាមានជ័យជម្នះដូចជាកាលដែលពួកគេបានទៅតយុទ្ធក្នុងចម្បាំងនោះ(សង្គ្រាមលោកលើកទី១)។ អ្នកនេះហើយជាអ្នកទៅតយុទ្ធក្នុងចម្បាំងធំ គឺទាហានបារាំងសែស និងទាហានខ្មែរ។ ឥឡូវអ្នកទាំងនេះធៀបដូចមានជីវិត ត្រឡប់មកកណ្តាលចំណោមយើងវិញ ដោយសាសន៍ទាំង២មានសេចក្តីកតញ្ញូរំឭកដល់គុណបំណាច់របស់ពួកគេជាខ្លាំង។ មានបណ្តាជននៅទីនេះ ជាអ៊ឹកធឹកកាន់ស្វេតច្ឆត្រ[៦]ចាំទទួលបាំងអ្នកមានជ័យជម្នះ មានអ្នកខ្លះហុចដៃទៅឱ្យ មានស្រីដែលទន់ល្វន់ហុចផ្កាទៅឱ្យ ឯស្រីខ្លះទៀតលើកកូនទៅបង្ហាញ។ ឯទាហានខ្មែរយកស្លឹកកន្ទួតទៅបង្ហាញបណ្តាជនជាតិជាមួយគ្នា ដែលមានសេចក្តីស្រើបស្រាលគួរនឹងខ្លួន។ ឯគូកនម្នាក់នោះបែបដូចជាអ្នកទំនុកបម្រុងបន្តិច តែដូចមានសេចក្តីមេត្រីស្រឡាញ់ច្រើនជាង ណែនាំទាហានខ្មែរហើយរុញស្រាលៗទៅឱ្យញាតិសាលោហិត ហើយបង្ហាញឱ្យបណ្តារាស្ត្រមើល ហើយបែបដូចជានិយាយថា ខ្លួនដែលធ្លាប់ដឹងកិច្ចការក្លាហាននោះ ថាអ្នករាល់គ្នានឹងទះដៃទទួលទាហាននេះចុះ ទាហាននេះហើយជាមនុស្សក្លាហានជាប្រាកដ ខ្លួនខ្ញុំក៏បានឃើញក្នុងវេលាសម្តែងប្ញទ្ធិហើយ ឯស្លឹកកន្ទួតដែលទាហាននេះមាននៅពេញខ្លួននេះ គឺខ្លួនទៅរងគ្រាប់កាំភ្លើង បេះយកមកមានប្រឡាក់ឈាមរបស់ខ្លួនជាប់នៅនោះផង។
ប្រៀបដូចពីបុរាណ វិញ្ញាណក្ខន្ធរបស់អ្នកខ្លាំងពូកែត្រូវបានតម្កល់តម្កើង។ អ្នកដែលមានថ្វីដៃត្រូវបានទទួលគ្រឿងឥស្សរិយយសដែលហៅថា «សើវាលីយេរ»[៧]។ នៅវិមាននេះ ដៃរបស់បារាំងសែសដាក់លើស្មាខ្មែរម្នាក់ដែលជាអ្នកពិជ័យសង្គ្រាមដូចគ្នានោះ តម្កើងហៅប៉ូលុយ[៨] គឺជាឈ្មោះមួយគ្មានងារអ្វីក្នុងសាវតាយកមកផ្ទឹមបាន។ ដោយសេចក្តីយល់ភ្លឺល្អពីទំនៀមស្រុកអាយ (ស្រុកខ្មែរ)នេះ ជាងថ្វីដៃឯកនេះបានដាក់រូបទាហានទាំង២នាក់ នៅលើចេតិយមួយ ឯខឿនចេតិយនោះមានរូបនាគ៤ល្អឆើត ហើយមានរូបដំរី៤មើលទៅដូចជាដើរធ្ងន់ជើង ពុំមានញញើតអ្វី ពីព្រោះមើលទៅឃើញដូចខំប្រឹងខ្លាំងណាស់។ ដំរីនោះដឹកនាំកោដ្ឋ ដែលទុកសម្រាប់ដាក់ធាតុនាម៉ឺន។ ទោះបីមនុស្សនោះជាកូនអ្នកស្រែក្តី ជាព្រះរាជវង្សានុវង្សក្តី ដោយខ្លួនបានស៊ូប្តូរជីវិតនោះ ក៏បានថ្កល់ថ្កើងខ្ពស់បំផុតលើលោកីយនេះ។ អ្នកទាំងនោះបានជួយទប់ទល់ឱ្យព្រះនគរចៀសរួចពីសេចក្តីបាក់បែកខូចខាត នូវសេចក្តីចុះចូលនឹងគេ គឺគ្មានបុណ្យសក្តិអ្វីធំហួសអ្នកទាំងនោះទេ។ អ្នកទាំងនោះមានសេចក្តីថ្កុំថ្កើងពីខ្លួនឯង គឺសេចក្តីថ្កុំថ្កើង កើតពីសេចក្តីប្រសើរ ដែលគេហៅថាសេចក្តីអត់ទ្រាំលំបាក សេចក្តីស៊ូអស់ពីចិត្ត និងការពុំមានភិតភ័យនឹងសេចក្តីមរណៈ ឯសេចក្តីប្រសើរទាំងនេះសុទ្ធតែយកសាច់ឈាមទៅប្តូរ។
នេះហើយជាសេចក្តីដែលឃើញជាក់ស្តែងនៅលើរូបនេះ ដែលរាជការទំនុកបម្រុងនគរក្រុងកម្ពុជាធិបតី ប្រាថ្នាឱ្យជាងបារាំងសែសពូកែម្នាក់ធ្វើទុករំឭកនិងតម្កល់តម្កើងអ្នកដែលទទួលអនិច្ចកម្មក្នុងចម្បាំងធំ។
យើងទុកជាកេរដំណែលឱ្យកូនចៅអ្នកស្រុកនេះ បានឃើញតាងសេចក្តីកតញ្ញូព្រះមហានគរ និងសេចក្តីរំឭកដល់អ្នកដែលស៊ូបង់ជីវិតក្នុងជាតិនេះ ដើម្បីនឹងឱ្យបានដឹងថាខ្លួនមានចិត្តស្មោះត្រង់នឹងក្រុងបារាំងសែសជាអាណាព្យាបាល ហើយឱ្យបានដឹងសេចក្តីសាធារសប្បុរសនៃនគរនេះដែលផ្សាយលើជម្ពូទ្វីប។
អ្នករាល់គ្នាទើបឮហៅឈ្មោះអ្នកមរណៈជាម្តងក្រោយបង្អស់។ ឯឈ្មោះអ្នកមរណៈទាំងនោះ នៅលាន់ឮលើអាកាសជុំវិញខ្លួនយើងនេះ ឈ្មោះនោះឆ្លាក់ជាប់នៅលើវិមានដែលធ្វើបុណ្យឆ្លងនេះ ទុកឱ្យអស់បណ្តាជនជាន់ក្រោយៗមើលឃើញ ហើយទុកសម្រាប់តម្កល់តម្កើងអ្នកទាំងនោះផង។ នៅពេលព្រឹកថ្ងៃនេះ សេចក្តីប្រសើរដែលយើងតម្កល់តម្កើងលេចឡើងភ្លឺ ដោយអ្នកមរណៈក្រឡេកមើលមកយើង។
ដោយហេតុយើងនឹកដើមខ្លាំងហើយ ដោយចិត្តយើងរួមចូលគ្នានោះ យើងមើលទៅឃើញដូចជា អ្នកដែលមរណៈទាំងប៉ុន្មាន មានខ្លួននៅក្នុងឱកាសបុណ្យនេះដែរ។ ដោយគំនិតខ្ញុំគិត ខ្ញុំក៏មើលទៅឃើញដូចជាអ្នកដែលមរណៈទាំងនេះកំពុងតែជញ្ជឹងគិតទៅឯផ្នូរខ្លួននៅឆ្ងាយពីទីនេះ[៩] ដែលទុកចោលរូបខ្លួន តែកម្លាំងខ្លួនដែលធ្វើការ និងសេចក្តីប្រសើររបស់ខ្លួនពុំមានចោលនៅទីនោះទេ។ខ្ញុំមើលឃើញអ្នកទាំងនោះជាប្រាកដ ហើយមកចំណែកខ្ញុំៗក៏ហៅឈ្មោះអ្នកទាំងនោះទៀត គឺចាប់ហៅឈ្មោះតាំងពីដើម៖ អ្នកអង្គម្ចាស់ឡេងស៊ីសុវត្ថិ និងអ្នកអង្គម្ចាស់រ៉ាឌីណាវង្សនរោត្តម ដែលព្រះករុណាស៊ីសុវត្ថិ ទ្រង់បានព្រះរាជទានទៅនគរបារាំងសែស។
ក្រោយមកមានបារាំងសែសចំនួន៣៣នាក់ នៅស្រុកខ្មែរធ្វើរាជការប្រូតិកតូរ៉ា(អាណាព្យាបាល) ដោយប៉ែកផ្សេងៗ និងធ្វើការក្នុងជំនួញជារបរក្រៅ។
ក្រោយបង្អស់មានឈ្មោះខ្មែរ១៥១នាក់។ ក្នុងចំនួននេះមាន៤៨នាក់អនិច្ចកម្មនៅមុខសត្រូវក្នុងវេលាចម្បាំងធំឥតគណនា តែខ្មែរទាំង១៥១នាក់នេះសុទ្ធតែអនិច្ចកម្ម ដោយជួយយកអាសារនគរបារាំងសែស ពីព្រោះមានរបួសឬមានជម្ងឺឈឺ។
ឱសឱខ្មែរដែលអនិច្ចកម្មទៅនេះ! អ្នកដែលជាសិស្សកាន់តាមគំនិតឧត្តុង្គឧត្តមនគរបារាំងសែសនោះ តើអ្នករាល់គ្នាប្រាថ្នាចង់បានផលប្រយោជន៍អ្វីកាលដែលអ្នកចូលធ្វើទាហាន ក្នុងកងទ័ពបារាំងសែសយើងនេះ មិនគឺអ្នកចង់ឱ្យដឹងច្បាស់ថាខ្លួនអ្នកនេះសុចរិតស្មោះត្រង់នឹងនគរដែលអ្នកមានចិត្តសុំឱ្យជួយទំនុកបម្រុងផង។
ការដែលអ្នកមានថ្វីដៃរាល់គ្នា ដែលជួយយើងនេះមិនគ្រាន់តែជួយកម្លាំងទេ គឺអ្នកបានយកមកជួយយើង របស់ប្រសើរជាងកម្លាំងនោះទៀត អ្នកជួយទាំងចិត្តគំនិត អ្នកជួយអស់ពីពោះពុងអ្នក ចំពោះការសុចរិតរបស់យើង។ កាលដែលអ្នកទាំងនោះចេញចោលព្រៃស្ថានស្ងាត់ស្រែចំការសុខក្សេមក្សាន្ត និងស្រុកដែលភ្លឺល្អរបស់អ្នក ហើយទៅឯទីចម្បាំងវេទនាលំបាកនោះ ហាក់ដូចជាបង្ហាញបណ្តាជនក្នុងជម្ពូទ្វីបឱ្យឃើញ ថានគរបារាំងសែសមានតែ១ គឺថានៅស្រុកអាយនេះក្តី នៅស្រុកខ្លួននោះក្តី នោះភាពបែបដូចគ្នាជាដរាបគឺរាប់អានគ្នាដូចជាបងប្អូន ហើយទៅដល់ទីកន្លែងណាសោត ក៏ចេះធ្វើឱ្យគេស្រឡាញ់ជាដរាប។ ឯនគរបារាំងសែសធ្លាប់បណ្តុះបណ្តាលអ្នកចម្បាំងជាច្រើន។ ដូច្នេះហើយបានជាគេហៅថា «មាតាគ្រឿងអាវុធ»។ នៅនគរនេះ នរណាចាប់ចងបង្ខំខ្លួនគេតាមអំណាចចិត្តខ្លួននោះ ត្រូវចាត់ទុកថាជាអំពើថោកទាបណាស់។ នៅទីកន្លែងណាមានដាក់ទង់ជ័យរបស់ខ្លួននោះ នគរបារាំសែសគិតតែខិតខំពុំមានរួញរា ធ្វើឱ្យមនុស្សបានសេចក្តីស៊ីវីល័យគ្មានគិតប្រាថ្នាចង់បានផលប្រយោជន៍អ្វីឡើយ។ នគរណាដែលបានដាក់ឱ្យនគរបារាំងសែសកាន់កាប់ផលប្រយោជន៍នោះ នគរបារាំងសែសជួយការពារឱ្យបានសេចក្តីឈ្នះ ហើយយកទាំងកម្លាំងគំនិតកម្លាំងប្រាជ្ញា ដែលចេះតែមានបង្កើតឡើងពុំដែលឱ្យអស់ប្រើការ។
អើ! យើងគួរមានសេចក្តីស្រើបស្រាលជាប្រាកដ អំពីការដែលនគរបារាំងសែសបានធ្វើឱ្យនគរក្រុងកម្ពុជា បានសេចក្តីរៀបរយក្សេមក្សាន្ត និងបានថ្កុំថ្កើងរុងរឿងឡើងវិញនេះ ការដែលអ្នកស្ម័គ្រចិត្តទៅច្បាំងយល់ឃើញថាល្អប្រសើរ ទើបស៊ូទៅបង់ជីវិតពីព្រោះការនោះ។
(សូមរង់ចាំអានវគ្គបន្ត…)
---------------------------------------
[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ (ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨៤-៩០។
[២] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[៣] ប្រទេសអាំងដូស៊ីន (Indochine) គឺប្រទេសឥណ្ឌូចិន ដែលកាលនោះមានឈ្មោះថា«សហភាពឥណ្ឌូចិន» (Union Indochinoise) នៅក្រោមការគ្រប់គ្រងរបស់បារាំង។
[៤] សិតរូប គឺចាក់លោហជាតិ ឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឱ្យកើតជារូបរាងអ្វីៗឡើង, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៣៤៧។
[៥] រូបជ្រៀង គឺរូបទ្រេត, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ២៧៩។
[៦] ស្វេតច្ឆត្រ គឺឆ័ត្រពណ៌ស, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៥០០។
[៧] សើវាលីយេរ (Chevalier de la Légion d'Honneur) គឺជាគ្រឿងឥស្សរិយយស ដែលបង្កើតឡើងដោយអធិរាជបារាំងនាមណាប៉ូលេអុង (Napoléon) នៅឆ្នាំ១៨០២ដើម្បីជារង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃឆ្នើមខាងយោធានិងខាងស៊ីវិល។
[៨] ប៉ូលុយ (Pollux) គឺឈ្មោះវីរបុរសក្នុងទេវកថាក្រិចបុរាណ។
[៩] គឺនៅផ្នូរទាហានដែលគេមិនស្គាល់ឈ្មោះនៅប្រទេសបារាំង ដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ជាពាក្យបារាំងថា «Tombe du Soldat inconnu» ជាពាក្យអង់គ្លេសហៅថា «Tomb of the Unknown Soldier»។
ទាញយកអត្ថបទជា pdf ពី៖ http://rac.gov.kh/royal-academy/research/attachments/original/106.pdf?1558329509
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន...
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេសនៃរាជបណ្ឌិត្យ សភាកម្ពុជា ដើម្បីប្រជុំតាមកម្មវិធី...