ព័ត៌មាន

«ក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រើប្រាស់វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ជាគោលសម្រាប់បង្កើតបច្ចេកសព្ទថ្មី»

2019-05-07 11:57:07 ថ្ងៃអង្គារ, 07 ឧសភា 2019, 11:57 AM
post_detail

បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាល​ពីសប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូល ដែល​រៀបចំ​ឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃ៣០ ខែមេសា កន្លងទៅថ្មីៗនេះ។ មាន​មតិ​មហាជនជាច្រើន​បាន​ចូលរួមចំណែកជជែកវែកញែក បង្ហាញទឡ្ហីករណ៍ និងលើកហេតុផលមកបញ្ជាក់។

«យើងក៏សប្បាយចិត្ត ដោយមើលឃើញថាប្រជាជនខ្មែរចាប់ផ្តើមឈឺឆ្អាលនិងស្រឡាញ់ភាសាជាតិរបស់ខ្លួន ដោយមានការ​រិះគន់​ពី​បញ្ហាអក្ខរាវិរុទ្ធនាពេលកន្លងមក។» នេះ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មានប្រសាសន៍នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ៤កើត ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័នរដ្ឋ និង ឯកជនច្រើន បានពឹងផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្រាប់ផ្ទៀងផ្ទាត់សំណេរអក្ខរាវិរុទ្ធ ល្គឹកណាមិនទាន់មានវចនានុក្រមភាសាខ្មែរថ្មីដែលមានការឯកភាពគ្នាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រជុំដោយអ្នកសិក្សាស្រាវជ្រាវមានច្រើនជំនាញ ច្រើនវិស័យ​ពី​ស្ថាប័នរដ្ឋនិងឯកជនផ្សេងៗគ្នា។ ក្នុងនាមស្ថាប័នសិក្សាស្រាវជ្រាវភាសាខ្មែរ ការប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលសំខាន់សម្រាប់ការងារបង្កើតបច្ចេកសព្ទថ្មី។ ចំណែករឿងអក្ខរាវិរុទ្ធ នោះជាបញ្ហាមួយ តែអ្វីដែលចាំបាច់បំផុតនោះ គឺខិតខំស្រាវជ្រាវបង្កើតពាក្យថ្មីឱ្យបានច្រើនដើម្បីបំពេញទៅតាមសេចក្តីត្រូវការអ្នកប្រើប្រាស់ដែលខាងក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើ ដោយសុំមិនមានការកែទម្រង់ច្រើនទេ គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលដូចគ្នា។             

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានរំឭកផងដែរពីការផ្ដើមបង្កើត«ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ​រាជ​បណ្ឌិត្យ​​សភាកម្ពុជា (ហៅកាត់ថា ក.ជ.ភ.ខ.)» ព្រមទាំងសមិទ្ធផលដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រឹងប្រែងបង្កើតឡើងប្រាប់​ដល់អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey) និង សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) កាលពី​ព្រឹក​មិញ​នេះ។ បើយើងក្រឡេកទៅមើលប្រទេសជិតខាងយើង គឺប្រទេសថៃនិងប្រទេសឡាវ យើងឃើញថាគេប្រើប្រាស់វិធីខុសពីយើងក្នុងការបង្កើតពាក្យ ដោយគេប្រើភាសាសំស្ក្រឹតជាគោល ចំណែកយើងប្រើភាសាបាលីជាគោល។ ជាការពិត យើងតែងមានទំនាស់ក្នុងការបង្កើតពាក្យ ដោយការប្រើប្រាស់គោលការណ៍ខុសៗគ្នា ហើយកន្លងមកក្រុមប្រឹក្សាជាតិភាសាខ្មែរប្រឹងប្រែងសម្របសម្រួល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យយកវចនានុក្រមខ្មែរ (​ការ​ផ្សាយ​ដោយ​ពុទ្ធសាសន​​បណ្ឌិត្យ បោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧-៦៨) ដែល​មហាជន​ភាគច្រើន​តែង​ស្គាល់​និង​និយម​ហៅថា «វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត» ជាគោលក្នុងការបង្កើតពាក្យថ្មី»។ លោកបន្តថា «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេលខ្លះយើងមិនយកតាមតែភាសាបាលីតែម្យ៉ាងទេ ដោយហេតុថាក្នុងភាសាខ្មែរយើងមានផ្នត់ច្រើនក្នុងការបង្កើតពាក្យថ្មី។ ទន្ទឹមនឹងនោះ យើងក៏យកតាមខេមរយានកម្មផងដែរ។»            

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកសព្ទចំនួន១៧ ទៅតាមមុខជំនាញដែលធ្វើការរៀងខ្លួន បែងចែកជាក្រុមក្នុងការសិក្សាពីការបង្កើតពាក្យតាមជំនាញរៀងនីមួយៗ។ ក្រោយពីគណៈកម្មការបច្ចេកសព្ទតាមជំនាញបានជជែកពិភាក្សាវែកញែកបង្កើតបានពាក្យថ្មីហើយ យើងតែងមានការ​ប្រជុំរួមដើម្បីឆ្លងនិងអនុម័តនៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ មុននឹងធ្វើការផ្សព្វ​ផ្សាយ​​​នៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួននិងនៅលើបណ្តាញផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។ 

សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រជុំអនុម័តបច្ចេកសព្ទថ្មីៗ បានប្រមាណចំនួនជាង ២៥០០ពាក្យហើយ។ ចំណែកពាក្យសម្រាប់មហាជនប្រើប្រាស់ជាទូទៅវិញ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំពុងប្រមូលពាក្យដែលប្រើប្រាស់ជាប្រចាំដោយដាក់ទៅតាមក្រុមន័យ ហើយការងារនេះបានកំពុងដំណើរ​ការមកបានជាង១ឆ្នាំហើយ ដោយប្រមូលបានប្រហែល​៤០០០ពាក្យ។             

ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ស្នើ​ឱ្យខាងសារព័ត៌មានទាំងអស់ មិនថាតែសារព័ត៌មានថ្មីៗ(ThmeyThmey) និងសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) ប៉ុណ្ណោះទេ សូមចូលរួមសហការផ្សព្វផ្សាយនិងលើកតម្កើងភាសាជាតិខ្មែរយើង ជាពិសេសគឺត្រូវចាប់អារម្មណ៍មែនទែនចំពោះអនាគតនៃភាសាជាតិ ព្រោះបើកាលណាពាក្យបង្កើតហើយមិនមានអ្នកប្រើទេ គឺពាក្យឬភាសានោះនឹងស្លាប់។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា «យើងស្វាគមន៍រាល់ការចូលរួមបង្កើតពាក្យថ្មីពីមជ្ឈដ្ឋានខាងក្រៅ រួមទាំងការរិះគន់ពីមហាជនដែលជាអ្នកប្រើប្រាស់ភាសាទាំងអស់។ នៅថ្ងៃមុខ យើងមានគម្រោងថានឹងមានការរៀបចំសិក្ខាសាលាអំពីឈ្មោះប្រទេស រាជធានី/ខេត្ត ពីភាសាបរទេសទៅជាភាសាខ្មែរ និង ពីភាសាខ្មែរទៅបរទេស ហើយយើងគ្រោងបង្កើតកម្មវិធី​(Application)ដើម្បីផ្សព្វ​ផ្សាយ​​​​​សទ្ទានុក្រមដែលយើងបង្កើតបាន។ លើសពីនេះ យើងនឹងមានចេញផ្សាយវចនានុក្រមខ្មែរថ្មីមួយនៅឆ្នាំ២០២២ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល៕

RAC Media | ម៉ៅ សុគន្ធា


អត្ថបទទាក់ទង

«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   Thu, 06,09,2018, 10:11 AM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   Tue, 04,09,2018, 05:17 AM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   Tue, 04,09,2018, 04:00 AM
«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   Mon, 03,09,2018, 09:36 AM
«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្...

2018-08-31 14:56:49   Fri, 31,08,2018, 02:56 PM
«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...

2018-08-31 14:09:20   Fri, 31,08,2018, 02:09 PM

សេចក្តីប្រកាស