Royal Academy of Cambodia
(ប្រភពរូបភាព៖ https://sopheak.wordpress.com/2015/11/30)
៧-២-សុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់ (១)
ដោយផ្អែកតាមបណ្ណសារស្តីពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]នេះ នៅក្នុងពិធីសម្ពោធមាន សុន្ទរកថាចំនួន៤របស់ចាងហ្វាងរាជការក្រុមមឿង (សាលាក្រុងភ្នំពេញ), រេស៊ីដង់ជាន់ខ្ពស់, ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់។ សុន្ទរកថារបស់ចាងហ្វាងរាជការក្រុមមឿងបានបង្ហាញនៅក្នុងភាគទី៧ វគ្គទី១រួចហើយ។ សម្រាប់ភាគទី៧ វគ្គទី២នេះ សូមបង្ហាញសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង បានចាប់ផ្តើមដោយការអធិប្បាយរបស់គាត់មុននឹងថ្លែងសុន្ទរកថា ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖
ក-សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់[២]
សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ មានខ្លឹមសារដូចតទៅ៖ ដល់ធ្វើពិធីបុណ្យរួចស្រេចហើយ លោក បូដូវាំង ដែលនៅលើខឿនវិមាន ហើយដែលមានព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ, លោក សាសសាំង, ប៉ាទ្រី, សម្តេចក្រុមព្រះៗកែវហ្វាមុនីវង្ស, លោក ឌូក្វាំង, អ្នកឧកញ៉ាវាំងវរៈវៀងជ័យជួន, លោកសង្ឃរាជបារាំង ប៊ូស៊ុយ និងគ្រូពេទ្យ វ៉ាល់ឡេត៍ នៅអមជុំវិញផង នោះលោក បូឌូវាំង ក្រោកឈរឡើងដើម្បីសូត្រសេចក្តីអធិប្បាយរបស់លោក។
គេមើលទៅឃើញ លោករេស៊ីដង់ជាន់ខ្ពស់ រំជួលក្នុងចិត្តជាខ្លាំង។ ឯសេចក្តីរំជួលយ៉ាងនេះក៏ងាយនឹងយល់ ត្បិតលោកបានស្គាល់ជាច្រើនក្នុងពួកជំទង់ ដែលលោករៀបនឹងអធិប្បាយអំពីសេចក្តីដែលជំទង់នោះរងទុក្ខវេទនាជាយូរហើយមរណៈទៅ និងអំពីផលបុណ្យប្រសើររបស់ជំទង់ទាំងនោះ។ ប៉ុន្តែដល់ចេញអធិប្បាយទៅ លោកក៏បានអធិប្បាយសំឡេងឮច្បាស់ជាប្រាកដ។
ដល់បានអធិប្បាយស្តាយ២ម៉ាត់៣ម៉ាត់ អំពីលោកគូវែរណឺរ យេណេរ៉ាល់[៣] ដែលពុំបានអញ្ជើញមកដោយមានរវល់នៅក្រុងតុងកឹងនោះ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយរៀបរាប់ពីការដែលជាងរចនាឈ្មោះ ឌូក្វាំង(Ducoing)បានធ្វើ ហើយលោកមានសេចក្តីសរសើរជាច្រើន។ ស្រេចហើយលោកចាប់អធិប្បាយអំពីគំនិតជាងរចនាដ៏ប្រសើរនេះ គឺគំនិតដែលបណ្តាលនាំឱ្យធ្វើវិមាននេះឡើង ដែលជាការនាំឱ្យសាសន៍ទាំង២ ចូលរួបរួមគ្នាពុំគប្បីញ៉ែកចេញបានឡើយ ព្រមទាំងសេចក្តីកតញ្ញូដឹងគុណដល់បុគ្គលដែលស៊ូដល់នៅសេចក្តីស្លាប់ ដើម្បីស្រោចស្រង់សេចក្តីចេះដឹងក្នុងជំពូទ្វីបមនុស្សយើង ហើយនឹងសេចក្តីដែលសាសន៍ទាំងអស់គ្នាត្រូវរួចខ្លួនធ្វើអ្វីបានតាមចិត្ត។
ស្រេចហើយទើបមានសេចក្តីសរសើរជាច្រើនដល់នគរបារាំងសែស។ ឯនគរបារាំងសែសមានគំនិតឈ្វេងយល់ឃើញថាសេចក្តីដែលបញ្ចុះបញ្ចូលដោយសង្កត់សង្កិនបង្ខំនេះ ជាការពុំគួរមានឡើយ។ ប៉ុន្តែគប្បីមានការបញ្ចុះបញ្ចូលចិត្តឱ្យបានយល់ ទើបប្រសើរជាង។ នៅនគរខ្មែរក្តី នគរឆ្លងសមុទ្រ[៤] ឯទៀតដែលនៅក្នុងអាណាព្យាបាលបារាំងក្តី នគរបារាំងសែសបានធ្វើយ៉ាងដូច្នេះឯងទាំងអស់ លើបណ្តារាស្ត្រទាំងអម្បាលម៉ាន នគរបារាំងសែសនាំសេចក្តីសុខដល់ពពួកក្រុមក្នុងរបៀបរៀបរយ និងសុខក្សេមក្សាន្តឥតមានបង្ខំអ្វីឡើយ ព្រោះបានកាន់នៅសេចក្តីមេត្តាករុណា សេចក្តីឱ្យរួចខ្លួនទីទៃៗ ហើយនឹងសេចក្តីសប្បុរសដែលបានប្រព្រឹត្តលើនគរទាំងអស់។ នៅស្រុកខ្មែរអំពីដើមមានទ័ពពីប្រទេសក្រៅចូលមកលុកក្នុងនគរ ហើយនិងមានច្បាំងគ្នាក្នុងស្រុកជាច្រើនរយឆ្នាំ ឥឡូវនគរបារាំងសែស បានធ្វើឱ្យបានសេចក្តីសុខ និងបានស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលរងការខូចខាតពីសម័យមុន។ រាល់ថ្ងៃនគរបារាំងសែសធ្វើឱ្យចម្រើនពីការដែលរកឃើញក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីបំបាត់រោគឆ្លង ដែលបណ្តាលឱ្យមរណភាពជាច្រើនក្នុងស្រុកពីដើម។ ក្រៅអំពីការទាំងនេះ នគរអាណាព្យាបាលបានចាត់ចែងថែរក្សាប្រាសាទក្បាច់រចនា ជាកេរដំណែលសេចក្តីចេះដឹងនៃជាតិខេមរៈពីដើម ហើយបានរក្សាសេចក្តីជឿរបស់រាស្ត្រក្នុងទំនុកបម្រុងឱ្យនៅដូចដើម។ សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ ចប់ត្រឹមនេះ។
គួររំលឹកថា លុះបានអធិប្បាយទូន្មានពន្យល់ដល់បណ្តាពួកជំទង់ដែលត្រូវតែធ្វើការជាតំណពីរបស់បុគ្គលដែលស្លាប់នោះតទៅទៀតនោះ លោករេស៊ីដង់ជាន់ខ្ពស់ បានសម្តែងបញ្ចប់សេចក្តីអធិប្បាយរបស់លោក ហើយលោកបាននិយាយនឹកគុណដល់អ្នកដែលស្លាប់ក្នុងនគរទាំង២ នេះម្តងទៀត ដោយសេចក្តីនឹកគុណពីកិរិយាដ៏ប្រសើរ និងសេចក្តីដែលបុគ្គលទាំងនេះបានស៊ូយ៉ាងដូច្នេះ បណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយជាតំណ និងយកតម្រាប់តាមក្នុងគ្រាក្រីក្រ។
សេចក្តីបរិយាយខ្លីនេះមិនពេញបរិបូរណ៍ទេ។ លុះបានអធិប្បាយហើយ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយអំពីនយោបាយបារាំង ដែលនាំឱ្យនគរបារាំងសែសហ៊ាននិយាយអួតថា បានធ្វើឱ្យបណ្តាជនស្រុកខ្មែរចូលចិត្តគ្រប់គ្នាទាំងអស់។
(សូមរង់ចាំអានភាគបន្ត!)
------------------------------------
[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨២-៨៨។
[២] គួររំលឹកថា មុននឹងមានអត្ថាធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ គេបានបើកក្រណាត់គ្របវិមានចេញ ហើយគេបានចែកទង់ជ័យឱ្យពួកទាហានពិជ័យសង្គ្រាមដែលមាននៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់បារាំងទាំងប៉ុន្មាន។ នៅវេលាដែលលោករេស៊ីដង់ជាន់ខ្ពស់ កំពុងតែចែកទង់ជ័យនោះ លោកសក្កិ៥(បូរ៉ែល) ជាអ្នកនាយកស្តីទីទ័ព ចំណែកខាងស្រុកកូសាំងស៊ីននិងស្រុកខ្មែរ ចាត់ចែងបង្គាប់ឱ្យពួកទាហានគំនាប់។
[៣] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[៤] នគរឆ្លងសមុទ្រគឺ«ទឹកដីឯនាយសមុទ្រ»(Territoire d’Outre-Mer/Overseas Territory) នៅក្រោមការគ្រប់គ្រងរបស់បារាំង។
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅទូទាំងអាម៉េរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...
កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...