ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី២ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-05-06 07:14:10 ថ្ងៃចន្ទ, 06 ឧសភា 2019 ម៉ោង 02:14 PM
អ្នកមើល 3303
post_detail

(ប្រភពរូបភាព៖ https://sopheak.wordpress.com/2015/11/30)

៧-២-សុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់ (១)

ដោយផ្អែកតាមបណ្ណសារស្តីពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]នេះ នៅក្នុងពិធីសម្ពោធមាន សុន្ទរកថាចំនួន៤របស់ចាងហ្វាងរាជការក្រុមមឿង (សាលាក្រុងភ្នំពេញ), រេស៊ីដង់ជាន់ខ្ពស់, ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់។ សុន្ទរកថារបស់ចាងហ្វាងរាជការក្រុមមឿងបានបង្ហាញនៅក្នុងភាគទី៧ វគ្គទី១រួចហើយ។ សម្រាប់ភាគទី៧ វគ្គទី២នេះ សូមបង្ហាញសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង បានចាប់ផ្តើមដោយការអធិប្បាយរបស់គាត់មុននឹងថ្លែងសុន្ទរកថា ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖

ក-សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់[២]

សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ មានខ្លឹមសារដូចតទៅ៖   ដល់ធ្វើពិធីបុណ្យរួចស្រេចហើយ លោក បូដូវាំង ដែលនៅលើខឿនវិមាន ហើយដែលមានព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ, លោក សាសសាំង, ប៉ាទ្រី, សម្តេចក្រុមព្រះៗកែវហ្វាមុនីវង្ស, លោក ឌូក្វាំង, អ្នកឧកញ៉ាវាំងវរៈវៀងជ័យជួន, លោកសង្ឃរាជបារាំង ប៊ូស៊ុយ និងគ្រូពេទ្យ វ៉ាល់ឡេត៍ នៅអមជុំវិញផង នោះលោក បូឌូវាំង ក្រោកឈរឡើងដើម្បីសូត្រសេចក្តីអធិប្បាយរបស់លោក។          

គេមើលទៅឃើញ លោករេស៊ីដង់ជាន់ខ្ពស់ រំជួលក្នុងចិត្តជាខ្លាំង។ ឯសេចក្តីរំជួលយ៉ាងនេះក៏ងាយនឹងយល់ ត្បិតលោកបានស្គាល់ជាច្រើនក្នុងពួកជំទង់ ដែលលោករៀបនឹងអធិប្បាយអំពីសេចក្តីដែលជំទង់នោះរងទុក្ខវេទនាជាយូរហើយមរណៈទៅ និងអំពីផលបុណ្យប្រសើររបស់ជំទង់ទាំងនោះ។ ប៉ុន្តែដល់ចេញអធិប្បាយទៅ លោកក៏បានអធិប្បាយសំឡេងឮច្បាស់ជាប្រាកដ។

ដល់បានអធិប្បាយស្តាយ២ម៉ាត់៣ម៉ាត់ អំពីលោកគូវែរណឺរ យេណេរ៉ាល់[៣] ដែលពុំបានអញ្ជើញមកដោយមានរវល់នៅក្រុងតុងកឹងនោះ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយរៀបរាប់ពីការដែលជាងរចនាឈ្មោះ ឌូក្វាំង(Ducoing)បានធ្វើ ហើយលោកមានសេចក្តីសរសើរជាច្រើន។ ស្រេចហើយលោកចាប់អធិប្បាយអំពីគំនិតជាងរចនាដ៏ប្រសើរនេះ គឺគំនិតដែលបណ្តាលនាំឱ្យធ្វើវិមាននេះឡើង ដែលជាការនាំឱ្យសាសន៍ទាំង២ ចូលរួបរួមគ្នាពុំគប្បីញ៉ែកចេញបានឡើយ ព្រមទាំងសេចក្តីកតញ្ញូដឹងគុណដល់បុគ្គលដែលស៊ូដល់នៅសេចក្តីស្លាប់ ដើម្បីស្រោចស្រង់សេចក្តីចេះដឹងក្នុងជំពូទ្វីបមនុស្សយើង ហើយនឹងសេចក្តីដែលសាសន៍ទាំងអស់គ្នាត្រូវរួចខ្លួនធ្វើអ្វីបានតាមចិត្ត។

ស្រេចហើយទើបមានសេចក្តីសរសើរជាច្រើនដល់នគរបារាំងសែស។ ឯនគរបារាំងសែសមានគំនិតឈ្វេងយល់ឃើញថាសេចក្តីដែលបញ្ចុះបញ្ចូលដោយសង្កត់សង្កិនបង្ខំនេះ ជាការពុំគួរមានឡើយ។ ប៉ុន្តែគប្បីមានការបញ្ចុះបញ្ចូលចិត្តឱ្យបានយល់ ទើបប្រសើរ​ជាង។ នៅនគរខ្មែរក្តី នគរឆ្លងសមុទ្រ[៤] ឯទៀតដែលនៅក្នុងអាណាព្យាបាលបារាំងក្តី នគរបារាំងសែសបានធ្វើយ៉ាងដូច្នេះឯងទាំងអស់ លើបណ្តារាស្ត្រទាំងអម្បាលម៉ាន នគរបារាំងសែសនាំសេចក្តីសុខដល់ពពួកក្រុមក្នុងរបៀបរៀបរយ និងសុខក្សេមក្សាន្តឥតមានបង្ខំអ្វីឡើយ ព្រោះបានកាន់នៅសេចក្តីមេត្តាករុណា សេចក្តីឱ្យរួចខ្លួនទីទៃៗ ហើយនឹងសេចក្តីសប្បុរសដែលបានប្រព្រឹត្តលើនគរទាំងអស់។ នៅស្រុកខ្មែរអំពីដើមមានទ័ពពីប្រទេសក្រៅចូលមកលុកក្នុងនគរ ហើយនិងមានច្បាំងគ្នាក្នុងស្រុកជាច្រើនរយឆ្នាំ ឥឡូវនគរបារាំងសែស បានធ្វើឱ្យបានសេចក្តីសុខ និងបានស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលរងការខូចខាតពីសម័យមុន។ រាល់ថ្ងៃនគរបារាំងសែសធ្វើឱ្យចម្រើនពីការដែលរកឃើញក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីបំបាត់រោគឆ្លង ដែលបណ្តាលឱ្យមរណភាពជាច្រើនក្នុងស្រុកពីដើម។ ក្រៅអំពីការទាំងនេះ នគរអាណាព្យាបាលបានចាត់ចែងថែរក្សាប្រាសាទក្បាច់រចនា ជាកេរដំណែលសេចក្តីចេះដឹងនៃជាតិខេមរៈពីដើម ហើយបានរក្សាសេចក្តីជឿរបស់រាស្ត្រក្នុងទំនុកបម្រុងឱ្យនៅដូចដើម។ សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ ចប់ត្រឹមនេះ។

គួររំលឹកថា លុះបានអធិប្បាយទូន្មានពន្យល់ដល់បណ្តាពួកជំទង់ដែលត្រូវតែធ្វើការជាតំណពីរបស់បុគ្គលដែលស្លាប់នោះតទៅទៀតនោះ លោករេស៊ីដង់ជាន់ខ្ពស់ បានសម្តែងបញ្ចប់សេចក្តីអធិប្បាយរបស់លោក ហើយលោកបាននិយាយនឹកគុណដល់អ្នកដែលស្លាប់ក្នុងនគរទាំង២ នេះម្តងទៀត ដោយសេចក្តីនឹកគុណពីកិរិយាដ៏ប្រសើរ និងសេចក្តីដែលបុគ្គលទាំងនេះបានស៊ូយ៉ាងដូច្នេះ បណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយជាតំណ និងយកតម្រាប់តាមក្នុងគ្រាក្រីក្រ។

សេចក្តីបរិយាយខ្លីនេះមិនពេញបរិបូរណ៍ទេ។ លុះបានអធិប្បាយហើយ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយអំពីនយោបាយបារាំង ដែលនាំឱ្យនគរបារាំងសែសហ៊ាននិយាយអួតថា បានធ្វើឱ្យបណ្តាជនស្រុកខ្មែរចូលចិត្តគ្រប់គ្នាទាំងអស់។ 

(សូមរង់ចាំអានភាគបន្ត!)

------------------------------------

[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨២-៨៨។  

[២] គួររំលឹកថា មុននឹងមានអត្ថាធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ គេបានបើកក្រណាត់គ្របវិមានចេញ ហើយគេបានចែកទង់ជ័យឱ្យពួកទាហានពិជ័យសង្គ្រាមដែលមាននៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់បារាំងទាំងប៉ុន្មាន។ នៅវេលាដែលលោករេស៊ីដង់ជាន់ខ្ពស់ កំពុងតែចែកទង់ជ័យនោះ លោកសក្កិ៥(បូរ៉ែល) ជាអ្នកនាយកស្តីទីទ័ព ចំណែកខាងស្រុកកូសាំងស៊ីននិងស្រុកខ្មែរ ចាត់ចែងបង្គាប់ឱ្យពួកទាហានគំនាប់។

[៣] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។

[៤] នគរឆ្លងសមុទ្រគឺ«ទឹកដីឯនាយសមុទ្រ»(Territoire d’Outre-Mer/Overseas Territory) នៅក្រោមការគ្រប់គ្រងរបស់បារាំង។



អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោមកិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននិងភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្...

2021-01-12 11:05:44   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 06:05 PM
សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM

សេចក្តីប្រកាស