ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «គេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងប្រទេសដែលចាប់ចិនហើយបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិននោះទេ!»

2019-04-30 13:13:54 ថ្ងៃអង្គារ, 30 មេសា 2019 ម៉ោង 08:13 PM
អ្នកមើល 4078
post_detail

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់ចិន ដែលទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងរូបភាពកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ តែទោះបីជាយ៉ាងនេះក្ដី មានការលើកឡើងជាកង្វល់និងដាក់ការសង្ស័យជាច្រើន អំពីជំនួយនិងកម្ចីរបស់ចិន ដែលអាចនាំឱ្យមានការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិន ដូចបណ្ដាប្រទេសមួយចំនួន។

ជាការពិតណាស់ ការព្រួយបារម្ភគឺជារឿងធម្មតាមួយ ដែលមិនគួរត្រូវបានច្រានចោលទាំងស្រុងនោះឡើយ ប៉ុន្តែការបំផុសបំផុល​ឱ្យមានការភ័ន្តច្រឡំ ឬធ្វើឱ្យសាធារណមតិមានការជ្រួលច្របល់នោះ ពិតជាមិនគួរកើតមាននោះឡើយ។ ការប្រៀបធៀបករណីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ទៅនឹងករណីប្រទេសមួយចំនួន ក្នុងករណីកសាងទំនប់វារីអគ្គិសនី ក៏ដូចជាការលើកឡើងថា កម្ពុជាអាចក្លាយទៅជាកូនបំណុលរបស់ចិនរហូតដល់លក់កំពង់ផែរបស់ប្រទេសខ្លួននោះ ពិតជាមិនត្រឹមត្រូវនោះឡើយ។

ក្នុងន័យនេះហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ថា កម្ពុជាត្រូវការអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានសន្តិភាព ហើយដើម្បីមានសន្តិភាព គឺត្រូវមាន អីហូប ដែលតម្រូវឱ្យមានការកសាងទំនប់វារីអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនីជាប្រភពថាមពលសម្រាប់បម្រើដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ហើយដែលនេះប្រាកដណាស់ គឺត្រូវការកាប់ព្រៃឈើក្នុងចំនួនកំណត់ណាមួយ (ដើម្បីសម្អាតបាតអាងវារីអគ្គិសនី)។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពកម្ពុជា បានលើកឡើងថា «អ្នកដែលបំផ្លាញបរិស្ថានធំជាងគេគឺមហាអំណាច តែបែរជាស្រែកមិនឱ្យប្រទេសតូចកាប់បំផ្លាញព្រៃឈើ ហើយនៅពេលដែលហៅចូលប្រជុំរឿងបរិស្ថាន បែរនាំគ្នាដើរចេញអស់»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា «បើ[មហាអំណាច]មិនចង់ឱ្យប្រទេសតូចៗកាប់ព្រៃឈើ ត្រូវ​ឱ្យ​លុយ​ដល់ប្រទេសទាំងនោះ គឺទិញដើមឈើទាំងនោះទុកឱ្យហើយ កុំឱ្យគេកាប់។ មិនមែនខ្លួនឯងបំផ្លាញបរិស្ថានដើម្បីមានបាន ហើយមិនឱ្យប្រទេសតូចៗខិតខំដើម្បីមានបាននោះទេ។ គេត្រូវការអភិវឌ្ឍប្រទេស បើប្រទេសមិនអភិវឌ្ឍតើមានសន្តិភាពឬទេ? បើគ្មានអ្វីហូប តើមានសន្តិភាពឬទេ?»

ទាក់ទងនឹងការលើកឡើងអំពីកង្វល់និងការដាក់ការសង្ស័យករណីកម្ចីរបស់ចិន អាចធ្វើឱ្យការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះ ឯកឧត្ដមបណ្ឌិតសភា​ចារ្យបានថ្លែងដោយសង្កត់ធ្ងន់ថា «[...] សូមកុំប្រៀបធៀប! កម្ពុជាជារបស់កម្ពុជា មិនអាចប្រៀបធៀបទៅនឹងប្រទេសណាមួយបាននោះទេ។ កម្ពុជានៅតែជាប្រទេសដែលទន់ភ្លន់នៅក្នុងនយោបាយការបរទេស ព្រោះជាប្រទេស​ទន់ខ្សោយហើយតូច។ ដូច្នេះអ្នកណាផ្ដល់ផលប្រយោជន៍ ត្រូវតែងាកទៅទីនោះ»។ ឯកឧត្ដមបណ្ឌិត​សភា​ចារ្យបានបន្តថា រឿងនេះមិនខុសពីទំនាក់ទំនងរវាងអាមេរិកនិងប្រទេសមជ្ឈឹមបូព៌ាមួយចំនួននោះទេ ដែលតាមច្បាប់សាសនារបស់ប្រទេសទាំងនោះ គឺបានបិទសិទ្ធិសេរីភាពរបស់នារី ក៏សហរដ្ឋអាមេរិកមិនអាចទៅនិយាយអំពីប្រជាធិបតេយ្យនោះដែរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា គេមិនអាចប្រៀបធៀបកម្ពុជាដែលចាប់ចិន ទៅនឹងប្រទេសដែលបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិនបាននោះទេ។ ឯកឧត្ដម​បណ្ឌិតសភាចារ្យបានស្រាយបញ្ជាក់ថា «[...] ខុសគ្នាឆ្ងាយណាស់ ព្រោះសម្ដេចតេជោ កសាងប្រទេសពីបាតដៃទទេ ខុសពីអ្នកទាំងនោះដែលកសាងពីមានផ្ទះទៅអត់ផ្ទះ ប៉ុន្តែមនុស្សនេះ កសាងពីអត់ផ្ទះ មកមានផ្ទះ អគារ៤២ជាន់។ វាខុសគ្នា។ អញ្ចឹងដឹងផ្លូវដើរ អាក្រក់យ៉ាងម៉េចហើយ បើមនុស្សមិនដែលក្រ បានវាពិបាក ដឹងតែពេលមាន ដល់ពេលក្រពិបាក [...]»

ចំណុចមួយផ្សេងទៀត ដែលឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា កម្ពុជានឹងមិនមានវាសនាដូចប្រទេសទាំងនោះក៏ព្រោះតែ មេដឹកនាំប្រទេសកម្ពុជា មិនចាប់ដៃ(ធ្វើកិច្ចសហប្រតិបត្តិការ) តែជាមួយចិននោះទេ ដោយសម្ដេចតេជោបានចាប់ដៃជាមួយនឹងលោក ដូណាល់ត្រាំ ចាប់លោកពូទីន និងចាប់មេដឹកនាំប្រទេសដទៃទៀត ដើម្បីលំនឹងនៃនយោបាយការបរទេស ដើម្បីផលប្រយោជន៍ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់អ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅថា លោកសង្ឃឹមថា មិនថាអ្នកដែលនិយមខាងណាឬខាងណាមិនសំខាន់នោះទេ ប៉ុន្តែសំខាន់ត្រូវយកគំនិតទៅវិនិច្ឆ័យ ដើម្បីរកសេចក្ដីសុខ និងការអភិវឌ្ឍប្រទេសឈរនៅលើមូលដ្ឋានសន្តិភាព ដែលមិនរុញប្រទេសកម្ពុជាចូលទៅក្នុងភ្លើងសង្គ្រាមនោះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ






អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស