Royal Academy of Cambodia
ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់ចិន ដែលទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងរូបភាពកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ តែទោះបីជាយ៉ាងនេះក្ដី មានការលើកឡើងជាកង្វល់និងដាក់ការសង្ស័យជាច្រើន អំពីជំនួយនិងកម្ចីរបស់ចិន ដែលអាចនាំឱ្យមានការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិន ដូចបណ្ដាប្រទេសមួយចំនួន។
ជាការពិតណាស់ ការព្រួយបារម្ភគឺជារឿងធម្មតាមួយ ដែលមិនគួរត្រូវបានច្រានចោលទាំងស្រុងនោះឡើយ ប៉ុន្តែការបំផុសបំផុលឱ្យមានការភ័ន្តច្រឡំ ឬធ្វើឱ្យសាធារណមតិមានការជ្រួលច្របល់នោះ ពិតជាមិនគួរកើតមាននោះឡើយ។ ការប្រៀបធៀបករណីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ទៅនឹងករណីប្រទេសមួយចំនួន ក្នុងករណីកសាងទំនប់វារីអគ្គិសនី ក៏ដូចជាការលើកឡើងថា កម្ពុជាអាចក្លាយទៅជាកូនបំណុលរបស់ចិនរហូតដល់លក់កំពង់ផែរបស់ប្រទេសខ្លួននោះ ពិតជាមិនត្រឹមត្រូវនោះឡើយ។
ក្នុងន័យនេះហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ថា កម្ពុជាត្រូវការអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានសន្តិភាព ហើយដើម្បីមានសន្តិភាព គឺត្រូវមាន អីហូប ដែលតម្រូវឱ្យមានការកសាងទំនប់វារីអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនីជាប្រភពថាមពលសម្រាប់បម្រើដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ហើយដែលនេះប្រាកដណាស់ គឺត្រូវការកាប់ព្រៃឈើក្នុងចំនួនកំណត់ណាមួយ (ដើម្បីសម្អាតបាតអាងវារីអគ្គិសនី)។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពកម្ពុជា បានលើកឡើងថា «អ្នកដែលបំផ្លាញបរិស្ថានធំជាងគេគឺមហាអំណាច តែបែរជាស្រែកមិនឱ្យប្រទេសតូចកាប់បំផ្លាញព្រៃឈើ ហើយនៅពេលដែលហៅចូលប្រជុំរឿងបរិស្ថាន បែរនាំគ្នាដើរចេញអស់»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា «បើ[មហាអំណាច]មិនចង់ឱ្យប្រទេសតូចៗកាប់ព្រៃឈើ ត្រូវឱ្យលុយដល់ប្រទេសទាំងនោះ គឺទិញដើមឈើទាំងនោះទុកឱ្យហើយ កុំឱ្យគេកាប់។ មិនមែនខ្លួនឯងបំផ្លាញបរិស្ថានដើម្បីមានបាន ហើយមិនឱ្យប្រទេសតូចៗខិតខំដើម្បីមានបាននោះទេ។ គេត្រូវការអភិវឌ្ឍប្រទេស បើប្រទេសមិនអភិវឌ្ឍតើមានសន្តិភាពឬទេ? បើគ្មានអ្វីហូប តើមានសន្តិភាពឬទេ?»
ទាក់ទងនឹងការលើកឡើងអំពីកង្វល់និងការដាក់ការសង្ស័យករណីកម្ចីរបស់ចិន អាចធ្វើឱ្យការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងដោយសង្កត់ធ្ងន់ថា «[...] សូមកុំប្រៀបធៀប! កម្ពុជាជារបស់កម្ពុជា មិនអាចប្រៀបធៀបទៅនឹងប្រទេសណាមួយបាននោះទេ។ កម្ពុជានៅតែជាប្រទេសដែលទន់ភ្លន់នៅក្នុងនយោបាយការបរទេស ព្រោះជាប្រទេសទន់ខ្សោយហើយតូច។ ដូច្នេះអ្នកណាផ្ដល់ផលប្រយោជន៍ ត្រូវតែងាកទៅទីនោះ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា រឿងនេះមិនខុសពីទំនាក់ទំនងរវាងអាមេរិកនិងប្រទេសមជ្ឈឹមបូព៌ាមួយចំនួននោះទេ ដែលតាមច្បាប់សាសនារបស់ប្រទេសទាំងនោះ គឺបានបិទសិទ្ធិសេរីភាពរបស់នារី ក៏សហរដ្ឋអាមេរិកមិនអាចទៅនិយាយអំពីប្រជាធិបតេយ្យនោះដែរ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា គេមិនអាចប្រៀបធៀបកម្ពុជាដែលចាប់ចិន ទៅនឹងប្រទេសដែលបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិនបាននោះទេ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានស្រាយបញ្ជាក់ថា «[...] ខុសគ្នាឆ្ងាយណាស់ ព្រោះសម្ដេចតេជោ កសាងប្រទេសពីបាតដៃទទេ ខុសពីអ្នកទាំងនោះដែលកសាងពីមានផ្ទះទៅអត់ផ្ទះ ប៉ុន្តែមនុស្សនេះ កសាងពីអត់ផ្ទះ មកមានផ្ទះ អគារ៤២ជាន់។ វាខុសគ្នា។ អញ្ចឹងដឹងផ្លូវដើរ អាក្រក់យ៉ាងម៉េចហើយ បើមនុស្សមិនដែលក្រ បានវាពិបាក ដឹងតែពេលមាន ដល់ពេលក្រពិបាក [...]»
ចំណុចមួយផ្សេងទៀត ដែលឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា កម្ពុជានឹងមិនមានវាសនាដូចប្រទេសទាំងនោះក៏ព្រោះតែ មេដឹកនាំប្រទេសកម្ពុជា មិនចាប់ដៃ(ធ្វើកិច្ចសហប្រតិបត្តិការ) តែជាមួយចិននោះទេ ដោយសម្ដេចតេជោបានចាប់ដៃជាមួយនឹងលោក ដូណាល់ត្រាំ ចាប់លោកពូទីន និងចាប់មេដឹកនាំប្រទេសដទៃទៀត ដើម្បីលំនឹងនៃនយោបាយការបរទេស ដើម្បីផលប្រយោជន៍ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់អ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅថា លោកសង្ឃឹមថា មិនថាអ្នកដែលនិយមខាងណាឬខាងណាមិនសំខាន់នោះទេ ប៉ុន្តែសំខាន់ត្រូវយកគំនិតទៅវិនិច្ឆ័យ ដើម្បីរកសេចក្ដីសុខ និងការអភិវឌ្ឍប្រទេសឈរនៅលើមូលដ្ឋានសន្តិភាព ដែលមិនរុញប្រទេសកម្ពុជាចូលទៅក្នុងភ្លើងសង្គ្រាមនោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ព...
សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទ...
ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាលើពិភ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រត...
នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោក ហេង វីរិទ្ធិ បានទទួល កម្រងសៀវភៅ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០២៣ បោះពុម្ភផ្សាយ...