Royal Academy of Cambodia
ភ្នំពេញ៖ «ប្រទេសកម្ពុជាទទួលបានការវិនិយោគពីចិនក្នុងទំហំ ច្រើនជាងអាម៉េរិក ហេតុនេះហើយទើបបានជាកម្ពុជាងាកទៅ រកចិន» នេះជាការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ប៉ុន្តែអ្វីដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់នោះគឺ កម្ពុជាងាកទៅរក ចិន គឺជាការងាកខាងផ្នែកសេដ្ឋកិច្ច មិនមែនងាកខាងផ្នែកនយោបាយនោះទេ ព្រោះកម្ពុជាមានការបោះឆ្នោតដ៏ទៀងទាត់ នៅរៀងរាល់អាណត្តិ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិន ពុំមានការបោះឆ្នោតនោះឡើយ។
ក្នុងបរិបទដែលមានការឆ្លងឆ្លើយគ្នារវាងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ដែលក្នុងនោះ កម្ពុជាបានរៀបចំខ្លួនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានការចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងថ្មីៗនេះមានទាំងការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលចំណុចនេះ បែរជាបានក្លាយទៅជាពាក្យចចាមអារ៉ាមរហូតឈានដល់ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក ចោទជាសំណួរទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីកម្ពុជាថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ការដឹកជញ្ជូនផ្លូវទឹកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មធំៗ ដែលតម្រូវឱ្យកម្ពុជាត្រូវសាងសង់កំពង់ទឹកជ្រៅ ដើម្បីអាចអនុញ្ញាតឱ្យនាវាដឹកទំនិញធុនធំចូលចតនិងបែងចែក ទំនិញនៅកំពង់ផែរបស់កម្ពុជាបាន។
ជាទស្សនៈផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សហរដ្ឋអាម៉េរិកមានភាពចាំបាច់ដែលត្រូវតែដាក់ការវិនិយោគឱ្យបានច្រើនជាងបច្ចុប្បន្ន ធ្វើយ៉ាងណាស្រូបយកចំនួនកម្លាំងពលកម្មឱ្យបានច្រើនដើម្បីជាការបង្កើនឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងថា វាជា រឿងធម្មតាទេ នរណាដែលផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាង កម្ពុជានឹងងាករកអ្នកនោះហើយ។
គួរបញ្ជាក់ផងដែរថា បើតាមតួលេខចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាមានទំហំសរុបរហូតដល់ ១ ៣១០ លានដុល្លារ ស្មើនឹង៤១,៣%នៃការវិនិយោគទាំងមូលនៅកម្ពុជា។
ជាចុងក្រោយមុនបិទបញ្ចប់កិច្ចពិភាក្សាតុមូលខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងជាការក្រើនរំឭកដល់យុវជននិងសាធារណជនទូទៅថា៖ «ក្នុងរូបភាពណាក៏ដោយ កម្ពុជាត្រូវតែជ្រើសយកសន្តិភាពជាធំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចអាចមានស្ថិរភាពបានគឺដោយសារនយោបាយ ហើយបើគ្មានស្ថិរភាពនយោបាយនោះទេ ក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំ...
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត...
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជាការជួបមុខគ្នាដោយផ្ទាល់ រវាងប្រមុខមេដឹក នាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិ...