ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាងាកទៅចិន ព្រោះការវិនិយោគរបស់ចិនមកកម្ពុជាមានទំហំច្រើនជាងការវិនិយោគរបស់អាមេរិក ដើម្បីបង្កើនឥទ្ធិពលនៅកម្ពុជា អាម៉េរិកត្រូវតែជំរុញ និងបង្កើនការវិនិយោគរបស់ខ្លួនឱ្យបានច្រើនជាងបច្ចុប្បន្ន...

2019-04-30 09:46:20 ថ្ងៃអង្គារ, 30 មេសា 2019 ម៉ោង 04:46 PM
អ្នកមើល 3098
post_detail

ភ្នំពេញ៖ «ប្រទេសកម្ពុជាទទួលបានការវិនិយោគពីចិនក្នុងទំហំ ច្រើនជាងអាម៉េរិក ហេតុនេះហើយទើបបានជាកម្ពុជាងាកទៅ រកចិន» នេះជាការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ប៉ុន្តែអ្វីដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់នោះគឺ កម្ពុជាងាកទៅរក ចិន គឺជាការងាកខាងផ្នែកសេដ្ឋកិច្ច មិនមែនងាកខាងផ្នែកនយោបាយនោះទេ ព្រោះកម្ពុជាមានការបោះឆ្នោតដ៏ទៀងទាត់ នៅរៀងរាល់អាណត្តិ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិន ពុំមានការបោះឆ្នោតនោះឡើយ។

ក្នុងបរិបទដែលមានការឆ្លងឆ្លើយគ្នារវាងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ដែលក្នុងនោះ កម្ពុជាបានរៀបចំខ្លួនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានការចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងថ្មីៗនេះមានទាំងការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលចំណុចនេះ បែរជាបានក្លាយទៅជាពាក្យចចាមអារ៉ាមរហូតឈានដល់ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក ចោទជាសំណួរទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីកម្ពុជាថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ការដឹកជញ្ជូនផ្លូវទឹកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មធំៗ ដែលតម្រូវឱ្យកម្ពុជាត្រូវសាងសង់កំពង់ទឹកជ្រៅ ដើម្បីអាចអនុញ្ញាតឱ្យនាវាដឹកទំនិញធុនធំចូលចតនិងបែងចែក ទំនិញនៅកំពង់ផែរបស់កម្ពុជាបាន។

ជាទស្សនៈផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សហរដ្ឋអាម៉េរិកមានភាពចាំបាច់ដែលត្រូវតែដាក់ការវិនិយោគឱ្យបានច្រើនជាងបច្ចុប្បន្ន ធ្វើយ៉ាងណាស្រូបយកចំនួនកម្លាំងពលកម្មឱ្យបានច្រើនដើម្បីជាការបង្កើនឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងថា វាជា រឿងធម្មតាទេ នរណាដែលផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាង កម្ពុជានឹងងាករកអ្នកនោះហើយ។

គួរបញ្ជាក់ផងដែរថា បើតាមតួលេខចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាមានទំហំសរុបរហូតដល់ ១ ៣១០ លានដុល្លារ ស្មើនឹង៤១,៣%នៃការវិនិយោគទាំងមូលនៅកម្ពុជា។

ជាចុងក្រោយមុនបិទបញ្ចប់កិច្ចពិភាក្សាតុមូលខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងជាការក្រើនរំឭកដល់យុវជននិងសាធារណជនទូទៅថា៖ «ក្នុងរូបភាពណាក៏ដោយ កម្ពុជាត្រូវតែជ្រើសយកសន្តិភាពជាធំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចអាចមានស្ថិរភាពបានគឺដោយសារនយោបាយ ហើយបើគ្មានស្ថិរភាពនយោបាយនោះទេ ក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ»៕

RAC Media | លឹម សុវណ្ណរិទ្ធ




អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស