Royal Academy of Cambodia
ដោយមានសំណូមពរពីក្រុមការងារសាងសង់អគារឥន្រ្ទទេវី ឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី ក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកបណ្ឌិត ផុន កសិកា, លោក ហឿង សុធារស់, លោក ប្រែង ពិសិដ្ឋ, លោកស្រី ម៉ិល វាសនា និងនាងខ្ញុំ កញ្ញា តាកេត ស័កដា បានចុះសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់បដិមាព្រះនាងឥន្រ្ទទេវី នៅតាមប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប ដូចជា ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្មញ ប្រាសាទតាសោម ព្រះលានជល់ដំរី ព្រះបរមរាជវាំង ក្នុងគោលបំណងសិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃរូបបដិមា «ព្រះនាងឥន្រ្ទទេវី» សម្រាប់កសាងបដិមាតម្កល់ក្នុងអគារកំពុងសាងសង់ថ្មីនៃរាជបណ្ឌិត្យកម្ពុជា ដែលនឹងដាក់ឈ្មោះថា «អគារឥន្រ្ទទេវី»។
មានអ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថានៅប្រាសាទបាយ័នក៏មានចម្លាក់រូបព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវីដែរ គេឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧។ ក្នុងឈុតខ្លះ មានស្រ្តីមានទ្រង់គ្រឿងដូចមហេសីចំនួន២ ជួនកាលបី ឬបួន ឬប្រាំ។ នេះជាសំណួរ ថាតើស្រ្តីដែលទ្រង់គ្រឿងដូចព្រះមហេសីជានរណា ឬជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរឬយ៉ាងណា? បើដូច្នេះ ព្រះបាទជ័យវរ្ម័នទី៧មានមហេសីប៉ុន្មានអង្គ? ដែលកន្លងមកគេដឹងតែថា ព្រះបាទជ័យវរ្ម័នទី៧មានមហេសី២អង្គគឺ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី។ តាមរយៈសិលាចារឹកប្រាសាទភិមានអាកាស K. 485 បានឱ្យដឹងថា ព្រះនាងឥន្ទ្រទេវី ជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងជាម្ចាស់បងរបស់ព្រះនាងជ័យរាជទេវី បានសាងរូបបដិមាព្រះនាងជ័យរាជទេវី ជាមួយព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងផ្ទាល់ផង នៅគ្រប់បណ្ដាខេត្តដែលគ្រប់គ្រងដោយព្រះបាទជ័យវរ្ម័នទី៧។
បើតាមសិលាចារឹកនៅប្រាសាទព្រះខ័នបានចារដោយព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាម វីរៈកុមារ បានចារថា ស្រីរាជេន្រ្ទទេវី ដែលជាម្ដាយរបស់ទ្រង់ គឺជាមហេសីទី១របស់ព្រះបាទជ័យវរ្ម័នទី៧។ មួយវិញទៀត ក៏មានសិលាចារឹក(K.908)បានចារដែរថា ព្រះបាទជ័យវរ្ម័នទី៧ មានមហេសីចំនួន៣អង្គ ដែល១អង្គទៀតមានព្រះនាម «រាជេន្ទ្រទេវី»។ យ៉ាងណាមិញ យើងនៅមិនទាន់មានអំណះអំណាងណាមួយច្បាស់លាស់ជាងនេះនៅឡើយ តែបើតាមការចុះស្រាវជ្រាវ និងការសង្កេតទៅលើរូបចម្លាក់តាមប្រាសាទខាងលើរួចមក លទ្ធផលបឋមយើងមើលឃើញថាមានរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន៣អង្គដែលគង់នៅជាប់នឹងព្រះបាទជ័យវរ្ម័នទី៧មានបរិមាណច្រើនជាងគេ ក្នុងចំណោមរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន២ ៤ និង៥អង្គ។ ហេតុនេះហើយ យើងគួរមានការសិក្សាស្រាវជ្រាវបន្ថែមទៀតជុំវិញចម្ងល់ទាំងនេះ។
កន្លងទៅមិនទាន់មានអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិណាធ្វើការកំណត់អត្តសញ្ញាណរូបបដិមាព្រះនាងឥន្រ្ទទេវីប្រាកដជាក់លាក់នៅឡើយ សូម្បីអ្នកជំនាញបដិមាសាស្រ្តនៅសារមន្ទីរជាតិភ្នំពេញ ក៏មិនទាន់បានកំណត់រូបណាមួយជារូបបដិមាព្រះនាងឥន្រ្ទទេវីនៅឡើយដែរ។ ថ្មីៗនេះ មានការបង្ហោះតាមបណ្ដាញព័ត៌មានផ្សេងៗអំពីរូបព្រះនាងឥន្រ្ទទេវី ប៉ុន្តែមិនបានទទួលបានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អ្នកស្រាវជ្រាវជំនាញបដិមាសាស្រ្ត និងអ្នកជំនាញបុរាណវត្ថុនៅឡើយទេ។
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាដែលបានចុះធ្វើការសិក្សានោះបានយល់ថា គួររៀបចំវេទិការពិគ្រោះយោបល់ ស្ដីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» ក្នុងគោលបំណង៖
-ប្រមូលអ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុ និងអ្នកប្រវត្តិសាស្រ្ត ជជែកពិភាក្សា ពិគ្រោះយោបល់ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្រ្ទទេវី
-កំណត់អត្តសញ្ញាណជាក់លាក់នៃអត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ដោយយោងតាមអនុសាសន៍នៃសិក្ខាសាលា។
រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងជ័យរាជទេវី
រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងឥន្ទ្រទេវី
រូបដែលគេសង្ស័យថាជាព្រះនាងឥន្ទ្រទេវី នៅប្រាសាទបាយ័ន
ក្រុមការងារនៅថែវខាងក្នុងនៃប្រាសាទបាយ័ន
ក្រុមការងារនៅប្រាសាទបាយ័ន
ក្រុមការងារនៅប្រាសាទតាព្រហ្ម តំបន់អង្គរ ខេត្តសៀមរាប
RAC Media | តាកេត ស័កដា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...
កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...
គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...