ព័ត៌មាន

«សកម្មភាពក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ចុះសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី» ដោយ៖ កញ្ញា តាកេត ស័កដា

2019-04-25 13:58:43 ថ្ងៃព្រហស្បតិ៍, 25 មេសា 2019 ម៉ោង 08:58 PM
អ្នកមើល 3151
post_detail

ដោយមានសំណូមពរពីក្រុមការងារសាងសង់អគារឥន្រ្ទទេវី ឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី ក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកបណ្ឌិត ផុន កសិកា, លោក ហឿង សុធារស់, លោក ប្រែង ពិសិដ្ឋ, លោកស្រី ម៉ិល វាសនា និងនាងខ្ញុំ កញ្ញា តាកេត ស័កដា បានចុះសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់បដិមាព្រះនាងឥន្រ្ទទេវី នៅតាមប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប ដូចជា ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្មញ ប្រាសាទតាសោម ព្រះលានជល់ដំរី ព្រះបរមរាជវាំង ក្នុងគោលបំណងសិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃរូបបដិមា «ព្រះនាងឥន្រ្ទទេវី» សម្រាប់កសាងបដិមាតម្កល់ក្នុងអគារកំពុងសាងសង់ថ្មីនៃរាជបណ្ឌិត្យកម្ពុជា ដែលនឹងដាក់ឈ្មោះថា «អគារឥន្រ្ទទេវី»។

មានអ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថានៅប្រាសាទបាយ័នក៏មានចម្លាក់រូបព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវីដែរ គេឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧។ ក្នុងឈុតខ្លះ មានស្រ្តីមានទ្រង់គ្រឿង​ដូចមហេសីចំនួន២ ជួនកាលបី ឬបួន ឬប្រាំ។ នេះជាសំណួរ ថាតើស្រ្តីដែលទ្រង់គ្រឿងដូចព្រះមហេសីជានរណា ឬជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរឬយ៉ាងណា? បើដូច្នេះ ព្រះបាទជ័យវរ្ម័នទី៧មានមហេសីប៉ុន្មានអង្គ?  ដែលកន្លងមកគេដឹងតែថា ព្រះបាទជ័យវរ្ម័នទី៧មានមហេសី២អង្គគឺ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី។ តាមរយៈសិលាចារឹកប្រាសាទភិមានអាកាស K. 485 បានឱ្យដឹងថា ព្រះនាងឥន្ទ្រទេវី ជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងជាម្ចាស់បងរបស់ព្រះនាងជ័យរាជទេវី បានសាងរូបបដិមាព្រះនាងជ័យរាជទេវី ជាមួយព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងផ្ទាល់ផង នៅគ្រប់បណ្ដាខេត្តដែលគ្រប់គ្រងដោយព្រះបាទជ័យវរ្ម័នទី៧។

បើតាមសិលាចារឹកនៅប្រាសាទព្រះខ័នបានចារដោយព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាម វីរៈកុមារ បានចារថា ស្រីរាជេន្រ្ទទេវី ដែលជាម្ដាយរបស់ទ្រង់ គឺជាមហេសីទី១របស់ព្រះបាទជ័យវរ្ម័នទី៧។ មួយវិញទៀត ក៏មានសិលាចារឹក(K.908)បានចារដែរថា ព្រះបាទជ័យវរ្ម័នទី៧ មានមហេសីចំនួន៣អង្គ ដែល១អង្គទៀតមានព្រះនាម «រាជេន្ទ្រទេវី»។ យ៉ាងណាមិញ យើងនៅមិនទាន់មានអំណះអំណាងណាមួយច្បាស់លាស់ជាងនេះនៅឡើយ តែ​បើតាមការចុះស្រាវជ្រាវ និងការសង្កេតទៅលើរូបចម្លាក់តាមប្រាសាទខាងលើរួចមក លទ្ធផលបឋមយើងមើលឃើញ​ថាមានរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន​៣អង្គដែលគង់នៅជាប់នឹងព្រះបាទជ័យវរ្ម័នទី៧មានបរិមាណច្រើនជាងគេ ក្នុងចំណោមរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន​២ ៤ និង៥អង្គ។ ហេតុនេះហើយ យើងគួរមានការសិក្សា​ស្រាវជ្រាវបន្ថែមទៀតជុំវិញចម្ងល់ទាំងនេះ។

កន្លងទៅមិនទាន់មានអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិណាធ្វើការកំណត់អត្តសញ្ញាណរូបបដិមាព្រះនាងឥន្រ្ទទេវីប្រាកដជាក់លាក់នៅឡើយ សូម្បីអ្នកជំនាញបដិមាសាស្រ្តនៅសារមន្ទីរជាតិភ្នំពេញ ក៏មិនទាន់បានកំណត់រូបណាមួយជារូបបដិមាព្រះនាងឥន្រ្ទទេវីនៅឡើយដែរ។ ថ្មីៗនេះ មានការបង្ហោះតាមបណ្ដាញព័ត៌មានផ្សេងៗអំពីរូបព្រះនាងឥន្រ្ទទេវី ប៉ុន្តែមិនបានទទួលបានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អ្នកស្រាវជ្រាវជំនាញបដិមាសាស្រ្ត និងអ្នកជំនាញបុរាណវត្ថុនៅឡើយទេ។

ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាដែលបានចុះធ្វើការសិក្សានោះបានយល់ថា គួររៀបចំវេទិការពិគ្រោះយោបល់ ស្ដីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» ក្នុងគោលបំណង៖
-ប្រមូលអ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុ និងអ្នកប្រវត្តិសាស្រ្ត ជជែកពិភាក្សា ពិគ្រោះយោបល់ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្រ្ទទេវី
-កំណត់អត្តសញ្ញាណជាក់លាក់នៃអត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ដោយយោងតាមអនុសាសន៍នៃសិក្ខាសាលា។


                                                   រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងជ័យរាជទេវី

                                                    រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងឥន្ទ្រទេវី



                                                 រូបដែលគេសង្ស័យថាជាព្រះនាងឥន្ទ្រទេវី នៅប្រាសាទបាយ័ន



                                                          ក្រុមការងារនៅថែវខាងក្នុងនៃប្រាសាទបាយ័ន



                                                                    ក្រុមការងារនៅប្រាសាទបាយ័ន


                                              ក្រុមការងារនៅប្រាសាទតាព្រហ្ម តំបន់អង្គរ ខេត្តសៀមរាប

RAC Media | តាកេត ស័កដា


អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស