ព័ត៌មាន

«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

2019-03-26 10:58:37 ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 05:58 PM
អ្នកមើល 2589
post_detail

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង សាលាបារាំងចុងបូព៌ា (École française d’extrême-orient) ដែលបានសហការគ្នាចុះបញ្ជីសារពើភណ្ឌសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មីនេះ។ 

លោកបណ្ឌិត មាឃ បូរ៉ា បានបញ្ជាក់ឱ្យ​ដឹង​ថា មុនការរកឃើញពីក្រុមការងារ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា សិលាចារឹកនេះ ដើម​ឡើយ​ទទួលបាន​ការថែរក្សាការពារ​យ៉ាង​យកចិត្តទុកដាក់ពីព្រះចៅអធិការវត្តពោធិមុនី ព្រះនាម គង់ សំណាង រហូតដល់ពេលដែលលោក លាង សុភាព ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានជូនដំណឹងពីអំពីសិលាចារឹកមួយផ្ទាំងនេះ ដល់លោក ហើយក្រុមការងាររបស់លោក ក៏បានចុះទៅពិនិត្យ និងរាយការណ៍ជូន​ទៅក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ដើម្បីសិក្សានិងធ្វើបញ្ជីការ។

សិលាចារឹកវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) នេះ ចារនៅលើគោលសីមាថ្មភក់ពណ៌ក្រហម បើពិនិត្យចំពីមុខ សិលាចារឹកនេះ មានកម្ពស់ ០,៥៨ម៉ែត្រ ទទឹង ០,៤៥ម៉ែត្រ និងកម្រាស់ថ្ម ០,២៩ម៉ែត្រ។ សិលាចារឹកនេះ សរសេរជាភាសាខ្មែរទម្រង់បែបអក្សរជ្រៀង មាន១៦បន្ទាត់ ដែលចុះកាលបរិច្ឆេទឆ្នាំ៨៥៧នៃមហាសករាជ ត្រូវនឹងឆ្នាំ៩៣៥នៃគ្រិស្តសករាជ គឺស្ថិតក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៤-៩៤១ គ.ស.) ដែលទ្រង់មានព្រះនាមក្នុងពេលសោយរាជ្យថា «ធូលីព្រះបាទធូលីជេងព្រះកម្រតេងអញ ជយវម្ម៌ទេវៈ» និងបច្ឆាមរណនាមរបស់ព្រះអង្គ គឺព្រះបាទបរមសិវបទ។

គួររំឭកដែរថា កន្លងទៅថ្មីៗនេះ សិលាចារឹកវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) រកឃើញនៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណជា​១៣គីឡូម៉ែត្រ​ពីទីរួមខេត្ត។

RAC Media.

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស