ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-03-25 07:51:25 ថ្ងៃច័ន្ទ, 25 មីនា 2019, 07:51 AM
post_detail

នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូ​វសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព​ (Maréchal Joffre) កាលពីខែធ្នូ ឆ្នាំ១៩២១ ដែលមានខ្លឹមសារដើមនិងការកែសម្រួលមួយចំនួនដូចខាងក្រោម៖ 

មូលហេតុដែលរាជការក្រុមមឿង(សាលាក្រុង)អញ្ជើញអស់លោក អស់អ្នក មកក្នុងថ្ងៃនេះគឺដើម្បីមករៀបចំបោះ«ផ្ទាំងរំឭក»នេះឯងហើយ។

មនុស្សជំនាន់ក្រោយ ដែលមិនបានភិតភ័យនឹងចម្បាំងក្នុងគ្រានោះនឹងមានសេចក្តីភ្លេចឆាប់ណាស់ ចំពោះស្នាដៃរបស់អ្នកដែលនាំឱ្យបានជ័យជម្នះនេះ។ ប្រសិនបើមិនធ្វើ«ផ្ទាំងរំឭក»នេះទេ ដល់យូរៗទៅកូនចៅរបស់យើងនឹងភ្លេចអំពី«ចម្បាំងឡាម៉ានន៍» (Guerre de la Marne) និងឈ្មោះមេទ័ពម្នាក់ដែលនាំឱ្យមានជោគជ័យនៅទីនោះ។ ដូចនេះមិនត្រូវឱ្យមានសេចក្តីអកតញ្ញូនៅក្នុងចិត្តបារាំងសេសដែលនៅស្រុកខ្មែរ និង ក្នុងចិត្តអាណាប្រជានុរាស្ត្រខ្មែរឡើយ។ «ផ្ទាំងរំឭក»ធ្វើអំពីសំរឹទ្ធដែលបោះនៅត្រង់រុក្ខវិថីសុព (Avenue Joffre) នៅចំពោះមុខលោកសេនាប្រមុខតែម្តងនោះ ជារបស់តឹកតាង១ ធ្វើមុនគេបង្អស់ដើម្បីឱ្យដឹងអង្វែងតទៅមុខ ថាលោកសេនាប្រមុខបានអញ្ជើញមកក្រុងភ្នំពេញ។ «ផ្ទាំងរំឭក» ធ្វើអំពីថ្មកែវ១ផ្ទាំង ដែលបោះ​នៅបន្ទប់សម្រាប់អ្នកទាំងពួងនៅផ្ទះរាជការក្រុមមឿង(សាលាក្រុង)នោះ នឹងនាំឱ្យរឹតតែចាំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញនេះថែមទៀត។

ខ្ញុំសូមជម្រាប អស់លោកអស់អ្នកជ្រាបថា មូលហេតុដែលរាជការក្រុមមឿងក្រុងភ្នំពេញ ធ្វើក្នុងគ្រាឥឡូវនេះមិនមែនធ្វើឱ្យតែមេទ័ពធំតែម្នាក់ឯង ដោយបាននាំកងទ័ពទៅតយុទ្ធឥតរុញរាទេ។ ការធ្វើនេះគឺធ្វើឱ្យទាំងពួកកងទ័ពនោះផង ដោយបាន​ជួយ​សង្គ្រោះនគរឱ្យរួចបានដោយសារតែមានចិត្តក្លាហាន។​ យើងរាល់គ្នាគ្មាននរណាហើយដែលមិនចាំអំពីខ្សែលួស​(ទូរលេខ) ពីប្រទេស​បារាំងដែលបានបញ្ជូនដំណឹងស្តីពីការព្រួយរបស់មេដឹកនាំបារាំងមកឱ្យយើងដឹងថាទ័ពយើងចេះតែថយបន្តិចម្តងៗ និង​អំពីការព្រួយរបស់យើង ដោយបានទទួលដំណឹងនេះ។ ប៉ុន្តែយើងនៅតែមិនបាត់សេចក្តីសង្ឃឹម។


ផែនទីបង្ហាញអំពីព្រែកឡាម៉ានន៍ ដែលជាដៃទន្លេសែននៅខាងកើតក្រុងប៉ារីស Marne River/ Rivière de la Marne

ក្រោយមកដំណឹងថាបានគ្រាន់បើនៅព្រែកឡាម៉ានន៍ (Rivière de la Marne) ហើយឃើញសេចក្តីបង្គាប់ពីលោកសេនាប្រមុខ​សុព ដូច្នេះថា៖ យើងកំពុងតែចូលតយុទ្ធដើម្បីឱ្យនគរនឹងបានជ័យជម្នះលើពួកអាល្លឺម៉ង់។ យើងត្រូវតែរំឭកអ្នកទាំងអស់គ្នាថាក្នុងគ្រានេះអ្នកមិនត្រូវគិតពីរឿងដកថយក្រោយទេ ត្រូវខំវាយនិងខំដេញសង្ខុញពួកខ្មាំង ឱ្យវាថយទៅក្រោយវិញឱ្យពេញទំហឹង។ ពួកទាហានដែលខំប្រឹងទៅមុខទៀតមិនរួច ត្រូវតែខំក្រាញនៅៗ ទីតាំងដែលខ្លួនយកបាន ហើយមិនត្រូវថយទេ ត្រូវ​ស៊ូឱ្យទាល់តែអស់ជីវិតនៅទីនោះ។ ក្នុងគ្រាឥឡូវនេះតែមានធ្វើខុសហើយ នឹងអនុញ្ញាតទោសមិនបានសោះឡើយ ហើយឮដំណឹង​ថា​ទ័ពខ្មាំងវាបាត់រត់តត្រាត់តត្រាយ [1] តាមផ្លូវ ដែលវាចូលមកកាលវាកំពុងនៅមានជ័យ។

ស្រុកបារាំងតាំងពីនោះមកបានរួចខ្លួនហើយៗ បានរៀបចំតយុទ្ធធន់យូរដែលមានមកក្រោយៗទៀតបានដោយពួកទាហាននោះនៅរាំងដូចជារបងដែក១គ្មាននរណាទម្លាយបានសោះតាំងអំពីនោះរៀងមក។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។

ខ្ញុំសូមជម្រាបអស់លោកអស់អ្នកជ្រាប ថាលោកមេកងទ័ពដែលមានកេរ្តិ៍ឈ្មោះល្បីនោះ មិនដែលធ្វើឱ្យមានកំហុស, មិនដែលបាត់សង្ឃឹម និងមិនដែលគិតថាបារាំងមិនក្លាហាន និងមិនតស៊ូនោះទេ។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព្វ ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។

នៅលើផ្ទាំងថ្មកែវនេះមានអក្សររំឭកអំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញ ដើម្បីរំឭកគុណលោក។  

អក្សរនៅលើផ្ទាំងថ្មនេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ក្នុងរវាងដែលមានកិច្ចធុរៈដំណើរមកជារាជការក្នុងស្រុកទិសបូព៌[2]ចុងបំផុត “អិស្សត្រែមអូរីយ៉ង”[3]
នោះលោកម៉ារេសាល់សុព
ដែលមានជ័យជម្នះក្នុងចម្បាំងឡាម៉ានន៍ បានអញ្ជើញមកសំណាក់នៅទីផ្ទះរាជការក្រុមមឿងនេះ
នៅថ្ងៃ១៣-១៤ និង ១៨ ខែដេសម ឆ្នាំ១៩២១»។ 
អស់លោក អស់អ្នក ដែលបានទៅជួបជុំក្នុងឱកាសនេះ ក៏បានចូលរួមគ្នាទះដៃទទួលគំនាប់សេចក្តីបង្ហើយនៃសេចក្តីអធិប្បាយនេះ[4]។

(សូមរង់ចាំអានភាគបន្ត…)

------------------------------------------------------

[1] តត្រាត់តត្រាយ ជាភាសានិយាយនៅសម័យនោះដែលមានន័យស្មើនឹងរប៉ាត់រប៉ាយ។
[2] ទិសបូព៌ គឺទិសបូព៌ា។
[3] អិស្សត្រែមអូរីយ៉ង(Extrême-Orient) គឺចុងបូព៌ា។
[4] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៦៥-៦៨។

ទាញយកអត្ថបទភាគទី៥ វគ្គ២ ជា .pdf ពី៖
http://rac.apppeppers.com/royal-academy/research/attachments/original/90.pdf?1553498895

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   Wed, 23,02,2022, 02:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   Sun, 20,02,2022, 05:42 AM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   Fri, 18,02,2022, 09:18 AM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   Thu, 10,02,2022, 03:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖&nbsp...

2022-01-31 05:39:53   Mon, 31,01,2022, 05:39 AM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   Sun, 30,01,2022, 07:44 AM

សេចក្តីប្រកាស