Royal Academy of Cambodia
នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូវសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព (Maréchal Joffre) កាលពីខែធ្នូ ឆ្នាំ១៩២១ ដែលមានខ្លឹមសារដើមនិងការកែសម្រួលមួយចំនួនដូចខាងក្រោម៖
មូលហេតុដែលរាជការក្រុមមឿង(សាលាក្រុង)អញ្ជើញអស់លោក អស់អ្នក មកក្នុងថ្ងៃនេះគឺដើម្បីមករៀបចំបោះ«ផ្ទាំងរំឭក»នេះឯងហើយ។
មនុស្សជំនាន់ក្រោយ ដែលមិនបានភិតភ័យនឹងចម្បាំងក្នុងគ្រានោះនឹងមានសេចក្តីភ្លេចឆាប់ណាស់ ចំពោះស្នាដៃរបស់អ្នកដែលនាំឱ្យបានជ័យជម្នះនេះ។ ប្រសិនបើមិនធ្វើ«ផ្ទាំងរំឭក»នេះទេ ដល់យូរៗទៅកូនចៅរបស់យើងនឹងភ្លេចអំពី«ចម្បាំងឡាម៉ានន៍» (Guerre de la Marne) និងឈ្មោះមេទ័ពម្នាក់ដែលនាំឱ្យមានជោគជ័យនៅទីនោះ។ ដូចនេះមិនត្រូវឱ្យមានសេចក្តីអកតញ្ញូនៅក្នុងចិត្តបារាំងសេសដែលនៅស្រុកខ្មែរ និង ក្នុងចិត្តអាណាប្រជានុរាស្ត្រខ្មែរឡើយ។ «ផ្ទាំងរំឭក»ធ្វើអំពីសំរឹទ្ធដែលបោះនៅត្រង់រុក្ខវិថីសុព (Avenue Joffre) នៅចំពោះមុខលោកសេនាប្រមុខតែម្តងនោះ ជារបស់តឹកតាង១ ធ្វើមុនគេបង្អស់ដើម្បីឱ្យដឹងអង្វែងតទៅមុខ ថាលោកសេនាប្រមុខបានអញ្ជើញមកក្រុងភ្នំពេញ។ «ផ្ទាំងរំឭក» ធ្វើអំពីថ្មកែវ១ផ្ទាំង ដែលបោះនៅបន្ទប់សម្រាប់អ្នកទាំងពួងនៅផ្ទះរាជការក្រុមមឿង(សាលាក្រុង)នោះ នឹងនាំឱ្យរឹតតែចាំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញនេះថែមទៀត។
ខ្ញុំសូមជម្រាប អស់លោកអស់អ្នកជ្រាបថា មូលហេតុដែលរាជការក្រុមមឿងក្រុងភ្នំពេញ ធ្វើក្នុងគ្រាឥឡូវនេះមិនមែនធ្វើឱ្យតែមេទ័ពធំតែម្នាក់ឯង ដោយបាននាំកងទ័ពទៅតយុទ្ធឥតរុញរាទេ។ ការធ្វើនេះគឺធ្វើឱ្យទាំងពួកកងទ័ពនោះផង ដោយបានជួយសង្គ្រោះនគរឱ្យរួចបានដោយសារតែមានចិត្តក្លាហាន។ យើងរាល់គ្នាគ្មាននរណាហើយដែលមិនចាំអំពីខ្សែលួស(ទូរលេខ) ពីប្រទេសបារាំងដែលបានបញ្ជូនដំណឹងស្តីពីការព្រួយរបស់មេដឹកនាំបារាំងមកឱ្យយើងដឹងថាទ័ពយើងចេះតែថយបន្តិចម្តងៗ និងអំពីការព្រួយរបស់យើង ដោយបានទទួលដំណឹងនេះ។ ប៉ុន្តែយើងនៅតែមិនបាត់សេចក្តីសង្ឃឹម។
ផែនទីបង្ហាញអំពីព្រែកឡាម៉ានន៍ ដែលជាដៃទន្លេសែននៅខាងកើតក្រុងប៉ារីស Marne River/ Rivière de la Marne
ក្រោយមកដំណឹងថាបានគ្រាន់បើនៅព្រែកឡាម៉ានន៍ (Rivière de la Marne) ហើយឃើញសេចក្តីបង្គាប់ពីលោកសេនាប្រមុខសុព ដូច្នេះថា៖ យើងកំពុងតែចូលតយុទ្ធដើម្បីឱ្យនគរនឹងបានជ័យជម្នះលើពួកអាល្លឺម៉ង់។ យើងត្រូវតែរំឭកអ្នកទាំងអស់គ្នាថាក្នុងគ្រានេះអ្នកមិនត្រូវគិតពីរឿងដកថយក្រោយទេ ត្រូវខំវាយនិងខំដេញសង្ខុញពួកខ្មាំង ឱ្យវាថយទៅក្រោយវិញឱ្យពេញទំហឹង។ ពួកទាហានដែលខំប្រឹងទៅមុខទៀតមិនរួច ត្រូវតែខំក្រាញនៅៗ ទីតាំងដែលខ្លួនយកបាន ហើយមិនត្រូវថយទេ ត្រូវស៊ូឱ្យទាល់តែអស់ជីវិតនៅទីនោះ។ ក្នុងគ្រាឥឡូវនេះតែមានធ្វើខុសហើយ នឹងអនុញ្ញាតទោសមិនបានសោះឡើយ ហើយឮដំណឹងថាទ័ពខ្មាំងវាបាត់រត់តត្រាត់តត្រាយ [1] តាមផ្លូវ ដែលវាចូលមកកាលវាកំពុងនៅមានជ័យ។
ស្រុកបារាំងតាំងពីនោះមកបានរួចខ្លួនហើយៗ បានរៀបចំតយុទ្ធធន់យូរដែលមានមកក្រោយៗទៀតបានដោយពួកទាហាននោះនៅរាំងដូចជារបងដែក១គ្មាននរណាទម្លាយបានសោះតាំងអំពីនោះរៀងមក។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។
ខ្ញុំសូមជម្រាបអស់លោកអស់អ្នកជ្រាប ថាលោកមេកងទ័ពដែលមានកេរ្តិ៍ឈ្មោះល្បីនោះ មិនដែលធ្វើឱ្យមានកំហុស, មិនដែលបាត់សង្ឃឹម និងមិនដែលគិតថាបារាំងមិនក្លាហាន និងមិនតស៊ូនោះទេ។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព្វ ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។
នៅលើផ្ទាំងថ្មកែវនេះមានអក្សររំឭកអំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញ ដើម្បីរំឭកគុណលោក។
អក្សរនៅលើផ្ទាំងថ្មនេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ក្នុងរវាងដែលមានកិច្ចធុរៈដំណើរមកជារាជការក្នុងស្រុកទិសបូព៌[2]ចុងបំផុត “អិស្សត្រែមអូរីយ៉ង”[3]
នោះលោកម៉ារេសាល់សុព
ដែលមានជ័យជម្នះក្នុងចម្បាំងឡាម៉ានន៍ បានអញ្ជើញមកសំណាក់នៅទីផ្ទះរាជការក្រុមមឿងនេះ
នៅថ្ងៃ១៣-១៤ និង ១៨ ខែដេសម ឆ្នាំ១៩២១»។
អស់លោក អស់អ្នក ដែលបានទៅជួបជុំក្នុងឱកាសនេះ ក៏បានចូលរួមគ្នាទះដៃទទួលគំនាប់សេចក្តីបង្ហើយនៃសេចក្តីអធិប្បាយនេះ[4]។
(សូមរង់ចាំអានភាគបន្ត…)
------------------------------------------------------
[1] តត្រាត់តត្រាយ ជាភាសានិយាយនៅសម័យនោះដែលមានន័យស្មើនឹងរប៉ាត់រប៉ាយ។
[2] ទិសបូព៌ គឺទិសបូព៌ា។
[3] អិស្សត្រែមអូរីយ៉ង(Extrême-Orient) គឺចុងបូព៌ា។
[4] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៦៥-៦៨។
ទាញយកអត្ថបទភាគទី៥ វគ្គ២ ជា .pdf ពី៖
http://rac.apppeppers.com/royal-academy/research/attachments/original/90.pdf?1553498895
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលកា...
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...
អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...