ព័ត៌មាន

«សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងអំពីលទ្ធភាពដែលកម្ពុជាគួរមានទោសប្រហារជីវិត»

2019-03-10 07:09:24 ថ្ងៃអាទិត្យ, 10 មីនា 2019 ម៉ោង 02:09 PM
អ្នកមើល 2926
post_detail

ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា បើក​ឱ្យមានទោសប្រហារជីវិតឡើងវិញ។ នេះជាការថ្លែងរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រូៗ យុវនារីនិងកុមារ រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចតេជោ បានលើកឡើងអំពីលទ្ធភាព ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱ្យមានការកាត់ទោសប្រហារជីវិត ទៅលើជនណាដែលរំលោភទៅលើកូនបង្កើតរបស់ខ្លួន ជីតារំលោភចៅខ្លួនឯង ដែលគួរតែកម្រិតទោសប្រហារជីវិត។ សម្ដេចថា នេះគ្រាន់តែជាការគិតរបស់សម្តេចតែប៉ុណ្ណោះ ហើយរឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើតាមសំណើរបស់នាយករដ្ឋមន្ត្រី ឬក៏សមាជិករដ្ឋសភាដែលធ្វើជាសេចក្ដីស្នើច្បាប់ សេចក្ដីព្រាងច្បាប់នោះទេ គឺប្រហែលជាដើរដល់ការធ្វើប្រជាមតិតើគួរតែមានទោសប្រហារជីវិតឡើងវិញឬក៏អត់? ប៉ុន្តែទោសប្រហារជីវិតនេះ គួរតែកំណត់ត្រឹមជីតារំ​លោភ​ចៅ ឳពុករំលោភកូនខ្លួនឯង ឳពុកមារំលោភលើក្មួយខ្លួនឯង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបានបន្តថា នេះគ្រាន់តែជាការគិតរបស់សម្ដេចប៉ុណ្ណោះ ដោយសម្ដេចនឹងមិនប្រើអំណាចដើម្បីស្នើសុំព្រះ​មហាក្សត្រ ដើម្បីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឱ្យមានទោសប្រហារជីវិតឡើងវិញទេ ហើយសម្ដេចក៏នឹងមិនស្នើសុំសមាជិករដ្ឋសភាដើម្បីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ ដែលការនេះគឺចាំបាច់ត្រូវធ្វើប្រជាមតិទូទាំងប្រទេស ដើម្បីសម្រេចថាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬក៏អត់?

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់សង្គ្រាមជាង៣ទសវត្សរ៍នៅកម្ពុជា នៅក្នុងសម័យព្រះរាជាណាចក្រទី២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៣ អំពីសិទ្ធិ និង ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាត្រា ៣២ បានចែងថា « ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ»។

បើក្រឡេកមកមើលស្ថានភាពសង្គមក្នុងពេលបច្ចុប្បន្នវិញ សីលធម៌សង្គមហាក់បីបានធ្លាក់ចុះក្នុងកម្រិតមួយដែលគួរឱ្យព្រួយបារម្ភ ទាក់ទងទៅនឹងការរំលោភសេពសន្ថវៈពីសំណាក់ឳពុកចុង ឳពុកមា រហូតឳពុកនិងជីតាបង្កើត ទៅ​លើកូនដើម ក្មួយបង្កើត កូននិងចៅបង្កើតជាដើម ក្នុងរូបភាពប្រៀបដូចជាសត្វតិរច្ឆានមិនស្គាល់សាច់ញាតិរបស់ខ្លួន ដែលបានបន្សល់នូវសោកនាដកម្មដល់ជនរងគ្រោះដែលភាគច្រើនជាអនីតិជន កើតមានជម្ងឺផ្លូវចិត្ត បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង អស់សង្ឃឹមក្នុងជីវិត មិនអាចប្រាស្រ័យទាក់ទងជាធម្មតាជាមួយអ្នកដទៃ ដែលមានផលប៉ះពាល់ដល់ការរស់នៅនិងលូតលាស់របស់កុមាររយៈពេលយូរអង្វែង ឬរហូតដល់ពេញមួយជីវិត ដែលអាចនឹងបង្កទៅជាវិបត្តិសង្គមធ្ងន់ធ្ងរមួយចំពោះអនាគតជនរងគ្រោះទាំងនោះ។

ហេតុនេះ ការដាក់កំហិតទោសទណ្ឌឱ្យបានធ្ងន់ធ្ងរទៅលើបុគ្គលទាំងឡាយដែលបានប្រព្រឹត្តអំពើអសីលធម៌និងគ្មានមនុស្សធម៌ខាងលើនេះ វាគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅលុបបំបាត់នូវការធ្លាក់ចុះកាន់តែខ្លាំងនៃសីលធម៌សង្គម ដើម្បីបញ្ចៀសនូវផលវិបាកដែលកើតចេញពីទង្វើដែលប្រៀបដូចតិរច្ឆានខាងលើនេះ។

RAC Media | លឹម សុវណ្ណារិទ្ធ




អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM

សេចក្តីប្រកាស