Royal Academy of Cambodia
ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា បើកឱ្យមានទោសប្រហារជីវិតឡើងវិញ។ នេះជាការថ្លែងរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រូៗ យុវនារីនិងកុមារ រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្ដេចតេជោ បានលើកឡើងអំពីលទ្ធភាព ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱ្យមានការកាត់ទោសប្រហារជីវិត ទៅលើជនណាដែលរំលោភទៅលើកូនបង្កើតរបស់ខ្លួន ជីតារំលោភចៅខ្លួនឯង ដែលគួរតែកម្រិតទោសប្រហារជីវិត។ សម្ដេចថា នេះគ្រាន់តែជាការគិតរបស់សម្តេចតែប៉ុណ្ណោះ ហើយរឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើតាមសំណើរបស់នាយករដ្ឋមន្ត្រី ឬក៏សមាជិករដ្ឋសភាដែលធ្វើជាសេចក្ដីស្នើច្បាប់ សេចក្ដីព្រាងច្បាប់នោះទេ គឺប្រហែលជាដើរដល់ការធ្វើប្រជាមតិតើគួរតែមានទោសប្រហារជីវិតឡើងវិញឬក៏អត់? ប៉ុន្តែទោសប្រហារជីវិតនេះ គួរតែកំណត់ត្រឹមជីតារំលោភចៅ ឳពុករំលោភកូនខ្លួនឯង ឳពុកមារំលោភលើក្មួយខ្លួនឯង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចបានបន្តថា នេះគ្រាន់តែជាការគិតរបស់សម្ដេចប៉ុណ្ណោះ ដោយសម្ដេចនឹងមិនប្រើអំណាចដើម្បីស្នើសុំព្រះមហាក្សត្រ ដើម្បីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឱ្យមានទោសប្រហារជីវិតឡើងវិញទេ ហើយសម្ដេចក៏នឹងមិនស្នើសុំសមាជិករដ្ឋសភាដើម្បីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ ដែលការនេះគឺចាំបាច់ត្រូវធ្វើប្រជាមតិទូទាំងប្រទេស ដើម្បីសម្រេចថាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬក៏អត់?
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់សង្គ្រាមជាង៣ទសវត្សរ៍នៅកម្ពុជា នៅក្នុងសម័យព្រះរាជាណាចក្រទី២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៣ អំពីសិទ្ធិ និង ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាត្រា ៣២ បានចែងថា « ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ»។
បើក្រឡេកមកមើលស្ថានភាពសង្គមក្នុងពេលបច្ចុប្បន្នវិញ សីលធម៌សង្គមហាក់បីបានធ្លាក់ចុះក្នុងកម្រិតមួយដែលគួរឱ្យព្រួយបារម្ភ ទាក់ទងទៅនឹងការរំលោភសេពសន្ថវៈពីសំណាក់ឳពុកចុង ឳពុកមា រហូតឳពុកនិងជីតាបង្កើត ទៅលើកូនដើម ក្មួយបង្កើត កូននិងចៅបង្កើតជាដើម ក្នុងរូបភាពប្រៀបដូចជាសត្វតិរច្ឆានមិនស្គាល់សាច់ញាតិរបស់ខ្លួន ដែលបានបន្សល់នូវសោកនាដកម្មដល់ជនរងគ្រោះដែលភាគច្រើនជាអនីតិជន កើតមានជម្ងឺផ្លូវចិត្ត បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង អស់សង្ឃឹមក្នុងជីវិត មិនអាចប្រាស្រ័យទាក់ទងជាធម្មតាជាមួយអ្នកដទៃ ដែលមានផលប៉ះពាល់ដល់ការរស់នៅនិងលូតលាស់របស់កុមាររយៈពេលយូរអង្វែង ឬរហូតដល់ពេញមួយជីវិត ដែលអាចនឹងបង្កទៅជាវិបត្តិសង្គមធ្ងន់ធ្ងរមួយចំពោះអនាគតជនរងគ្រោះទាំងនោះ។
ហេតុនេះ ការដាក់កំហិតទោសទណ្ឌឱ្យបានធ្ងន់ធ្ងរទៅលើបុគ្គលទាំងឡាយដែលបានប្រព្រឹត្តអំពើអសីលធម៌និងគ្មានមនុស្សធម៌ខាងលើនេះ វាគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅលុបបំបាត់នូវការធ្លាក់ចុះកាន់តែខ្លាំងនៃសីលធម៌សង្គម ដើម្បីបញ្ចៀសនូវផលវិបាកដែលកើតចេញពីទង្វើដែលប្រៀបដូចតិរច្ឆានខាងលើនេះ។
RAC Media | លឹម សុវណ្ណារិទ្ធ
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...
អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នា...
រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន...
ក្រោយពីបានរៀបចំនូវផែនការចឹញ្ចឹមគោយកទឹកដោះ ដែលមានរយ:ពេល១ឆ្នាំកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន និងកំពុងត្រៀមនូវរៀបចំធនធានមនុស្សលើផ្នែកបច្ចេកទេសជំនាញផ្សេងៗគ្នា ដើម្បីចូលរួមចំណែកក្នុងការងាររៀបចំកសិដ្ឋ...