ព័ត៌មាន

ហេតុអ្វីបំភ្លេចសិទ្ធិរបស់ពួកគេ ? ដោយ៖ ស៊ឺន សម

2019-03-05 02:06:16 ថ្ងៃអង្គារ, 05 មីនា 2019 ម៉ោង 09:06 AM
អ្នកមើល 4393
post_detail

នៅក្នុងពិភពលោកសព្វថ្ងៃ មិនថានៅក្នុងប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ គេតែងនាំគ្នានិយាយអំពីសិទ្ធិមនុស្ស ដោយពេលខ្លះគេបានលើកឡើងអំពីសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ផងដែរ ហើយជាច្រើនលើកច្រើនសារណាស់ ដែលអង្គការជាតិ ឬអង្គការអន្តរជាតិមួយចំនួនបានលើកយកបញ្ហាសិទ្ធិមនុស្សមកធ្វើការវាយប្រហារមកលើរដ្ឋាភិបាលនៃប្រទេសមួយទៀត បើទោះបីជារឿងនោះពិតខ្លះមិនពិតខ្លះ តែមនុស្សភាគច្រើនបានចាត់ទុកថា សិទ្ធិមនុស្សគឺជាសិទ្ធចាំបាច់បំផុតក្នុងលោកនេះ។

ខ្ញុំទទួលស្គាល់ថា សិទ្ធិមនុស្សគឺជាសិទ្ធមួយសំខាន់ណាស់សម្រាប់ការរស់នៅក្នុងផែនដីនេះ ប៉ុន្តែនៅលើពិភពលោកយើងនេះ មិនមែនតែមនុស្សនោះទេ ដែលមានជីវិតរស់នៅ សត្វ និងរុក្ខជាតិ ដែលជារស់នៅជាមួយមនុស្ស ឬដែលកើតមានជុំវិញមនុស្ស ពួកគេក៏ជាចំណែកមួយនៃពិភពលោកយើងនេះដែរ គ្រាន់តែមនុស្សយើងមិនសូវជាចាប់អារម្មណ៍ក្នុងការលើកយកនិយាយតែប៉ុណ្ណោះ។

ពាក្យមួយដែលពិភពលោកបានបង្ហាញតាមកាយវិការ តែពួកគេមិនចង់និយាយនោះ គឺ “ ទាល់តែប៉ះចំសាច់ឯងទើបដឹងថាឈឺ”។ មានន័យថា ប្រទេសមួយចំនួនដែលធ្លាប់តែរិះគន់អ្នកផ្សេងទៀតរឿងសិទ្ធិមនុស្ស ដល់ពេលគេយករឿងសិទ្ធិមនុស្សនេះដដែលមកនិយាយទៅកាន់ខ្លួនវិញ បែរជានិយាយថា “នេះជារឿងផ្ទៃក្នុងរបស់គេ” ប្រទេសផ្សេង សូមកុំលូកដៃ ឧទាហរណ៍ ប្រទេសបារាំង និងប្រទេសមួយចំនួនទៀតជាដើម។

មនុស្សភាគច្រើន គឺបែបនេះ ដោយសារតែការយកចិត្តទុកដាក់ខ្លាំងតែនៅលើរឿងសិទ្ធិមនុស្សតែម្យ៉ាង នាំគ្នាបំភ្លេចសិទ្ធិរបស់សត្វ និងសិទ្ធិរុក្ខជាតិ ឬសិទ្ធដើមឈើ ដែលជាចំណែកមួយដ៏សំខាន់សម្រាប់ការរស់នៅ ហើយសកម្មជនដែលការពារសិទ្ធិសត្វ និងសិទ្ធិរុក្ខជាតិនោះ មិនសូវជាបានទទួលគាំទ្រ ហើយមិនសូវមានសម្ភារៈ ឬថិវកាសម្រាប់បំពេញការងាររបស់ពួកគេនោះទេ ពួកគេតែងធ្វើការដោយខ្វះនេះ ខ្វះនោះជានិច្ច។ ហេតុអ្វីមនុស្សយើងមិនសូវយកចិត្តទុកដាក់ជាមួយសត្វ និងរុក្ខជាតិដែលមានជីវិតដូចយើងដែរនោះ?

ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រ និងជាប្រទេសតូចមួយផងនោះ តែងត្រូវបានរបាយការណ៍សិទ្ធិមនុស្សអន្តរជាតិ ឬតែងត្រូវបានប្រទេសផ្សេងទៀតរិះគន់ ថាមិនសូវមានសិទ្ធិមនុស្សល្អ ដោយប្រការយ៉ាងនេះ យ៉ាងនោះជាដើម។ ប៉ុន្តែអ្នករិះគន់រឿងសិទ្ធិមនុស្សនោះ មិនដែលបានចាប់អារម្មណ៍សោះឡើយចំពោះបញ្ហាសិទ្ធិរបស់សត្វ ឬសិទ្ធដើម​ឈើ ដែលសកម្មជនអ្នកការពារសិទ្ធិសត្វ និងសិទ្ធរុក្ខជាតិ បានជួនប្រទះជាញឹកញាប់ក្នុងការបំពេញការងាររបស់ខ្លួន។

ទាក់ទងនឹងរឿងសិទ្ធិសត្វ និងសិទ្ធរុក្ខជាតិនេះ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ដែលជាឧទ្យានជាតិមួយស្ថិតនៅក្នុងស្រុកឆែប នៃខេត្តព្រះវិហារនោះ បានមានប្រសាសន៍ថា “ ជាធម្មតាមនុស្សចូលចិត្តនិយាយតែអំពីរឿងសិទ្ធមនុស្សតែម្យ៉ាងប៉ុណ្ណោះ ហើយមិនចូលចិត្តនិយាយ និងមិនសូវផ្តល់តំលៃដល់អ្នកដែលការពារសិទ្ធិរបស់សត្វ និងសិទ្ធិរុក្ខជាតិទេ” ។ លោកបានបន្តទៀតថា “ ក្នុងការបំពេញការងាររបស់ក្រុមការពារឧទ្យាននៅពេលសព្វថ្ងៃនេះ គឺប្រឈមនឹងការខ្វះខាតខ្លាំងណាស់ ហើយក៏ប្រឈមនឹងគ្រោះថា្នក់ច្រើនណាស់ដែរ ព្រោះថាអ្នកដែលធ្លាប់កាប់ឈើលក់ ហើយមិនបានកាប់វិញនោះ គេមានការខឹងក្រោធជាមួយក្រុមអ្នកការពារព្រៃឈើណាស់ ម្យ៉ាងវិញទៀត ពលរដ្ឋអ្នកដែលរស់នៅជិតបរិវេននៃឧទ្យាននោះ ក៏មិនសូវជាមានការយល់ដឹងអំពីតម្លៃនៃការពារ ឬការអភិរក្សព្រៃឈើរដែរ  អីចឹងហើយ ក្រុមការងារឧទ្យានប្រឈមមុខទាំងជាមួយនឹងអ្នកដែលបាត់បង់ប្រយោជន៍ផង ប្រឈមមុខនឹងពលរដ្ឋដែលមិនទាន់បានយល់ដឹងអំពីតម្លៃនៃការងាររបស់ក្រុមការពារឧទ្យានផង ជាពិសេសប្រឈមមុខនឹងការមិនសូវផ្តល់តម្លៃអំពីអ្នកដែលចូលចិត្តនិយាយអំពីរឿងសិទ្ធិមនុស្ស តែបំភ្លេចសិទ្ធសត្វ និងសិទ្ធរុក្ខជាតិផងដែរ”។

សិទ្ធិមនុស្ស សិទ្ធិសត្វ និងសិទ្ធិធរុក្ខជាតិ សុទ្ធតែសំខាន់សម្រាប់ភពផែនដីនេះ  យើងមិនត្រូវសំលឹងតែមួយចំណុច ឬមើលតែមួយចំណុច ហើយធ្វើការរិះគន់ជារួមនោះទេ ព្រោះថា អ្នកខ្លះមិនបាននិយាយថាគេជាអ្នកការពារសិទ្ធិមនុស្ស ឬជាសកម្មជនសិទ្ធិមនុស្សនោះទេ តែពួកគេបានលះបង់ពេលវេលា កំលាំងកាយ កំលាំងចិត្ត ជាពិសេសសុភមង្គលគ្រួសារ ដើម្បីទៅបំពេញការងារជាអ្នកការពារព្រៃឈើ  ជាអ្នកផ្តល់សេចក្តីសុខដល់សត្វ តាយរយៈការជីកស្រះទឹកដើម្បីឱ្យសត្វព្រៃមានទឹកផឹក មានព្រៃជាទីជម្រក ជាពិសេស គឺការរក្សាព្រៃឈើដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយទៀត។ សកម្មភាពសង្ខេបខាងលើនេះ សុទ្ធតែជារឿងសំខាន់សម្រាប់ជាតិ និងសម្រាប់ភពផែននេះ ដូច្នេះ បើសិនជាអ្នកគិតថា អ្នកជាអ្នកស្រលាញ់សិទ្ធិមនុស្សនោះ សូមចែករំលែកក្តីស្រលាញ់របស់អ្នក ជាមួយសត្វ និងរុក្ខជាតិ ដែលជាចំណែកមួយសំខាន់នៃផែនដីរបស់យើងផង។

RAC Media  ( ដោយលោកស៊ឺន សម  មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)




អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី៣)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-13 07:47:13   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 02:47 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:19 PM
Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM

សេចក្តីប្រកាស