Royal Academy of Cambodia
នៅក្នុងពិភពលោកសព្វថ្ងៃ មិនថានៅក្នុងប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ គេតែងនាំគ្នានិយាយអំពីសិទ្ធិមនុស្ស ដោយពេលខ្លះគេបានលើកឡើងអំពីសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ផងដែរ ហើយជាច្រើនលើកច្រើនសារណាស់ ដែលអង្គការជាតិ ឬអង្គការអន្តរជាតិមួយចំនួនបានលើកយកបញ្ហាសិទ្ធិមនុស្សមកធ្វើការវាយប្រហារមកលើរដ្ឋាភិបាលនៃប្រទេសមួយទៀត បើទោះបីជារឿងនោះពិតខ្លះមិនពិតខ្លះ តែមនុស្សភាគច្រើនបានចាត់ទុកថា សិទ្ធិមនុស្សគឺជាសិទ្ធចាំបាច់បំផុតក្នុងលោកនេះ។
ខ្ញុំទទួលស្គាល់ថា សិទ្ធិមនុស្សគឺជាសិទ្ធមួយសំខាន់ណាស់សម្រាប់ការរស់នៅក្នុងផែនដីនេះ ប៉ុន្តែនៅលើពិភពលោកយើងនេះ មិនមែនតែមនុស្សនោះទេ ដែលមានជីវិតរស់នៅ សត្វ និងរុក្ខជាតិ ដែលជារស់នៅជាមួយមនុស្ស ឬដែលកើតមានជុំវិញមនុស្ស ពួកគេក៏ជាចំណែកមួយនៃពិភពលោកយើងនេះដែរ គ្រាន់តែមនុស្សយើងមិនសូវជាចាប់អារម្មណ៍ក្នុងការលើកយកនិយាយតែប៉ុណ្ណោះ។
ពាក្យមួយដែលពិភពលោកបានបង្ហាញតាមកាយវិការ តែពួកគេមិនចង់និយាយនោះ គឺ “ ទាល់តែប៉ះចំសាច់ឯងទើបដឹងថាឈឺ”។ មានន័យថា ប្រទេសមួយចំនួនដែលធ្លាប់តែរិះគន់អ្នកផ្សេងទៀតរឿងសិទ្ធិមនុស្ស ដល់ពេលគេយករឿងសិទ្ធិមនុស្សនេះដដែលមកនិយាយទៅកាន់ខ្លួនវិញ បែរជានិយាយថា “នេះជារឿងផ្ទៃក្នុងរបស់គេ” ប្រទេសផ្សេង សូមកុំលូកដៃ ឧទាហរណ៍ ប្រទេសបារាំង និងប្រទេសមួយចំនួនទៀតជាដើម។
មនុស្សភាគច្រើន គឺបែបនេះ ដោយសារតែការយកចិត្តទុកដាក់ខ្លាំងតែនៅលើរឿងសិទ្ធិមនុស្សតែម្យ៉ាង នាំគ្នាបំភ្លេចសិទ្ធិរបស់សត្វ និងសិទ្ធិរុក្ខជាតិ ឬសិទ្ធដើមឈើ ដែលជាចំណែកមួយដ៏សំខាន់សម្រាប់ការរស់នៅ ហើយសកម្មជនដែលការពារសិទ្ធិសត្វ និងសិទ្ធិរុក្ខជាតិនោះ មិនសូវជាបានទទួលគាំទ្រ ហើយមិនសូវមានសម្ភារៈ ឬថិវកាសម្រាប់បំពេញការងាររបស់ពួកគេនោះទេ ពួកគេតែងធ្វើការដោយខ្វះនេះ ខ្វះនោះជានិច្ច។ ហេតុអ្វីមនុស្សយើងមិនសូវយកចិត្តទុកដាក់ជាមួយសត្វ និងរុក្ខជាតិដែលមានជីវិតដូចយើងដែរនោះ?
ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រ និងជាប្រទេសតូចមួយផងនោះ តែងត្រូវបានរបាយការណ៍សិទ្ធិមនុស្សអន្តរជាតិ ឬតែងត្រូវបានប្រទេសផ្សេងទៀតរិះគន់ ថាមិនសូវមានសិទ្ធិមនុស្សល្អ ដោយប្រការយ៉ាងនេះ យ៉ាងនោះជាដើម។ ប៉ុន្តែអ្នករិះគន់រឿងសិទ្ធិមនុស្សនោះ មិនដែលបានចាប់អារម្មណ៍សោះឡើយចំពោះបញ្ហាសិទ្ធិរបស់សត្វ ឬសិទ្ធដើមឈើ ដែលសកម្មជនអ្នកការពារសិទ្ធិសត្វ និងសិទ្ធរុក្ខជាតិ បានជួនប្រទះជាញឹកញាប់ក្នុងការបំពេញការងាររបស់ខ្លួន។
ទាក់ទងនឹងរឿងសិទ្ធិសត្វ និងសិទ្ធរុក្ខជាតិនេះ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ដែលជាឧទ្យានជាតិមួយស្ថិតនៅក្នុងស្រុកឆែប នៃខេត្តព្រះវិហារនោះ បានមានប្រសាសន៍ថា “ ជាធម្មតាមនុស្សចូលចិត្តនិយាយតែអំពីរឿងសិទ្ធមនុស្សតែម្យ៉ាងប៉ុណ្ណោះ ហើយមិនចូលចិត្តនិយាយ និងមិនសូវផ្តល់តំលៃដល់អ្នកដែលការពារសិទ្ធិរបស់សត្វ និងសិទ្ធិរុក្ខជាតិទេ” ។ លោកបានបន្តទៀតថា “ ក្នុងការបំពេញការងាររបស់ក្រុមការពារឧទ្យាននៅពេលសព្វថ្ងៃនេះ គឺប្រឈមនឹងការខ្វះខាតខ្លាំងណាស់ ហើយក៏ប្រឈមនឹងគ្រោះថា្នក់ច្រើនណាស់ដែរ ព្រោះថាអ្នកដែលធ្លាប់កាប់ឈើលក់ ហើយមិនបានកាប់វិញនោះ គេមានការខឹងក្រោធជាមួយក្រុមអ្នកការពារព្រៃឈើណាស់ ម្យ៉ាងវិញទៀត ពលរដ្ឋអ្នកដែលរស់នៅជិតបរិវេននៃឧទ្យាននោះ ក៏មិនសូវជាមានការយល់ដឹងអំពីតម្លៃនៃការពារ ឬការអភិរក្សព្រៃឈើរដែរ អីចឹងហើយ ក្រុមការងារឧទ្យានប្រឈមមុខទាំងជាមួយនឹងអ្នកដែលបាត់បង់ប្រយោជន៍ផង ប្រឈមមុខនឹងពលរដ្ឋដែលមិនទាន់បានយល់ដឹងអំពីតម្លៃនៃការងាររបស់ក្រុមការពារឧទ្យានផង ជាពិសេសប្រឈមមុខនឹងការមិនសូវផ្តល់តម្លៃអំពីអ្នកដែលចូលចិត្តនិយាយអំពីរឿងសិទ្ធិមនុស្ស តែបំភ្លេចសិទ្ធសត្វ និងសិទ្ធរុក្ខជាតិផងដែរ”។
សិទ្ធិមនុស្ស សិទ្ធិសត្វ និងសិទ្ធិធរុក្ខជាតិ សុទ្ធតែសំខាន់សម្រាប់ភពផែនដីនេះ យើងមិនត្រូវសំលឹងតែមួយចំណុច ឬមើលតែមួយចំណុច ហើយធ្វើការរិះគន់ជារួមនោះទេ ព្រោះថា អ្នកខ្លះមិនបាននិយាយថាគេជាអ្នកការពារសិទ្ធិមនុស្ស ឬជាសកម្មជនសិទ្ធិមនុស្សនោះទេ តែពួកគេបានលះបង់ពេលវេលា កំលាំងកាយ កំលាំងចិត្ត ជាពិសេសសុភមង្គលគ្រួសារ ដើម្បីទៅបំពេញការងារជាអ្នកការពារព្រៃឈើ ជាអ្នកផ្តល់សេចក្តីសុខដល់សត្វ តាយរយៈការជីកស្រះទឹកដើម្បីឱ្យសត្វព្រៃមានទឹកផឹក មានព្រៃជាទីជម្រក ជាពិសេស គឺការរក្សាព្រៃឈើដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយទៀត។ សកម្មភាពសង្ខេបខាងលើនេះ សុទ្ធតែជារឿងសំខាន់សម្រាប់ជាតិ និងសម្រាប់ភពផែននេះ ដូច្នេះ បើសិនជាអ្នកគិតថា អ្នកជាអ្នកស្រលាញ់សិទ្ធិមនុស្សនោះ សូមចែករំលែកក្តីស្រលាញ់របស់អ្នក ជាមួយសត្វ និងរុក្ខជាតិ ដែលជាចំណែកមួយសំខាន់នៃផែនដីរបស់យើងផង។
RAC Media ( ដោយលោកស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...