ព័ត៌មាន

«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»

2018-08-14 11:34:09 ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 06:34 PM
អ្នកមើល 4805
post_detail

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យ​​សភា​កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានបញ្ជាក់និងក្រើនរំលឹកដល់មន្ត្រីរាជការថា បញ្ហាវត្តមាន​ក្នុង​ម៉ោងធ្វើការងារក្នុងនាមជាមន្ត្រីរាជការស៊ីវិល ជាបញ្ហាដែលវិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ហើយបញ្ហានេះក៏ជាមូលដ្ឋាន​​ចំបងមួយសម្រាប់ធ្វើការវាយតម្លៃការងាររបស់មន្ត្រីរាជការគ្រប់រូបដែរ។ ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើក​ទឹកចិត្តមន្ត្រីឱ្យតាំងចិត្តបំពេញភារកិច្ចទៅតាមមុខងារ និងភារកិច្ចរបស់ខ្លួន មិនត្រូវអវត្តមានពីកន្លែងការងារ និងរង់ចាំ​តែ​បើក​ប្រាក់ខែនោះទេ។ ក្នុងនាមជាមន្ត្រីរាជការ​ត្រូវបំពេញការងាររបស់ខ្លួនតាមសហលក្ខន្តិកៈមន្ត្រីរាជការ និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័​នឱ្យខ្ជាប់ខ្ជួន។ សមិទ្ធផល​ការងារជាបញ្ហាសំខាន់ តែវត្តមានមកបំពេញការងារក៏សំខាន់ តែក្នុងករណីត្រូវចុះបេសកកម្មស្រាវជ្រាវ មន្ត្រីចុះបេសកកម្ម ត្រូវផ្តល់ព័ត៌មាន កាលវិភាគ ឬមានលិខិតស្នាមច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំតាមវិទ្យាស្ថាន និងស្ថាប័នសាម៉ីឱ្យបានដឹង ហើយត្រូវបំពេញភារកិច្ចដោយការទទួលខុសត្រូវ។នៅចុងឆ្នាំ២០១៧ រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ចេញគោលការណ៍ណែនាំ​ លេខ៨២៨/១៧ របសក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការពង្រឹងវិន័យ និងវត្តមានបម្រើការងាររបស់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងផ្សព្វផ្សាយជូនដល់វិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការរបស់ខ្លួនរួចទៅហើយ។ គោលការណ៍ណែនាំលេខ៨២៦/១៧ របសក នៅតែជាគោលការណ៍សំខាន់មួយ​ក្នុងការលើកកំពស់ប្រសិទ្ធភាពក្នុងការបំពេញការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនៅព្រឹកម៉ិញ ក៏មិនមែនជាកិច្ចប្រជុំលើកទីមួយ ក្នុងការក្រើនរំលឹកដល់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភកម្ពុជានោះដែរ តែជាការក្រើនរំលឹកពីការអនុវត្តគោលការណ៍តាមសេចក្តីសម្រេចរបស់ថ្នាក់​ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន ក្នុងគោលបំណងជំរុញ​ប្រសិទ្ធភាពក្នុងការបំពេញការងារ និងសមិទ្ធផលការងាររបស់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជាឱ្យស្របតាមអភិក្រមទាំងប្រាំចំណុចរបស់ប្រមុខរដ្ឋាភិបាល​គឺ៖ ១. ឆ្លុះកញ្ចក់, ២. ងូតទឹក, ៣. ដុសក្អែល, ៤. ព្យាបាល, ៥. វះកាត់។


សូមបញ្ជាក់ថា កន្លងមកនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងពង្រឹងវិន័យការងារ រាជបណ្ឌិត្យសភាកម្ពុជា បានអនុវត្ត​បទបញ្ញតិ្តស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការជាបន្តបន្ទាប់ទៅលើមន្ត្រី ដែលមានឈ្មោះតែមិន​មកបំពេញការងារ រង់ចាំបើកតែប្រាក់ខែរដ្ឋ ដោយបានធ្វើសេចក្តីរាយការណ៍ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផល សេចក្តីសម្រេចបានប្រកាសជាផ្លូវការ បានលុបឈ្មោះមន្ត្រីរាជការចំនួន ២រូប មានករណីព្យួរ​ការងារដោយបញ្ញតិ្តដល់មន្ត្រី ២រូប និងមាន​ករណីមួយចំនួនទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការ​អនុវត្តការដាក់ពិន័យចំពោះលើមន្ត្រីអសកម្មមួយចំនួនស្របទៅតាមគោលការណ៍មានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការ និងបទបញ្ជាផ្ទៃក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងករណីដែលប្រធានវិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធ​សាម៉ី និងអ្នកទទួលបន្ទុកគ្រប់គ្រងវត្តមាន ផ្សំគំនិតជាមួយមន្ត្រីបិទបាំងការពារមន្ត្រីអសកម្ម នោះប្រធានវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធសាម៉ី និងអ្នកគ្រប់គ្រងវត្តមាន ត្រូវទទួលខុសត្រូវទទួល​បទពិន័យជំនួស​មន្ត្រីដែលអសកម្មនោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាបទពិន័យទៅតាមករណីជាក់ស្តែង៕

RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ...

2022-09-20 02:25:19   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 09:25 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលគណៈប្រតិភូវៀតណាមសម្រាប់សន្និសីទអន្តរជាតិលើកទី៩

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀ...

2022-09-19 09:15:25   ថ្ងៃចន្ទ, 19 កញ្ញា 2022 ម៉ោង 04:15 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជំនួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សន ថានូថាមម៉ាវង់ ប្រធានបណ្ឌិត...

2022-09-19 08:42:45   ថ្ងៃចន្ទ, 19 កញ្ញា 2022 ម៉ោង 03:42 PM
វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម

វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។...

2022-09-07 11:30:28   ថ្ងៃពុធ, 07 កញ្ញា 2022 ម៉ោង 06:30 PM
ជំនួបប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌានៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្...

2022-08-30 09:23:40   ថ្ងៃអង្គារ, 30 សីហា 2022 ម៉ោង 04:23 PM
ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ...

2022-08-29 14:57:49   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:57 PM

សេចក្តីប្រកាស