ព័ត៌មាន

«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»

2018-08-14 11:34:09 ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 06:34 PM
អ្នកមើល 4761
post_detail

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យ​​សភា​កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានបញ្ជាក់និងក្រើនរំលឹកដល់មន្ត្រីរាជការថា បញ្ហាវត្តមាន​ក្នុង​ម៉ោងធ្វើការងារក្នុងនាមជាមន្ត្រីរាជការស៊ីវិល ជាបញ្ហាដែលវិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ហើយបញ្ហានេះក៏ជាមូលដ្ឋាន​​ចំបងមួយសម្រាប់ធ្វើការវាយតម្លៃការងាររបស់មន្ត្រីរាជការគ្រប់រូបដែរ។ ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើក​ទឹកចិត្តមន្ត្រីឱ្យតាំងចិត្តបំពេញភារកិច្ចទៅតាមមុខងារ និងភារកិច្ចរបស់ខ្លួន មិនត្រូវអវត្តមានពីកន្លែងការងារ និងរង់ចាំ​តែ​បើក​ប្រាក់ខែនោះទេ។ ក្នុងនាមជាមន្ត្រីរាជការ​ត្រូវបំពេញការងាររបស់ខ្លួនតាមសហលក្ខន្តិកៈមន្ត្រីរាជការ និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័​នឱ្យខ្ជាប់ខ្ជួន។ សមិទ្ធផល​ការងារជាបញ្ហាសំខាន់ តែវត្តមានមកបំពេញការងារក៏សំខាន់ តែក្នុងករណីត្រូវចុះបេសកកម្មស្រាវជ្រាវ មន្ត្រីចុះបេសកកម្ម ត្រូវផ្តល់ព័ត៌មាន កាលវិភាគ ឬមានលិខិតស្នាមច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំតាមវិទ្យាស្ថាន និងស្ថាប័នសាម៉ីឱ្យបានដឹង ហើយត្រូវបំពេញភារកិច្ចដោយការទទួលខុសត្រូវ។នៅចុងឆ្នាំ២០១៧ រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ចេញគោលការណ៍ណែនាំ​ លេខ៨២៨/១៧ របសក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការពង្រឹងវិន័យ និងវត្តមានបម្រើការងាររបស់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងផ្សព្វផ្សាយជូនដល់វិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការរបស់ខ្លួនរួចទៅហើយ។ គោលការណ៍ណែនាំលេខ៨២៦/១៧ របសក នៅតែជាគោលការណ៍សំខាន់មួយ​ក្នុងការលើកកំពស់ប្រសិទ្ធភាពក្នុងការបំពេញការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនៅព្រឹកម៉ិញ ក៏មិនមែនជាកិច្ចប្រជុំលើកទីមួយ ក្នុងការក្រើនរំលឹកដល់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភកម្ពុជានោះដែរ តែជាការក្រើនរំលឹកពីការអនុវត្តគោលការណ៍តាមសេចក្តីសម្រេចរបស់ថ្នាក់​ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន ក្នុងគោលបំណងជំរុញ​ប្រសិទ្ធភាពក្នុងការបំពេញការងារ និងសមិទ្ធផលការងាររបស់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជាឱ្យស្របតាមអភិក្រមទាំងប្រាំចំណុចរបស់ប្រមុខរដ្ឋាភិបាល​គឺ៖ ១. ឆ្លុះកញ្ចក់, ២. ងូតទឹក, ៣. ដុសក្អែល, ៤. ព្យាបាល, ៥. វះកាត់។


សូមបញ្ជាក់ថា កន្លងមកនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងពង្រឹងវិន័យការងារ រាជបណ្ឌិត្យសភាកម្ពុជា បានអនុវត្ត​បទបញ្ញតិ្តស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការជាបន្តបន្ទាប់ទៅលើមន្ត្រី ដែលមានឈ្មោះតែមិន​មកបំពេញការងារ រង់ចាំបើកតែប្រាក់ខែរដ្ឋ ដោយបានធ្វើសេចក្តីរាយការណ៍ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផល សេចក្តីសម្រេចបានប្រកាសជាផ្លូវការ បានលុបឈ្មោះមន្ត្រីរាជការចំនួន ២រូប មានករណីព្យួរ​ការងារដោយបញ្ញតិ្តដល់មន្ត្រី ២រូប និងមាន​ករណីមួយចំនួនទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការ​អនុវត្តការដាក់ពិន័យចំពោះលើមន្ត្រីអសកម្មមួយចំនួនស្របទៅតាមគោលការណ៍មានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការ និងបទបញ្ជាផ្ទៃក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងករណីដែលប្រធានវិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធ​សាម៉ី និងអ្នកទទួលបន្ទុកគ្រប់គ្រងវត្តមាន ផ្សំគំនិតជាមួយមន្ត្រីបិទបាំងការពារមន្ត្រីអសកម្ម នោះប្រធានវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធសាម៉ី និងអ្នកគ្រប់គ្រងវត្តមាន ត្រូវទទួលខុសត្រូវទទួល​បទពិន័យជំនួស​មន្ត្រីដែលអសកម្មនោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាបទពិន័យទៅតាមករណីជាក់ស្តែង៕

RAC Media

អត្ថបទទាក់ទង

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី៤) អត្ថបទដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរំឭកថានៅក្នុងភាគទី១ យើងបានបង្ហាញអំពីកិច្ចសហការបារាំង-ខ្មែរខាងកងទ័ពជើងគោកនៅចុងសតវត្សរ៍ទី១៩ និងក្នុងសង្គ្រាមលោកលើកទី១ ដែលមានយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តខ្មែរជាច្រើនរយនាក់ ឱ្យទៅជួយច្បាំងនៅប្រទេ...

2019-03-11 04:10:28   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
ទោសប្រហារជីវិត៖ ប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ការវិភាគរបស់អ្នកវិភាគ៣រូប

ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ ក្រោយពីទទួលបានការផ្ដល់ជាមតិជាច្រើនទាក់ទងទៅនឹងបំណងធ្វើប្រជាមតិដើម្បីសម្រេចថា តើគួរមានច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភសេពសន្ថវៈលើសាច់ញាតិរបស់ខ្លួនដែរឬទេនោ...

2019-03-11 04:10:26   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
«រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញពីរបកគំហើញសិលាចារឹកថ្មីមួយនៅវត្តពោធិមុនី»

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាពីសិលាចារឹកថ្មីមួយដោយផ្ទាល់នៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស...

2019-03-11 03:19:19   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 10:19 AM
«សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងអំពីលទ្ធភាពដែលកម្ពុជាគួរមានទោសប្រហារជីវិត»

ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោ...

2019-03-10 07:09:24   ថ្ងៃអាទិត្យ, 10 មីនា 2019 ម៉ោង 02:09 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន 0៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០២ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត កាលពីថ្ងៃអង្គារ ៥រោច ខ...

2019-03-08 07:05:09   ថ្ងៃសុក្រ, 08 មីនា 2019 ម៉ោង 02:05 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ១កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​​ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្...

2019-03-07 14:04:36   ថ្ងៃព្រហស្បតិ៍, 07 មីនា 2019 ម៉ោង 09:04 PM

សេចក្តីប្រកាស