Royal Academy of Cambodia
ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន សម្រាប់រយៈពេល៣ឆ្នាំ ជ្រើសរើសនិស្សិតអាហាររូបករណ៍កម្ពុជា ទៅសិក្សាជំនាញសំខាន់៣ គឺ៖ ផ្នែកអគ្គិសនី, ផ្នែកជួសជុលនិងតម្លើងរថយន្ត និង ផ្នែកគ្រូមតេយ្យភាសាចិន។
និស្សិតដែលត្រូវជ្រើសរើសទៅសិក្សានៅប្រទេសចិនទាំង១១០នាក់ ក្រោមការឧបត្ថម្ភរបស់សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស នឹងត្រូវទទួលបានការសិក្សាភាសាចិនកម្រិតមូលដ្ឋានចំនួន២ខែ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មុននឹងចេញទៅសិក្សាជំនាញបច្ចេកទេសនៅប្រទេសចិន។ សូមបញ្ជាក់ថា ឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិសុខមាភាពសាធារណៈកម្ពុជា-ចិន បានជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អំពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងសុំការសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំការបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដល់និស្សិតកម្ពុជាទាំងនេះ។ ដោយមានការឯកភាពពីឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា និស្សិតទាំង១១០នាក់ នឹងសិក្សាភាសាចិនរយៈពេល២ខែ មុននឹងបន្តបេសកកម្មរបស់ខ្លួនទៅសិក្សាជំនាញបច្ចេកទេស សម្រាប់យកមកបម្រើជាតិមាតុភូមិកម្ពុជាវិញ។ បើពិនិត្យទៅពេលវេលានៃការបណ្តុះបណ្តាលនេះហាក់ដូចជាតិច តែនិស្សិតដែលទទួលអាហារូបករណ៍ទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការសិក្សាភាសាចិននេះរួចមកហើយ និងចេះភាសាចិនរួចហើយ។
និស្សិតដែលទទួលបានអាហារូបករណ៍ គឺទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីភាគីចិន ដូចជា សំបុត្រយន្តហោះទៅមកកម្ពុជា-ចិនម្តងក្នុង១ឆ្នាំ ថ្លៃសិក្សា កន្លែងស្នាក់នៅ សូម្បីធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលទទួលបានអាហារូបករណ៍ ជាដើម។ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា នឹងខិតខំស្នើសុំអាហារូបករណ៍ពីភាគីចិនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេស។ ធនធានមនុស្សជារឿងសំខាន់ជាងគេ អ្នកដែលទៅសិក្សានៅប្រទេសចិន ត្រូវតែធ្វើជាសិស្សគំរូល្អ និងជួយរំឭកដាស់តឿនគ្នា ខិតខំរៀនសូត្រ ជាគំរូដល់សិស្សដែលមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀត។
(ឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន)
បើតាមលោក Xu Dian Wei អគ្គលេខាធិការ «Overseas Chinese Charity Foundation of China (OCCFC)» សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស បានបញ្ជាក់ដែរថា នៅក្នុងកម្មវិធីអាហារូបករណ៍នេះ និស្សិតនឹងចូលរួមរយៈពេល ៣ឆ្នាំ ហើយនៅឆ្នាំនីមួយៗ និស្សិតនឹងត្រូវទទួលការសិក្សា៦ខែនៅគ្រឹះស្ថានសិក្សា និង៦ខែទៀត ត្រូវចុះទៅអនុវត្តផ្ទាល់នៅតាមរោងចក្រសហគ្រាសនានា។ លោក បានបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សា នឹងមានសមត្ថភាពបំពេញការងារជាអ្នកគ្រប់គ្រង តាមជំនាញឯកទេសរបស់ខ្លួន។ និស្សិតកម្ពុជា ដែលទទួលអាហារូបរណ៍ទាំងអស់ អាចដាក់ពាក្យជ្រើសរើសគ្រឹះស្ថានសិក្សា តាមជំនាញ ក្នុងចំណោមគ្រឹះស្ថានសិក្សា ដូចខាងក្រោម៖
១. សាលាបច្ចេកទេសវិស្វកម្មមេកានិច និងអគ្គិសនី (Technical College of Mechanical and Electrical Engineering)
២. សាលាបច្ចេកទេសអភិរក្ស (Conservancy Technical College)
៣. វិទ្យាស្ថានបច្ចេកវិជ្ជា Wuhu (Wuhu Institute of Technology)
៤. សាលាអប់រំក្មេងមិនទាន់គ្រប់អាយុចូលរៀន HEFEI (HEFEI Preschool Education College)
នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកទឹកចិត្តដល់និស្សិតឱ្យគិតគូរពីជោគវាសនារបស់ខ្លួន ខិតខំសិក្សា ដើម្បីក្លាយជាធនធានមានតម្លៃសម្រាប់ជួយដល់ប្រទេសរបស់ខ្លួន។ តើរៀនជំនាញរួចហើយធ្វើការឱ្យគេ ឬបង្កើតការងារមួយសម្រាប់ខ្លួនឯង និងអ្នកជុំវិញ។ ឧទាហរណ៍ អ្នកទៅរៀនជំនាញគ្រូមតេយ្យភាសាចិន តើរៀនចប់ត្រឡប់មកវិញ ត្រូវទៅធ្វើការឱ្យគេ ឬ បង្កើតការងារខ្លួនឯង? នៅកម្ពុជា មានកូនចៅចិនច្រើនណាស់ ហើយទាំងនេះ សុទ្ធតែជាឱកាសដែលត្រូវចាប់យក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បញ្ជាក់ដែរថា «ធ្វើការឱ្យគេបានប្រាក់ខែរាប់ពាន់ តែបើធ្វើការឱ្យខ្លួនឯង ធ្វើការបានត្រឹម៣០០ដុល្លារ ក៏មានតម្លៃដែរ ហើយការងារនេះ នឹងបង្រៀនយើងឱ្យក្លាយជាសហគ្រិន គ្រប់គ្រងអាជីវកម្មល្អមួយ ល្អជាជាងស៊ីប្រាក់ពីគេ។
សូមបញ្ជាក់ដែរនេះជាកម្មវិធីផ្តល់អាហារូបករណ៍លើកទី២ ហើយបន្ទាប់ពីកម្មវិធីផ្តល់អាហារូបករណ៍លើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៨ កន្លងមកសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតចំនួន៤៩នាក់ទៅសិក្សានៅគ្រឹះស្ថានទាំងនោះ។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស Overseas Chinese Charity Foundation of China (OCCFC) ផ្តល់ជូនចំនួន២០០នាក់ ប៉ុន្តែសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតត្រឹមតែចំនួន១១០នាក់ សម្រាប់ទៅសិក្សាជំនាញទាំងបីខាងលើ។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទីព្រឹក នៅសាសនាងនួន អាគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...