ព័ត៌មាន

សិស្ស និស្សិតកម្ពុជា ១១០នាក់ ទទួលអាហារូបករណ៍និងសិក្សាភាសាចិននៅវិទ្យាស្ថានខុងជឺ មុនចេញទៅសិក្សាជំនាញនៅប្រទេសចិន

2019-03-04 03:46:03 ថ្ងៃចន្ទ, 04 មីនា 2019 ម៉ោង 10:46 AM
អ្នកមើល 3125
post_detail

ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន សម្រាប់រយៈពេល៣ឆ្នាំ ជ្រើសរើសនិស្សិតអាហាររូបករណ៍កម្ពុជា ទៅសិក្សាជំនាញសំខាន់៣ គឺ៖ ផ្នែកអគ្គិសនី, ផ្នែកជួសជុលនិងតម្លើងរថយន្ត និង ផ្នែកគ្រូមតេយ្យភាសាចិន។ 

និស្សិតដែលត្រូវជ្រើសរើសទៅសិក្សានៅប្រទេសចិនទាំង១១០នាក់ ក្រោមការឧបត្ថម្ភរបស់សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស នឹងត្រូវទទួលបានការសិក្សាភាសាចិនកម្រិតមូលដ្ឋានចំនួន២ខែ នៅវិទ្យាស្ថាន​ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មុននឹងចេញទៅសិក្សាជំនាញបច្ចេកទេសនៅប្រទេសចិន។ សូមបញ្ជាក់ថា ឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិសុខមាភាពសាធារណៈកម្ពុជា-ចិន បានជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ ទូច អំពីការផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា និង​សុំការសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំការបណ្តុះបណ្តាលភាសាចិន​កម្រិតដំបូងដល់និស្សិតកម្ពុជាទាំងនេះ។ ដោយមានការឯកភាពពីឯកឧត្តម​ប្រធាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា និស្សិតទាំង​១១០នាក់ នឹងសិក្សាភាសាចិនរយៈពេល២ខែ មុននឹងបន្តបេសកកម្ម​របស់ខ្លួន​ទៅសិក្សាជំនាញបច្ចេកទេស សម្រាប់​​យកមកបម្រើជាតិមាតុភូមិកម្ពុជាវិញ។ បើពិនិត្យទៅ​ពេលវេលានៃការបណ្តុះបណ្តាលនេះហាក់ដូចជាតិច តែ​និស្សិតដែល​ទទួលអាហារូបករណ៍ទាំងអស់ សុទ្ធ​តែធ្លាប់ឆ្លងកាត់ការសិក្សាភាសាចិននេះរួចមកហើយ និង​ចេះ​ភាសា​ចិនរួចហើយ។

និស្សិតដែលទទួលបានអាហារូបករណ៍ គឺទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីភាគីចិន ដូចជា សំបុត្រ​​យន្តហោះ​ទៅមកកម្ពុជា-ចិនម្តងក្នុង១ឆ្នាំ ថ្លៃសិក្សា កន្លែងស្នាក់នៅ សូម្បីធានា​រ៉ាប់រងសុខភាព ក្នុង​អំឡុង​ពេល​ទទួល​បានអាហារូបករណ៍ ជាដើម។ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា នឹងខិតខំស្នើ​សុំ​អាហារូបករណ៍​ពី​ភាគី​ចិន​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា សម្រាប់​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស។ ធនធានមនុស្សជារឿងសំខាន់ជាងគេ អ្នក​ដែលទៅ​សិក្សា​នៅ​​ប្រទេសចិន ត្រូវតែធ្វើជាសិស្សគំរូល្អ និងជួយ​រំឭក​ដាស់តឿនគ្នា ខិតខំរៀនសូត្រ ជាគំរូដល់សិស្ស​ដែល​មក​ពីបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ​            

(ឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន)

បើតាមលោក Xu Dian Wei អគ្គលេខាធិការ «Overseas Chinese Charity Foundation of China (OCCFC)» សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស បានបញ្ជាក់ដែរថា នៅក្នុងកម្មវិធី​អាហារូបករណ៍​នេះ និស្សិតនឹងចូលរួមរយៈពេល ៣ឆ្នាំ ហើយនៅឆ្នាំ​នីមួយៗ និស្សិតនឹងត្រូវ​ទទួល​ការសិក្សា​៦ខែ​​នៅគ្រឹះស្ថានសិក្សា​ និង៦ខែទៀត ត្រូវចុះទៅ​អនុវត្ត​ផ្ទាល់នៅ​តាម​រោងចក្រ​សហគ្រាស​នានា។ លោក បាន​បញ្ជាក់ថា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា នឹងមានសមត្ថភាពបំពេញ​ការងារ​ជាអ្នក​គ្រប់គ្រង តាម​ជំនាញ​ឯកទេសរបស់ខ្លួន។ និស្សិតកម្ពុជា ដែលទទួលអាហារូបរណ៍ទាំងអស់ អាចដាក់ពាក្យជ្រើសរើសគ្រឹះស្ថានសិក្សា តាមជំនាញ ក្នុងចំណោមគ្រឹះស្ថានសិក្សា ដូចខាងក្រោម៖

១. សាលាបច្ចេកទេសវិស្វកម្មមេកានិច និងអគ្គិសនី (Technical College of Mechanical and Electrical Engineering)
២. សាលាបច្ចេកទេសអភិរក្ស (Conservancy Technical College)
៣. វិទ្យាស្ថានបច្ចេកវិជ្ជា Wuhu (Wuhu Institute of Technology)
៤. សាលាអប់រំក្មេងមិនទាន់គ្រប់អាយុចូលរៀន HEFEI (HEFEI Preschool Education College)

នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បាន​លើក​ទឹកចិត្ត​ដល់និស្សិតឱ្យគិតគូរ​ពីជោគវាសនារបស់ខ្លួន ខិតខំសិក្សា ដើម្បីក្លាយជាធនធានមាន​តម្លៃ​សម្រាប់​ជួយដល់​ប្រទេស​របស់ខ្លួន។ តើរៀនជំនាញរួចហើយធ្វើការឱ្យគេ ឬបង្កើតការងារមួយ​សម្រាប់​ខ្លួនឯង និងអ្នកជុំវិញ។ ឧទាហរណ៍ អ្នកទៅរៀនជំនាញគ្រូមតេយ្យភាសាចិន តើរៀនចប់ត្រឡប់មកវិញ ត្រូវទៅធ្វើការឱ្យគេ ឬ បង្កើតការងារខ្លួនឯង? នៅកម្ពុជា​ មានកូនចៅចិនច្រើនណាស់ ហើយទាំងនេះ សុទ្ធ​តែ​ជាឱកាសដែលត្រូវចាប់យក។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ក៏បញ្ជាក់ដែរថា «ធ្វើការឱ្យ​គេបាន​ប្រាក់ខែ​រាប់ពាន់ តែបើធ្វើការឱ្យខ្លួនឯង ធ្វើការបាន​ត្រឹម៣០០ដុល្លារ ក៏​មាន​តម្លៃដែរ ហើយការងារនេះ នឹងបង្រៀន​យើង​ឱ្យ​ក្លាយជាសហគ្រិន គ្រប់គ្រងអាជីវកម្មល្អមួយ ល្អជា​ជាង​ស៊ីប្រាក់​ពីគេ។ 

សូមបញ្ជាក់ដែរនេះជាកម្មវិធីផ្តល់អាហារូបករណ៍លើកទី២ ហើយបន្ទាប់ពីកម្មវិធីផ្តល់​អាហារូបករណ៍​លើក​ទី​១​ ​ធ្វើ​ឡើងកាលពីឆ្នាំ២០១៨ កន្លងមកសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតចំនួន៤៩នាក់ទៅសិក្សានៅគ្រឹះស្ថានទាំងនោះ។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស Overseas Chinese Charity Foundation of China (OCCFC) ផ្តល់ជូនចំនួន២០០នាក់ ប៉ុន្តែសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតត្រឹមតែចំនួន១១០នាក់ សម្រាប់ទៅសិក្សាជំនាញទាំងបីខាងលើ។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទីព្រឹក នៅសាសនាងនួន អាគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media 


អត្ថបទទាក់ទង

«កត្តាដែលនាំឱ្យរីកចម្រើនសេដ្ឋកិច្ចចិន»

(រូបភាព៖ JOHNSON, P. 2018, www.financial-world.org)បើតាមការសិក្សាស្រាវជ្រាវរបស់លោក ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចចិន បានកើនសន្ទុះខ្លាំង...

2019-03-27 03:12:11   ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:12 AM
«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...

2019-03-26 10:58:37   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 05:58 PM
ក្រុមហ៊ុនរបស់ស៊ុយអែត រួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជា អភិរក្សធនធានធម្មជាតិក្នុងឧទ្យានឫស្សីត្រឹប

នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...

2019-03-26 09:52:04   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 04:52 PM
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង The Room Design Studio និង រាជបណ្ឌិត្យសភាកម្ពុជា

វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...

2019-03-26 09:38:59   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 04:38 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...

2019-03-25 11:16:09   ថ្ងៃចន្ទ, 25 មីនា 2019 ម៉ោង 06:16 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូ​វសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព​ (Maréchal J...

2019-03-25 07:51:25   ថ្ងៃចន្ទ, 25 មីនា 2019 ម៉ោង 02:51 PM

សេចក្តីប្រកាស